តើអ្នកគួរធ្វើអ្វីខ្លះ ដើម្បីជួយឱ្យកូនតូចគេងសម្រាកបានគ្រប់គ្រាន់ ?
របៀបរបបនៃការគេងធម្មតាសម្រាប់ទារកទើបនឹងកើត
ជាធម្មតាទារកទើបនឹងកើតត្រូវការគេងច្រើនណាស់ អាចចាប់ពី ១៦ ទៅ១៧ម៉ោងក្នុងមួយថ្ងៃឯណោះ។ ប៉ុន្តែទារកភាគច្រើនមិនអាចគេងច្រើនជាងពីរទៅបួនម៉ោងក្នុងមួយដង មួយថ្ងៃ ឬមួយយប់ទេ ក្នុងរយៈពេលពីរបីសប្តាហ៍ដំបូងនៃជីវិត។ អ្នកគួរតែរំពឹងឲ្យហើយទៅថា ទារកទើបនឹងកើតគឺគេងច្រើន គេងមិនទៀងទាត់ និងអស់កម្លាំង។ ក្នុងនាមជាឪពុកម្តាយថ្មីថ្មោង អ្នកប្រហែលជាត្រូវភ្ញាក់ច្រើនដងនៅពេលយប់ដើម្បីផ្លាស់ប្តូរខោទឹកនោម បំបៅកូន និងលួងគេកុំឲ្យយំ។
ហេតុអ្វីបានជាទារកទើបនឹងកើតគេងមិនទៀងទាត់អ៊ីចឹង?
វដ្តនៃការគេងរបស់ទារកគឺមានរយៈពេលខ្លីជាងមនុស្សធំខ្លាំងណាស់ ហើយទារកត្រូវការពេលច្រើនដើម្បីគេងលក់ ដែលវាជារឿងសំខាន់សម្រាប់ការលូតលាស់នូវរឿងអ្វីលើសពីធម្មតាក្នុងខួរក្បាលរបស់ពួកគេ។ រាល់ការដែលមិនអាចទាយទុកមុនបែបនេះ គឺសំខាន់ណាស់សម្រាប់ទារក ហើយវាក៏មិនមានរយៈពេលយូរអ្វីច្រើនដែរ។ មើលទៅ វាអាចធ្វើឲ្យអ្នកគេងមិនបានគ្រប់គ្រាន់ច្រើនគួរសមដែរ។
ពេលណាដែលកូនអ្នកនឹងចាប់ផ្តើមគេងយូរជាងនេះទៅ?
នៅពេលកូនអាយុបាន ៦ ទៅ៨សប្តាហ៍ ទារកភាគច្រើនចាប់ផ្តើមគេងខ្លីទៅៗនៅពេលថ្ងៃ និងគេយូរនៅពេលយប់ ថ្វីបើទារកភាគច្រើននៅតែបន្តភ្ញាក់ដើម្បីបៅបន្ថែមនៅពេលយប់ក៏ដោយ។ ពួកគេក៏អាចនឹងគេងលក់រយៈពេលខ្លី និងគេងលក់ស្កប់ស្កល់រយៈពេលវែងដែរ។ ពេលខ្លះ ដល់គេអាយុបាន ៤ទៅ៦ខែ ទារកភាគច្រើនអាចគេងរហូតដល់ ៨ ទៅ១២ម៉ោងក្នុងមួយយប់ឯណោះ។ ទារកទើបនឹងកើតខ្លះអាចគេងរយៈពេលយូរនៅពេលយប់កាលណាគេអាយុបាន ៦សប្តាហ៍ ប៉ុន្តែទារកភាគច្រើនមិនទាន់មានការធំធាត់នៅឡើយទេ លុះត្រាតែគេអាយុបាន ៥ ទៅ៦ខែ ហើយទារកខ្លះទៀតនៅតែបន្តភ្ញាក់នៅពេលយប់ទៀតទោះបីជាគេចេះដើរតេសតាសហើយក៏ដោយ។
ធ្វើម៉េចទើបអាចធ្វើឲ្យកូនមានទម្លាប់គេងដ៏ល្អបាន?
