ម៉ាក់ៗពពោះធ្វើសកម្មភាព ១០ យ៉ាងនេះ អាចជួយឱ្យខួរក្បាលកូនឆ្លាតតាំងពីនៅក្នុងពោះ
អ្នកម្តាយណាដែលថាមិនចង់បានកូនកើតមកឆ្លាត។ ជាការពិតណាស់ ការជួយឱ្យខួរក្បាលកូនឆ្លាតតាំងពីនៅក្នុងពោះ ពិតជាមានប្រយោជន៍ដល់ពួកគេនៅពេលធំឡើង។ ការផ្តល់សារធាតុចិញ្ចឹមត្រឹមត្រូវ ទម្លាប់រស់នៅ និង តួនាទីថែខ្លួនអំឡុងពពោះ គឺជាគ្រឹះដ៏សំខាន់សម្រាប់រឿងមួយនេះ។ ផ្អែកតាមការណែនាំដោយអ្នកជំនាញ អ្នកម្តាយពពោះគ្រាន់តែធ្វើសកម្មភាព ១០ យ៉ាងនេះ វានឹងអាចជួយដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់ទារក។
១. រក្សាតុល្យភាពរបបអាហារ
ការរក្សារបបអាហារឱ្យមានតុល្យភាព មានប្រយោជន៍ផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍន៍ខួរក្បាលទារក។ អាហារដែលជាប្រភពសារធាតុចិញ្ចឹមរួមមាន៖ បន្លែ, ផ្លែឈើ, គ្រាប់ធញ្ញជាតិ និង ពពួកប្រូតេអ៊ីនគ្មានខ្លាញ់។ អ្នកម្តាយត្រូវប្រាកដផងដែរ ដោយទទួលយកគ្រប់គ្រាន់នូវសារធាតុសំខាន់ៗដូចជា៖ ជាតិដែក, កាល់ស្យូម និង វីតាមីន D។
២. ប្រើវីតាមីនបំប៉នគភ៌
ប្រើវីតាមីនបំប៉នគភ៌ ឬ Prenatal Vitamins ដើម្បីប្រាកដថាទាំងម្តាយ និង កូនក្នុងផ្ទៃទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ជាតិអាស៊ីត folate ដែលមាននៅក្នុងវីតាមីនបំប៉នគភ៌ គឺពិតជាមានសារៈសំខាន់ ដែលវាជួយការពារពីពិការភាពបំពង់សរសៃប្រសាទ និង ជំរុញដល់ការអភិវឌ្ឍន៍ខួរក្បាលទារក។
៣. ផឹកទឹក
ការបំពេញជាតិទឹកបានគ្រប់គ្រាន់មានប្រយោជន៍ចំពោះសុខភាពទូទៅ និង ការអភិវឌ្ឍន៍របស់គភ៌។ ជាពិសេស ជាតិទឹកអាចជួយបញ្ជូនសារធាតុចិញ្ចឹមទៅកាន់ទារកកាន់តែប្រសើរឡើង។ ដូច្នេះ ហោចណាស់ផឹកទឹកឱ្យបាន ៨ កែវក្នុងមួយថ្ងៃ។
៤. ធ្វើលំហាត់ប្រាណជាប្រចាំ
ការធ្វើលំហាត់ប្រាណអាចជួយជំរុញលំហូរឈាមទៅកាន់សុក ដោយនាំយកទាំងអុកស៊ីហ្សែន និង សារធាតុចិញ្ចឹម។ សកម្មភាពលំហាត់ប្រាណអាចត្រឹម ការដើរ ហែលទឹក និង យូហ្គាសម្រាប់អ្នកមានផ្ទៃពោះ គឺគ្រប់គ្រាន់។ យ៉ាងណាមិញ មុនពេលសម្រេចចិត្តធ្វើលំហាត់ប្រាណណាមួយ អ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យផងដែរ។
៥. គ្រប់គ្រងស្ត្រេស
