ម៉ាក់ៗកត់ចំណាំទាំងអស់គ្នា ការអេកូពិនិត្យផ្ទៃពោះគឺមាន ៤ ដំណាក់កាលសំខាន់ៗ
ស្ត្រីភាគច្រើនអាចនឹងធ្វើអេកូសាស្ត្រ ៣ ទៅ ៤ ដង ឬលើសពីនេះនៅអំឡុងពពោះ។ ចំនួនធ្វើអេកូត្រឹមត្រូវ និង រយៈពេលច្បាស់លាស់ វាផ្អែកទៅលើកត្តាជាច្រើន អាចជាការស្នើពីគ្រូពេទ្យ និង ផ្អែកទៅតាមស្ថានភាពសុខភាព។ ជាក់ស្តែង ក្នុងករណីសង្ស័យទៅលើចំណុចមិនប្រក្រតីអ្វីមួយ គ្រូពេទ្យនឹងផ្តល់ដំបូន្មានឱ្យធ្វើអេកូសាស្ត្រ ដើម្បីរកមុខសញ្ញាស៊ីជម្រៅ។ បើទោះការធ្វើអេកូសាស្ត្រមិនកំណត់ចំនួនជាក់លាក់ តែស្ត្រីអាចកត់ចំណាំទៅលើការធ្វើអេកូ ៤ ដំណាក់កាលសំខាន់ៗដូចខាងក្រោម៖
-ដំណាក់កាលទី ១
ការស្កេននៅត្រីមាសទី ១ ពាក្យបច្ចេកទេសត្រូវបានគេហៅថា Dating Scan ដែលជាការធ្វើអេកូសាស្ត្រដំណាក់កាលដំបូង។ ជាធម្មតាគេធ្វើវាឡើងនៅចន្លោះសប្តាហ៍ទី ៦ ដល់សប្តាហ៍ទី ១៤។ ក្នុងដំណាក់កាលនេះ គ្រូពេទ្យនឹងអេកូទៅលើចំណុចសំខាន់ៗដូចជា៖ បញ្ជាក់ការមានផ្ទៃពោះ, ដឹងពីអាយុគភ៌ និង ពេលគ្រប់ខែ, បញ្ជាក់បើមានកូនភ្លោះ, រកមើលថាតើកូនលូតលាស់នៅក្នុងស្បូនឬក្រៅស្បូន និង កំណត់សញ្ញាដែលអាចមានផលវិបាកផ្សេងៗប៉ះពាល់ដល់កូន។
-ដំណាក់កាលទី ២
ដំណាក់កាលនេះពាក្យបច្ចេកទេសគេហៅថា Nuchal Translucency Scan ឬស្កេនសប្តាហ៍ទី ១២ ដែលវាធ្វើឡើងនៅពេលតាំងគភ៌សប្តាហ៍ទី ១២ នេះឯង។ តែយ៉ាងណាមិញ ស្ត្រីអាចធ្វើវានៅចន្លោះសប្តាហ៍ទី ១១ ដល់សប្តាហ៍ទី ១៣ នៃការមានផ្ទៃពោះ។ អំឡុងពេលស្កេន គ្រូពេទ្យនឹងពិនិត្យត្រង់ចំណុចសំខាន់មួយ ដែលជាកម្រាស់នៃផ្ទៃតូចមួយនៅខាងក្រោយ-ករបស់ទារក ហៅថា Nuchal translucency។ បើវាមានបញ្ហា វាជាមុខសញ្ញាហានិភ័យនៃជំងឺហ្សែនម្យ៉ាងហៅថា ភាពមិនប្រក្រតីនៃក្រូម៉ូសូម។ ការអេកូក្នុងដំណាក់កាលនេះ ក៏ធ្វើឡើងត្រួតពិនិត្យចំណុចផ្សេងៗដូចទៅនឹងដំណាក់កាលទី ១ ផងដែរ។
-ដំណាក់កាលទី ៣
ដំណាក់កាលនេះត្រូវបានគេហៅថា Morphology Scan ដែលធ្វើឡើងនៅចន្លោះសប្តាហ៍ទី ១៨ ដល់សប្តាហ៍ទី ២២។ វាត្រួតពិនិត្យទៅលើចំណុចពិសេសៗរបស់ទារកដូចជា៖ ការអភិវឌ្ឍន៍សរីរាង្គខាងក្នុង, ទំហំ និង អាយុគភ៌, ចង្វាក់បេះដូង, ទីតាំងសុកនៅមាត់ស្បូន, វាស់ប្រវែងស្បូន និង ត្រូវប្រាកដថាស្បូនបិទ។
-ដំណាក់កាលទី ៤
ការធ្វើអេកូចុងក្រោយឬអេកូត្រីមាសទី ៣ ធ្វើឡើងនៅចន្លោះសប្តាហ៍ទី ៣២ ដល់ សប្តាហ៍ទី ៣៦។ គ្រូពេទ្យនឹងអេកូទៅលើចំណុចរួមមាន៖ ឆែកការអភិវឌ្ឍន៍ និង ការបង្វិលក្បាលទារក, បរិមាណទឹកភ្លោះ, ទីតាំងសុក និង រកមើលបញ្ហាដែលអាចកើតឡើងដូចជា៖ ទារកមិនគ្រប់គីឡូ, ពិការភាពពីកំណើត និង បញ្ហាជាមួយទងផ្ចិត៕