ត្រីមាសទី ២ ហើយ តស់! ម៉ាក់ៗមកដឹងពីអាហារជួយដល់ការអភិវឌ្ឍន៍ និង លូតលាស់របស់កូនក្នុងផ្ទៃ
នៅពេលពពោះ ការបរិភោគអាហារសុខភាពល្អ គឺជាការគ្រប់គ្រងរបបអាហារដ៏មានសារៈសំខាន់ ទាំងចំពោះម្តាយខ្លួនឯងផង និង កូនក្នុងផ្ទៃផង។ អាហារដែលម៉ាក់ៗបរិភោគ គប្បីជាប្រភពចម្បងនៃសារធាតុចិញ្ចឹម ហើយការដែលទទួលយកសារធាតុចិញ្ចឹមត្រឹមត្រូវ វាអាចជួយជំរុញដល់ការអភិវឌ្ឍន៍ និង ការលូតលាស់របស់ទារក។
សម្រាប់ស្ត្រីពពោះដល់ត្រីមាសទី ២ អ្នកជំនាញបានណែនាំឱ្យទទួលយកអាហារផ្ទុកទៅដោយសារធាតុសំខាន់ៗពីធម្មជាតិ។ ជាក់ស្តែង សារធាតុផ្គត់ផ្គង់សំខាន់ៗរួមមាន៖ កាបូនអ៊ីដ្រាត, ខ្លាញ់ល្អ, ប្រូតេអ៊ីន, វីតាមីនចម្រុះ, ជាតិរ៉ែ, ជាតិកាកសរសៃ និង ទឹក។
បើតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (United States Department of Agriculture) ចំពោះអាហារល្អសម្រាប់ស្ត្រីពពោះ គេបានផ្តល់ដំបូន្មានឱ្យជ្រើសរើសរបបអាហារដែលស្ថិតនៅក្នុងក្រុមអាហារចំនួន ៥ ។ ក្នុងនោះមាន៖ បន្លែ, ផ្លែឈើ, អាហារធ្វើពីទឹកដោះគោ, គ្រាប់ធញ្ញជាតិ និង អាហារប្រូតេអ៊ីន។
ចំពោះបន្លែមាន៖ ស្ពៃពួយឡេង, ការ៉ុត, ផ្កាខាត់ណាខៀវ, ផ្កាខាត់ណាស, សណ្តែកបារាំង, ដំឡូងឈាមមាន់, ទំពាំងបារាំង, ស្ពៃក្តោបស្វាយ, ស្ពៃក្រញាញ់ និង ដំឡូងជ្វា។
ចំពោះផ្លែឈើមាន៖ ក្រូច, ក្រូចលឿង, ល្ពៅ, ស្វាយទុំ, ផ្លែប៊័រ, ចេក, ពពួកប៊័ររី និង ប៉ោម ។
ចំពោះអាហារធ្វើពីទឹកដោះគោមាន៖ យ៉ាអួរ, ទឹកដោះគោ, ឈីស និង តៅហ៊ូ។
ចំពោះគ្រាប់ធញ្ញជាតិមាន៖ អង្ករ, ស្រូវសាលី, rye, oats, barley, millet និង ពោត។
ចំពោះប្រូតេអ៊ីនមាន៖ សាច់ទ្រូងមាន់, ស៊ុត, យ៉ាអួរ, សាច់គោ, ត្រីសាលម៉ុន, ពពួកគ្រាប់សណ្តែក និង ពពួកគ្រាប់ផ្លែឈើ។
ក្រៅពីទទួលយករបបអាហារត្រឹមត្រូវ នៅអំឡុងត្រីមាសទី ២ អ្នកជំនាញក៏ផ្តល់ដំបូន្មានឱ្យស្ត្រីអនុវត្តទន្ទឹមគ្នានូវការប្រើផលិតផលវីតាមីនបំប៉នគភ៌ ដើម្បីប្រាកដថាទទួលបានវីតាមីន និង សារធាតុចិញ្ចឹមគ្រប់គ្រាន់។ តួយ៉ាង បើតាមការទទួលទាន ស្ត្រីភាគច្រើនទទួលបានតែបរិមាណអាហារច្រើន មានអារម្មណ៍ឆ្អែត តែបរិមាណសារធាតុចិញ្ចឹមមិនទាន់គ្រប់គ្រាន់នៅឡើយ។ ថែមលើសពីនេះ សារធាតុខ្លាញ់អូមេហ្គា ៣ គឺពិតជាមានសារៈសំខាន់ចំពោះទារក ដែលវាជួយដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់ទារកផងដែរ៕
ប្រភព៖ Healthline