៦ វិធីសាស្រ្ត ដែលម្តាយគួរធ្វើក្នុងពេលមានផ្ទៃពោះ ដើម្បីឱ្យកូនកើតមកមានភាពវៃឆ្លាត !
តាមលក្ខណៈហ្សែន ទារកដែលកើតមកគឺទទួលបានកេរ្តិ៍លក្ខណៈសម្បត្តិពីឪពុកម្តាយពួកគេ ប៉ុន្តែរបៀបរស់នៅរបស់ម្តាយអាចជះឥទ្ធិពលទៅលើការលូតលាស់ និងការធំធាត់កូនក្នុងពោះបាន ។ ភាពស្ត្រេស ទម្លាប់ញ៉ាំអាហារ របៀបរស់នៅ និង អ្វីៗគ្រប់យ៉ាងដែលកើតឡើងលើម្តាយសុទ្ធតែអាចបញ្ជាក់លក្ខណៈរបស់កូនក្នុងពោះបានទាំងអស់ ។ យ៉ាងណាមិញ ការដែលមានទម្លាប់ឆ្លាតវៃខាងក្រោមនេះ ត្រូវបានគេរកឃើញថាមានឥទ្ធិពលវិជ្ជមានចំពោះខួរក្បាល និង ការលូតលាស់របស់រាងកាយកូនបានយ៉ាងល្អ ៖
១-រស់នៅឲ្យសកម្ម
ការមានផ្ទៃពោះមិនមែនមានន័យថា អ្នកត្រូវតែអង្គុយលើសាឡុង និង ញ៉ាំជាប់រហូតឡើយ ។ ស្ត្រីមានផ្ទៃពោះត្រូវតែហាត់ប្រាណខ្លះជារៀងរាល់ថ្ងៃ ដើម្បីអាចបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ ការទល់លាមក ការធាត់ពេក បន្ថយរយៈពេលក្នុងការសម្រាល ទប់ស្កាត់ការចាញ់កូន និង រឿងជាច្រើនទៀត ។ ការហាត់ប្រាណនឹងជួយបញ្ចេញអ័រម៉ូនសប្បាយចិត្ត ដែលអាចឆ្លងចូលទៅក្នុងសុកហើយចូលទៅកូនបាន ហើយរឿងនេះក៏ជួយបង្កើនរំហូរឈាមដើម្បីជួយដល់ការលូតលាស់របស់កូនអ្នកដែរ ។ ដូច្នេះចូរចាប់ផ្តើមទម្លាប់នេះឲ្យហើយទៅ ។
២-ប៉ះពាល់នឹងពន្លឺព្រះអាទិត្យ
ធម្មជាតិមានវិធីរបស់វាក្នុងការថែរក្សាកូនក្នុងផ្ទៃអ្នក ដោយវិតាមីន D ដែលបានមកពីពន្លឺព្រះអាទិត្យអាចជួយដល់ការធំធាត់ឆ្អឹងរបស់កូន ប៉ុន្តែមិនមែនតម្រូវឲ្យអ្នកគេងអាំងថ្ងៃឡើយ ។ ចូរមានទម្លាប់អង្គុយ ឬ ដើរក្រោមពន្លឺព្រះអាទិត្យរយៈពេលតែ ២០ នាទី ជារៀងរាល់ថ្ងៃទៅបានហើយ ។
៣-ម៉ាស្សាក្បាលពោះ
ចូរប៉ះពាល់ និង ម៉ាស្សាក្បាលពោះអ្នកថ្នមៗ ។ វាមានបន្ទាត់ខ្លាញ់ស្តើងមួយ និង ជាលិកានៅចន្លោះអ្នក និង កូន ។ ចាប់ពីសប្តាហ៍ទី ២០ ទៅ កូនអាចមានអារម្មណ៍ដឹងការប៉ះពាល់ និង ការអង្អែលរបស់អ្នក ដូច្នេះចូរម៉ាស្សាពីលើចុះក្រោម និង ក្រោមឡើងលើ ដោយប្រើប្រេងផ្លែអាម៉ុនដើម្បីស្រដុសថ្នមៗ ។
