ពពោះគេងមិនគ្រប់ មកដឹងគន្លឹះខ្លះៗ អនុវត្តហើយគេងលក់ស្រួល មានកម្លាំង អារម្មណ៍ស្រស់ស្រាយ
អំឡុងពពោះ ការបង្កើតទម្លាប់គេងបានគ្រប់គ្រាន់ មានប្រយោជន៍ជួយបង្កើនថាមពលរាងកាយ និង អារម្មណ៍។ ពីមួយត្រីមាសទៅមួយត្រីមាស ស្ត្រីនឹងសម្គាល់ការគេងមានការផ្លាស់ប្តូរ ជាពិសេសពិបាកគេងបំផុតនៅអំឡុងត្រីមាសទី ៣ ។ មុនប្រាប់ពីគន្លឹះជួយឱ្យគេងគ្រប់គ្រាន់ ជាដំបូងយើងមកស្វែងយល់ទាំងអស់គ្នា អំពីការគេងទៅតាមត្រីមាសនីមួយៗ៖
ត្រីមាសទី ១ ៖ អំឡុងចាប់ផ្តើមមានគភ៌ ស្ត្រីមានអារម្មណ៍ចង់គេងច្រើនជាងធម្មតា នេះក៏ដោយសារតែសុកចាប់ផ្តើមលូតលាស់។ ដូចនេះបើគេងបានកាន់តែច្រើន គឺកាន់តែល្អ។
ត្រីមាសទី ២ ៖ អំឡុងនេះតម្រូវការគេង អាចដូចគ្នាទៅនឹងការគេងមុនពេលមានផ្ទៃពោះ។ តែដោយសារទារកលូតលាស់ វាអាចចាប់ផ្តើមរំខានដល់ដំណេកដូចជា ឧស្សាហ៍ភ្ញាក់ ក្រោកទៅបន្ទប់ទឹកជាដើម។
ត្រីមាសទី ៣ ៖ អារម្មណ៍អស់កម្លាំងនឹងកើតមានឡើង ដោយសារគេងមិនបានគ្រប់គ្រាន់។ ស្ត្រីអាចកង្វះការគេងមកពីកត្តាជាច្រើនដូចជា៖ ចុកចង្កេះ និង ឆ្អឹងខ្នង, ទារកក្នុងផ្ទៃធាក់, រមួលក្រពើ, នោមញឹកជាងមុន, ឡើងទម្ងន់ និង គ្រប់ខែតែមិនទាន់សម្រាល។
ដើម្បីជួយដំណេកគ្រប់គ្រាន់មកវិញ ស្ត្រីអាចអនុវត្តតាមវិធីដូចជា៖
១. មុនចូលគេងបន្ធូរអារម្មណ៍ ធ្វើចិត្តឱ្យស្ងប់ ជៀសវាងការគិតច្រើន។
២. រក្សាម៉ោងចូលគេង និង ម៉ោងភ្ញាក់ឱ្យបានទៀងទាត់។
៣. ជៀសវាងមើលឧបករណ៍អេឡិចត្រូនិច ហោចណាស់មួយម៉ោងមុនចូលគេង។ បើកាត់មិនបាន អាចបន្ថយពន្លឺពីឧបករណ៍ឱ្យនៅកម្រិតទាបបំផុត។
៤. កាត់បន្ថយជាតិកាហ្វេអ៊ីន។
៥. កាត់បន្ថយស្ត្រេសតាមរយៈការធ្វើលំហាត់ប្រាណ ហាត់យូហ្គា ម៉ាស្សា ឬ សមាធិ។
៦. គេងផ្អៀង និង មានខ្នើយកល់ឱ្យស្រួលខ្លួន។
៧. ផឹកទឹកឱ្យបានច្រើនដើម្បីកាត់បន្ថយកើតរមួលក្រពើ។
អនុវត្តវិធីទាំងនេះជាប្រចាំ វានឹងបង្កើតទម្លាប់ធ្វើឱ្យគេងបានស្ងប់ គេងបានគ្រប់គ្រាន់ ហើយភ្ញាក់មកវិញជាមួយថាមពល និង អារម្មណ៍ស្រស់ស្រាយ៕
ប្រភព៖ Cleveland