ចង់ឃើញស្នាមញញឹមដ៏គួរឱ្យក្នាញ់របស់កូន តើអ្នកគួរធ្វើអ្វីខ្លះ ?
ការញញឹមរបស់ទារក ជាពិសេសការញញឹមជាលើកដំបូង គឺជាអំណោយដ៏ល្អបំផុតមួយសម្រាប់ឪពុកម្តាយថ្មីថ្មោង។ ដូច្នេះតើពេលណាទើបទារកចេះញញឹមទៅ? ជឿឬអត់ថា កូនអ្នកប្រហែលជាកំពុងតែញញឹមយូរហើយតាំងពីគេនៅក្នុងពោះអ្នកម្លេះ។ ការញញឹមដំបូងទាំងនេះមិនមែនកើតឡើងដោយអារម្មណ៍ ឬឆ្លើយតបនឹងអ្វីមួយឡើយ តែវាគ្រាន់តែជាការញាក់ ឬរ៉េផ្លិចដូចគ្នានឹងការកន្ត្រាក់ដៃ និងជើងប៉ុណ្ណោះ។ ប៉ុន្តែមិនយូរទេ កូនអ្នកនឹងចេះញញឹមពិតប្រាកដ ហើយជាការញញឹមដោយសារអារម្មណ៍ចង់ដែរ។
ប្រភេទនៃការលូតលាស់៖ សង្គម ការមើលឃើញ និងអារម្មណ៍
ការញញឹមពិតប្រាកដ និងដំបូងរបស់កូនអ្នកមានន័យច្រើនណាស់ចំពោះការលូតលាស់របស់គេ។ វាជាសញ្ញាមួយបញ្ជាក់ថា ការមើលឃើញរបស់គេកាន់តែច្បាស់ ហើយក៏អាចសម្គាល់ទឹកមុខអ្នកដែរ។ ខួរក្បាល និងប្រព័ន្ធសសៃប្រសាទគេបានលូតលាស់គ្រប់គ្រាន់ក្នុងការបញ្ចេញទឹកមុខញញឹម ហើយគេក៏អាចប្រើវិធីនេះដើម្បីទំនាក់ទំនងជាមួយអ្នកដទៃដែរ។ គេក៏ចាប់ផ្តើមយល់ថា អារម្មណ៍នេះជាការទំនាក់ទំនងដែរ។ ដូច្នេះគេនឹងញញឹមដើម្បីបង្ហាញអំពីអារម្មណ៍សប្បាយចិត្ត ភ្ញាក់ផ្អើល និងរីករាយ។
ពេលដែលរំពឹងថាមានការញញឹមកើតឡើង
ការរ៉េផ្លិចញញឹមរបស់កូនអ្នកនឹងបាត់ទៅវិញនៅពេលគេអាយុបាន ២ខែ ហើយការញញឹមពិតប្រាកដដំបូងគេ នឹងកើតឡើងនៅពេលដែលគេអាយុបាន ៦ ទៅ ១២សប្តាហ៍។ ពេលនោះ ការញញឹមរបស់គេអាចមានទៅតាមពេលវេលា។ ម្យ៉ាងវិញទៀត ការញញឹមពិតប្រាកដរបស់គេកើតឡើងដើម្បីឆ្លើយតបនឹងអ្វីមួយដូចជា មើលឃើញមុខម្តាយគេ ឬលឺសម្លេងបងប្អូនគេ ហើយក៏អាចញញឹមជាប់ដែរ។
បើសិនជាអ្នកនៅតែចង់ឃើញស្នាមញញឹមរបស់កូនអ្នកទៀត អ្នកអាចឧស្សាហ៍ប្រើខ្សែភ្នែក សម្លេង និងញញឹមដាក់គេច្រើន នោះ គេនឹងញញឹមរកអ្នកកាន់តែច្រើនដែរហើយ។ ការដែលធ្វើមុខ ឬសម្លេងគួរឲ្យចង់សោច ក៏ជាវិធីជំរុញដល់ស្នាមញញឹមរបស់គេដែរ។ ប៉ុន្តែត្រូវចាំថា កុំធ្វើច្រើនជ្រុលពេក ព្រោះអាចធ្វើឲ្យគេលែងចាប់អារម្មណ៍ដែរ។
ការញញឹមសំខាន់ៗដែលឪពុកម្តាយគួរតែរំពឹងថានឹងកើតឡើយ
នៅពេលដែលកូនអ្នកពិតជាចេះញញឹមមែន គេនឹងធ្វើម្តងហើយម្តងទៀត។ ដំបូងឡើយ មុខពោរពេញដោយការសប្បាយចិត្តរបស់កូនតូចអ្នកនឹងឆ្លើយតបនឹងសម្លេងលាយនឹងទឹកមុខរបស់អ្នក។ ដូច្នេះហើយ គេប្រហែលជាចង់ជួបវាបន្ថែមទៀត ដូចជា ការស្តាប់សម្លេងបំពេររបស់អ្នក ឬនិយាយចេកចាចជាមួយគេដើម្បីដូរខោទឹកនោមជាដើម។ ក្រោយមកទៀត នៅពេល ភ្នែកគេមើលឃើញកាន់តែច្បាស់ហើយ ការដែលមើលឃើញមុខមនុស្សពីរនាក់ដែលគេចូលចិត្ត គឺគ្រប់គ្រាន់នឹងធ្វើឲ្យគេញញឹមណាស់។ អ្នកក៏នឹងក្លាយទៅជាមនុស្សម្នាក់ដែលធ្វើឲ្យកូនញញឹមច្រើនបំផុតដែរ។ ចំពោះអ្នកដទៃវិញ អាចប្រើពេលច្រើនជាងនេះ អាចរហូតដល់ ៦ខែអីទើបបាន ដោយសារតែមិនស្គាល់។ ដល់ពេលដែលក្មេងអនុវត្តញញឹមកាន់តែច្រើន និងរីករាយពេលឃើញប្រតិកម្មរបស់មនុស្សជុំវិញខ្លួន ពេលនោះគេនឹងចាប់ផ្តើមបញ្ចេញសម្លេងបន្ថែមទៀតជាមួយនឹងស្នាមញញឹមរបស់គេដែរ ឬសើចលឺៗទៀងផង។
ការដែលមិនទាន់ឃើញកូនចេះញញឹម មិនមែនមានន័យថា គេមិនសប្បាយចិត្ត ឬមានអ្វីមួយខុសប្រក្រតីចំពោះគេឡើយ។ ទារកនឹងត្រូវឆ្លងកាត់ការលូតលាស់ក្នុងពេលវេលាខុសៗគ្នា ហើយខ្លះក៏ប្រហែលជាត្រូវការពេលយូរជាងគេពីរបីសប្តាហ៍ថែមទៀតដែរ។ ប៉ុន្តែបើសិនជាកូនអ្នកមិនញញឹមនៅអាយុ ៣ខែទេ ចូរនាំគេទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងវាយតម្លៃផងទៅ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
( ប្រភព ៖ parents )