៤-ស្តាប់ចម្រៀងដែលពិរោះៗ
ចម្រៀងដែលជួយឲ្យអារម្មណ៍អ្នកធូរស្រាល ក៏អាចជួយសម្រួលអារម្មណ៍កូនក្នុងផ្ទៃដែរ ។ វាអាចជួយជំរុញដល់ការបញ្ចេញអ័រម៉ូនជាច្រើនដូចជា Serotonin ដែលមិនគ្រាន់តែជួយសម្រួលដល់អារម្មណ៍ល្អប៉ុណ្ណោះទេ តែក៏ធ្វើឲ្យកូនសប្បាយចិត្តដែរ ។ អ្នកអាចប្រើកាសស្តាប់ចម្រៀងធំៗដាក់លើក្បាលពោះដើម្បីឲ្យកូនអាចស្តាប់ឮរយៈពេលខ្លី (កន្លះម៉ោងអីបានហើយ) ជារៀងរាល់ថ្ងៃ ។
៥-និយាយជាមួយកូន
អ្នកមិនបាច់មានអារម្មណ៍ថាខ្មាសអៀនអីក្នុងការនិយាយជាមួយកូនដែលកំពុងតែស្ថិតក្នុងផ្ទៃនៅឡើយនោះ ។ ទារកនឹងលូតលាស់អារម្មណ៍នៃការស្តាប់លឺចាប់ពីអាយុបាន ២៣ សប្តាហ៍ទៅ ។ ចង្វាក់បេះដូងរបស់អ្នកនឹងក្លាយទៅជាចម្រៀងប្រចាំថ្ងៃសម្រាប់គេ ហើយគេក៏អាចស្តាប់អ្នកនិយាយបានទៀត ។ ទារកដែលឧស្សាហ៍ស្តាប់ចម្រៀង និង តន្ត្រីដដែលៗកាលពីនៅក្នុងផ្ទៃ ប្រហែលជាឆ្លើយតបនឹងចម្រៀង ឬ តន្ត្រីទាំងនោះលឿនក្រោយពីពួកគេកើតរួច ។ ចូរធ្វើទំនាក់ទំនងជាមួយកូនអ្នកតាមរយៈការច្រៀង ជជែក និង អានសៀវភៅ ហើយគេប្រហែលជាឆ្លើយតបវិញតាមរយៈការរើរ និង ធាក់ ។
៦-បង្កើតនូវការផ្លាស់ប្តូររសជាតិ
របបអាហារអ្នកអាចបង្កើតបានជារសជាតិ និង ការចង់ញ៉ាំអាហាររបស់កូនបាន ។ ពន្លកស្រង់រសជាតិចាប់ផ្តើមលូតលាស់នៅពេលកូនអាយុបាន ១២ សប្តាហ៍ ។ ចាប់តាំងពីកូនអ្នកបឺតស្រូបទឹកភ្លោះដែលនៅជុំវិញគេមក អាហារដែលអ្នកញ៉ាំ ដូចជា ការ៉ុតអាចផ្តល់រសជាតិដល់ទឹកភ្លោះនោះដែរ ។ រឿងនេះប្រហែលជាធ្វើឲ្យកូនអ្នកចូលចិត្តទឹកការ៉ុតផង ។
បើសិនជាអ្នកមានផ្ទៃពោះប្រកបដោយភាពឆ្លាតវៃ យកល្អ គួរតែមានរបបអាហារដែលមានតុល្យភាព ហាត់ប្រាណទៀងទាត់តិចតួច និង ចៀសវាងទម្លាប់អាក្រក់ (ជក់បារី និង ញ៉ាំគ្រឿងស្រវឹង) នោះ កូននឹងកើតមកទទួលបានអត្ថប្រយោជន៍ខ្លាំងបំផុត ហើយមានសុខភាពល្អទៀត ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com