អារម្មណ៍ស្ត្រេសខ្លាំងអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍ខួរក្បាលទារក។ អនុវត្តការសម្រួលអារម្មណ៍ និង ធ្វើឱ្យអារម្មណ៍សម្រាក ដោយដកដង្ហើមវែងៗឬធ្វើសមាធិជាដើម។ គួរចំណាយពេលជាមួយសកម្មភាពដែលធ្វើឱ្យអ្នករីករាយ និង មានអារម្មណ៍ស្ងប់ល្អ។
៦. ជៀសឆ្ងាយពីសារធាតុបង្កហានិភ័យ
ជាតិអាកុល បារី និង ថ្នាំមានសារធាតុញៀន អាចបង្កហានិភ័យដល់ការអភិវឌ្ឍន៍ខួរក្បាលទារក។ សារធាតុទាំងនេះអាចបង្កឱ្យប្រឈមបញ្ហា ពិការភាពពីកំណើត និង ការមិនអភិវឌ្ឍន៍ទូទៅរបស់ទារក។ អំឡុងពពោះគួរផ្តាច់ខ្លួនឱ្យឆ្ងាយបំផុត។
៧. គេងគ្រប់គ្រាន់
ការគេងមានភាពសំខាន់ចំពោះសុខភាពម្តាយ និង ការអភិវឌ្ឍន៍របស់ទារក។ រយៈពេលគេងដែលគ្រប់គ្រាន់ ហើយល្អបំផុតសម្រាប់ស្ត្រីពពោះគឺ ៧-៩ ម៉ោងរៀងរាល់យប់។ ស្ត្រីអាចប្រើខ្នើយកល់បន្ថែមដើម្បីផ្តល់ផាសុកភាព និង ធ្វើឱ្យការគេងលង់លក់ស្រួល។
៨. តាមដានសុខភាពគភ៌
ការឆែកសុខភាពគភ៌ជាប្រចាំ មានសារៈសំខាន់ចំពោះការតាមដានការអភិវឌ្ឍន៍របស់ទារក។ ការណាត់ជួបគ្រូពេទ្យទៅតាមកាលកំណត់ អាចជួយឱ្យយើងបានដឹងមុន និង រិះរកវិធីទប់ទល់ ក្នុងករណីមានបញ្ហាឬអ្វីមួយមិនប្រក្រតីបម្រុងនឹងកើតឡើង។ គប្បីធ្វើទៅតាមដំបូន្មានរបស់គ្រូពេទ្យ និង ទៅជួបគ្រូពេទ្យតាមកាលកំណត់។
៩. បរិភោគអាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្គា ៣
អាស៊ីតខ្លាញ់អូមេហ្គា ៣ (Omega-3 fatty acids) មានប្រយោជន៍សំខាន់សម្រាប់ការអភិវឌ្ឍន៍ខួរក្បាលទារក។ ស្ត្រីអាចបញ្ចូលអាហារសម្បូរសារធាតុនេះ ទៅក្នុងអាហារប្រចាំថ្ងៃ ក្នុងនោះរួមមាន៖ ត្រី, គ្រាប់ flaxseeds និង គ្រាប់វ៉ល់ណាត់។ បើមិនពូកែហូបអាហារទាំងនេះ ស្ត្រីអាចប្រឹក្សាជាមួយគ្រូពេទ្យជ្រើសរើសផលិតផល Omega-3 fatty acids ណាដែលស័ក្តិសមចំពោះខ្លួនបំផុត។
១០. សកម្មភាពបង្កើនប្រាជ្ញា
ស្ទើរមិនគួរឱ្យជឿ ការនិយាយ ការអាន និង ការច្រៀងឱ្យកូនស្តាប់ពីក្រៅពោះ អាចជួយរំញោចដល់ការអភិវឌ្ឍន៍ខួរក្បាលទារក។ ជាការពិត សកម្មភាពទាំងនេះអាចជួយបង្កើតចំណងរវាងកូន និង ម្តាយ ហើយវាក៏ជាផ្នែកមួយជំរុញដល់ការលូតលាស់ផ្នែកបញ្ញាស្មារតីរបស់ទារកផងដែរ។ កុំខ្មាស កុំអៀន ចាប់ផ្តើមអនុវត្តពីឥឡូវនេះ!៕
ប្រភព៖ ferticity