ឲ្យកូនគេងថ្ងៃញឹកញាប់៖ សម្រាប់អាយុ ៦ ទៅ ៨សប្តាហ៍ដំបូង ទារកភាគច្រើនតែមិនអាចទ្រាំមិនគេងយូរជាង ២ម៉ោងឡើយ។ បើសិនជាអ្នកមិនអាចរងចាំយូរជាងនេះបាន ចូរដាក់ឲ្យកូនគេងទៅ ហើយពេលនោះគេអាចនឹងអស់កម្លាំង ហើយងងុយគេងដែរ។
បង្រៀនកូនអ្នកអំពីភាពខុសគ្នារវាងថ្ងៃនិងយប់
ទារកទើបនឹងកើតខ្លះអាចនឹងមិនព្រមគេងនៅពេលយប់ ហើយក៏ធ្វើឲ្យឪពុកម្តាយមិនអាចគេងបានដែរ។ សម្រាប់រយៈពេលពីរបីថ្ងៃដំបូង អ្នកនឹងមិនអាចធ្វើអ្វីច្រើនចំពោះរឿងនេះឡើយ។ ប៉ុន្តែនៅពេលកូនអាយុបានប្រហែល ២សប្តាហ៍ហើយ អ្នកអាចចាប់ផ្តើមបង្រៀនគេឲ្យដឹងថាពេលណា ជាពេលយប់ និងពេលណាជាពេលថ្ងៃ។
នៅពេលភ្ញាក់ពីគេងនៅពេលថ្ងៃ ចូរលេងជាមួយកូនឲ្យបានច្រើនតាមតែអាចធ្វើបាន បើកភ្លើង ឬឲ្យមានពន្លឺចូលក្នុងបន្ទប់គេឲ្យបានច្រើន ហើយកុំបារម្ភអំពីការលឺសម្លេងរញ៉រញ៉ៃនៅពេលថ្ងៃដូចជា សម្លេងទូរស័ព្ទ ចម្រៀង ឬអ្វីអូរអរច្រើនអី។ បើសិនជាគេគេងដោយសារតែបៅ ចូរដាសគេឲ្យភ្ញាក់ផង។
នៅពេលយប់ ចូរកុំលេងជាមួយគេនៅពេលភ្ញាក់អី។ ចូរបន្ថយសម្លេង និងពន្លឺភ្លើង ព្រមទាំងកុំចំណាយពេលច្រើននិយាយលេងជាមួយគេអី។
រកមើលសញ្ញាដែលកូនហត់អស់កម្លាំង៖ តើគេញីភ្នែកទេ តើគេទាញស្លឹកត្រចៀកទេ ឬយំច្រើនជាងធម្មតាទេ? បើសិនជាអ្នករកឃើញអាការៈទាំងនេះ ឬអាការៈផ្សេងៗទៀតនៃការងងុយគេង ចូរដាក់គេឲ្យគេងទៅ។ អ្នកនឹងមានវិញ្ញាណទីប្រាំមួយដែលអាចដឹងអំពីចង្វាក់នៃការចង់គេងរបស់គេជាមិនខាន។
ចូរគិតទៅលើទម្លាប់នៃការគេងរបស់កូន៖ វាមិនដែលយឺតពេលទេ ក្នុងការចាប់ផ្តើមទម្លាប់គេងរបស់កូន។ វាអាចជារឿងសាមញ្ញទេដែលឲ្យកូនផ្លាស់ប្តូរម៉ោងគេង ច្រៀងបំពេរ និងថើបគេពេលគេង។
ចូរដាក់ឲ្យគេគេងនៅពេលងងុយទោះគេងមិនលក់ក៏ដោយ៖ ដល់ពេលកូនអាយុ ៦ ទៅ៨សប្តាហ៍ អ្នកអាចចាប់ផ្តើមឲ្យគេងដើម្បីងងុយគេងដោយខ្លួនឯងបាន។ សួរថាធ្វើយ៉ាងម៉េចទៅ? ចូរដាក់ឲ្យគេគេងលេងៗរហូតដល់ងងុយ។ ពេលនោះ ទារកនឹងរៀនចេះដឹងអំពីទម្លាប់នៃការគេងរបស់គេ។ អ្វីដែលឪពុកម្តាយច្រើនតែធ្វើនោះគឺ បំបៅកូនបណ្តើរឲ្យកូនគេងបណ្តើរតែម្តង៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
( ប្រភព ៖ babycenter )