គន្លឹះតិចតួចដែលអ្នកមិនចាប់អារម្មណ៍ តែអាចជួយអភិវឌ្ឍខួរក្បាលទារកយ៉ាងឡូយ !
ការលូតលាស់របស់ទារកមិនដែលបញ្ឈប់ឡើយ ទោះបីជាចេញពីក្នុងផ្ទៃរបស់ម្តាយក៏ដោយ។ ហើយថ្វីបើដំណាក់កាលលូតលាស់របស់ពួកគេកើនឡើងក្នុងដំណាក់កាលភ្លាមៗនៃជីវិតក៏ដោយ គ្រាន់តែវាបន្ថយល្បឿន តែមិនមែនបញ្ឈប់ឡើយ។ ពិតណាស់ ក្នុងនាមជាឪពុកម្តាយ វាគឺជាទំនួលខុសត្រូវរបស់អ្នកក្នុងការណែនាំ និង ជំរុញដល់កូនឱ្យមានការលូតលាស់បានច្រើនបំផុតតាមតែអាចធ្វើទៅបាន។ ខាងក្រោមនេះខ្ញុំសូមណែនាំនូវគន្លឹះខ្លះៗ ដែលអ្នកអាចជួយដល់ការលូតលាស់របស់កូនតូចៗរបស់អ្នកបាន ជាពិសេសខួរក្បាលរបស់ពួកគេតែម្តង៖
ភ្ញោចដល់ការមើលឃើញរបស់ទារក
ក្នុងរយៈពេលពីរបីខែដំបូងនៃជីវិត ការប្រើភ្នែកធ្វើទំនាក់ទំនងរបស់ក្មេងអាចជួយពង្រឹងដល់ភាពរឹងមាំរបស់ភ្នែកគេបាន។ វិធីសាស្ត្រនេះនឹងបង្រៀនគេឲ្យចេះសម្គាល់ទឹកមុខ និង ការបង្ហាញទឹកមុខផង ។ អ្នកស្រាវជ្រាវនិយាយថា វាក៏អាចជួយដោះស្រាយបញ្ហាជាច្រើន ព្រមទាំងធ្វើទំនាក់ទំនងជាមួយអ្នកដែរ។
ឆ្លើយតបពេលកូនយំ
ក្មេងៗច្រើនតែយំនៅពេលឃ្លាន ខ្លាចឬមានអារម្មណ៍ថាអ្វីមួយខុសធម្មតា។ ដើម្បីជួយដល់ការលូតលាស់ខួរក្បាលរបស់គេ ចូរប្រាកដថា អ្នកបានឆ្លើយតបនឹងការយំរបស់ក្មេងលឿនបំផុតតាមតែអាចធ្វើទៅបាន។ ចូរកុំឲ្យគេយំយូរពេក ព្រោះវាអាចប៉ះពាល់ដល់សតិអារម្មណ៍ និង ផ្លូវចិត្តរបស់គេបាន។ ចូរបីត្រកងគេឡើង ហើយនិយាយលួងគេឲ្យបានច្រើនបំផុតតាមតែអាចធ្វើបាន ព្រោះវានឹងជួយឲ្យគេសម្គាល់ដឹងថា អ្វីទៅដែលធ្វើឲ្យគេមានផាសុកភាព។
និយាយអំពីហេតុ និង ផល
បើសិនជាកូនអ្នកអាយុបានមួយទៅពីរឆ្នាំហើយ ការបង្ហាញគេអំពីហេតុ និង ផល នឹងជួយឲ្យគេយល់ដឹងថា អ្វីទៅជាគុណសម្បត្តិ និង គុណវិបត្តិនៃអ្វីដែលពួកគេបានធ្វើ។ ចូរចាប់ផ្តើមដោយការនិយាយប្រាប់គេ និងធ្វើនូវរឿងដែលអ្នកចង់បញ្ជាក់ឲ្យគេដឹងទៅ។ ពេលនោះ គេនឹងដឹងការពិត ថាអ្វីៗកើតឡើងល្អឬអត់ហើយ។
បង្កើតភាពជឿជាក់
វិធីសាស្ត្រមួយទៀតក្នុងការជំរុញដល់ការអភិវឌ្ឍន៍ខួរក្បាលទារកដែរគឺ ការបង្កើនភាពជឿជាក់ឲ្យបានលឿន។ កូនអ្នកនឹងធ្វើការស្រាវជ្រាវ និង ចង់ដឹងរឿងថ្មីៗកាន់តែច្រើននៅពេលដែលគេមានអារម្មណ៍ថាជឿជាក់លើអ្នកហើយនោះ។
កុំសូវឲ្យមើលទៅរទូរទស្សន៍អី
ឪពុកម្តាយមួយចំនួនមាននិន្នាការឲ្យកូនខ្លួនមើលទូរទស្សន៍ដោយសង្ឃឹមថា វានឹងផ្តល់ជាការកម្សាន្តតិចតួចដល់គេ។ ថ្វីបើរឿងនេះភាគច្រើនគឺអ៊ីចឹងមែនក៏ដោយ តែវានឹងមិនអាចបង្កើតទំនាក់ទំនងរវាងកូននិងអ្នកឡើយ។ ការសិក្សាបានបង្ហាញថា អ្នកដែលឲ្យកូនឆាប់មើលទូរទស្សន៍ពេក គឺមិនសូវយកចិត្តទុកដាក់លើការសិក្សា៕
( ប្រភព ៖ healthdigezt )