អេកូពិនិត្យផ្ទៃពោះ ក្រៅពីឆ្លុះឃើញកូន វាអាចឱ្យយើងដឹងរឿងសំខាន់ ១០ យ៉ាងនេះទៀត
ការធ្វើអេកូសាស្ត្រពិនិត្យផ្ទៃពោះគឺជា នីតិវិធីដែលប្រើប្រាស់រលកសំឡេងដើម្បីបង្កើតរូបភាព មើលឃើញពីការអភិវឌ្ឍន៍របស់ទារកក្នុងផ្ទៃ។ ស្ត្រីភាគច្រើនតែងធ្វើអេកូសាស្ត្រពិនិត្យផ្ទៃពោះនៅអំឡុងត្រីមាសទី ២ ពោល ចាប់ពីសប្តាហ៍ទី ១៨ ដល់សប្តាហ៍ទី ២០។ ស្ត្រីខ្លះបានធ្វើអេកូតាំងពីនៅដើមត្រីមាសទី ១ ឬមុន ១៤ សប្តាហ៍ ដើម្បីបញ្ជាក់ថាពិតជាមានផ្ទៃពោះ អាចដឹងពីអាយុគភ៌ និង ឆែកមើលការលូតលាស់ ក៏ដូចជាការអភិវឌ្ឍន៍របស់ទារក។ ខណៈការធ្វើអេកូពិនិត្យផ្ទៃពោះអាចជារឿងដ៏រំភើបរីករាយ ទន្ទឹមគ្នានេះវាក៏មានអត្ថប្រយោជន៍ជាច្រើនដែលអ្នកម្តាយគួរតែយល់ដឹងផងដែរ។ អត្ថប្រយោជន៍មានដូចជា៖
១. អាចបញ្ជាក់ការមានផ្ទៃពោះថាតើអាចដំណើរទៅមុខដោយរលូនឬអត់។ មានន័យថាអ្វីៗទាំងអស់ប្រក្រតី ហើយចង្វាក់បេះដូងរបស់ទារកលោតផងដែរ។
២. ពិនិត្យក្រែងមានឱកាស មានកូនភ្លោះ ដើម្បីត្រៀមខ្លួនតាមដាន ថែទាំ និង ផ្តល់សារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់។
៣. ពិនិត្យដឹងពីអាយុគភ៌ និង ពេលវេលាគ្រប់ខែសម្រាល។
៤. ពិនិត្យសរីរាង្គ សាច់ដុំ ចលនា និង ការអភិវឌ្ឍន៍ទូទៅរបស់ទារក។
៥. ពិនិត្យរកមើលក្រែងមានបញ្ហាផ្សេងៗដូចជា៖ ការមានគភ៌ក្រៅស្បូន, ការរលូតកូន និង ជំងឺម្យ៉ាងហៅថា ជំងឺកូនពង ឬភាសាបច្ចេកទេស Molar Pregnancy ដែលវាជាដុំសាច់មិនមែនមហារីក និង កើតឡើងក្នុងស្បូន។ ជំងឺនេះចាប់ផ្តើមកើតមាននៅពេលដែលមេជីវិតញី និង ឈ្មោលរលាយចូលគ្នា តែមិនមែនកើតជាអំប្រ៊ីយ៉ុងកូនទេ គឺជាដុំសាច់គីសមិនធម្មតាទៅវិញ។
៦. ពិនិត្យមើលករណីកូនបង្វិលក្បាលមុនពេលកំណត់។
៧. ពិនិត្យប្រវែងរបស់ស្បូន និង ទីតាំងរបស់សុក។
៨. ពិនិត្យសុខភាពទារក។
៩. ឆែកមើលទំហំ និង ការលូតលាស់របស់ទារក។
១០. ពិនិត្យសរីរាង្គត្រគាតដូចជា អូវែ ស្បូន និង មាត់ស្បូន។
ចុះសួរថាតើការធ្វើអេកូសាស្ត្រត្រួតពិនិត្យផ្ទៃពោះប៉ុន្មានដងទើបល្អ? ចំពោះចម្លើយ អ្នកជំនាញផ្នែកសុខភាពស្ត្រីថា វាអាស្រ័យទៅលើស្ថានភាពសុខភាពរបស់ស្ត្រីម្នាក់ៗ ដោយហេតុស្ត្រីមួយចំនួនអាចមានបញ្ហាសុខភាពតាំងពីមុនពពោះដូចជា ជំងឺហឺត ជំងឺទឹកនោមផ្អែម ឬធាត់លើសទម្ងន់ជាដើម។ ដូច្នេះ វាពិតជាចាំបាច់ដែលស្ត្រីគួរគប្បីធ្វើការពិគ្រោះ និង ទៅជួបគ្រូពេទ្យតាមពេលណាត់ឱ្យបានត្រឹមត្រូវ៕
ប្រភព៖ apollo cradle