របៀបពង្រឹងប្រព័ន្ធការពារកូនៗ ដើម្បីបញ្ចៀសពីជំងឺតម្កាត់ផ្សេងៗនៅរដូវកាលនេះ
ទោះវស្សានរដូវកន្លងផុតទៅ តែអាកាសធាតុប្រែប្រួលជួនក្តៅជួនត្រជាក់នៅតែអាចធ្វើឱ្យកូនតូចងាយកើតជំងឺផ្តាសាយ គ្រុនក្តៅ និង ជំងឺឆ្លងផ្សេងៗ។ អាចថាការប្រែប្រួលអាកាសធាតុគឺជាដើមចមមួយផ្នែក ដែលធ្វើឱ្យប្រព័ន្ធរាងកាយចុះខ្សោយ។ ដើម្បីជួយជំរុញប្រព័ន្ធរាងកាយរបស់កូនឡើងវិញ អ្នកម្តាយគ្រប់រូបអាចអនុវត្តតាមវិធីងាយៗដូចខាងក្រោម៖
១. បន្ថែមបន្លែ និង ផ្លែឈើ
បង្កើតទម្លាប់ឱ្យកូនញុំាបន្លែផ្លែឈើដូចជា ស្ត្រូបូរី សណ្តែកបារាំង ក្រូច និងការ៉ុត។ ឱ្យញុំា៥ដងក្នុងមួយថ្ងៃ ដោយអាចកាត់លាយបញ្ចូលគ្នាដាក់ឱ្យញុំាម្តង១ពែងសម្រាប់ក្មេងរាងធំ ឯក្មេងតូចអាចត្រឹម២ស្លាបព្រាកាហ្វេ។ បន្លែផ្លែឈើទាំងនេះសម្បូរទៅដោយ វីតាមីន C និង Carotenoid ដែលអាចជួយជំរុញទៅដល់ប្រព័ន្ធការពារ និងជួយប្រយុទ្ធប្រឆាំងកោសិកាឈាមស ជាពិសេសជំងឺរុំារ៉ៃដែលបង្កទៅជាជំងឺមហារីក និងជំងឺបេះដូងចំពោះក្មេងវ័យជំទង់។
២. ឱ្យគេងគ្រប់គ្រាន់
ការសិក្សាជាច្រើនបង្ហាញថា ពេលក្មេងគេងមិនបានគ្រប់គ្រាន់ វានឹងធ្វើឱ្យប្រព័ន្ធការពាររបស់ពួកគេចុះខ្សោយ។ ដូច្នេះត្រូវប្រាកដថាកូនរបស់អ្នកគេងបានគ្រប់គ្រាន់ ដោយក្មេងទើបកើតគេងឱ្យបាន១៨ម៉ោង ក្មេងទើបចេះដើរគេងឱ្យបាន១២-១៣ ម៉ោង ចំណែកក្មេងធំយ៉ាងហោចណាស់គេងឱ្យបាន១០ម៉ោង។ បើកូនរបស់អ្នក មិនបានគេងថ្ងៃ អ្នកគួរឱ្យពួកគេចូលគេងពីព្រលប់។
៣. ឱ្យបៅទឹកដោះដំបូង
អ្នកជំនាញបានផ្តល់ដំបូន្មានថា ដើម្បីឱ្យទារកមានប្រព័ន្ធការពាររាងកាយខ្លាំង អ្នកម្តាយចាំបាច់ឱ្យកូនបៅទឹកដោះដំបូងហោចណាស់ក៏២ទៅ៣ខែសិនបន្ទាប់ពីកើត។ ទឹកដោះដំបូងសម្បូរទៅដោយសារធាតុចិញ្ចឹមយ៉ាងច្រើន លើសពីជួយជំរុញដល់ប្រព័ន្ធការពាររាងកាយ វាមានប្រយោជន៍ជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗដូចជា ជំងឺរលាកត្រចៀក ជំងឺរាគរូស ងាយប្រតិកម្ម ជំងឺសួត ជំងឺរលាកស្រោមខួរ តម្រងនោម ជំងឺរលាកពោះវៀនធំ និងជំងឺស្លាប់ភ្លាមៗជាដើម។ មិនតែប៉ុណ្ណោះ ទឹកដោះដំបូងជួយបង្កើនថាមពលដល់ខួរក្បាល និងការពារពីជំងឺទឹកនោមផ្អែមផងដែរ។
៤. ធ្វើលំហាត់ប្រាណ
ការហាត់ប្រាណក៏ជាចំណែកមួយជួយដល់សុខភាពកូនផងដែរ។ អ្នកអាចបង្កើតទម្លាប់ដល់កូនៗដោយតែងតែនាំពួកគេទៅហាត់ប្រាណ ឬលេងកីឡាណាមួយដែលជាចំណូលចិត្តរបស់ពួកគេជាជាងនាំពួកគេទៅដើរលេងញុំានេះញុំានោះឥតប្រយោជន៍។
៥. កម្ចាត់មេរោគរាតត្បាត
ត្រូវប្រាកដថាកូនរបស់អ្នកតែងតែមានអនាម័យជានិច្ច។ តែងតែលាងសម្អាតដៃ មុនពេលញុំាបាយ ក្រោយពេលញុំាបាយ ក្រោយពេលទៅលេងខាងក្រៅ ក្រោយពេលចាប់កាន់សត្វចិញ្ចឹម ក្រោយប្រើប្រាស់បន្ទប់ទឹក រួមទាំងរក្សាបន្ទប់គេងឱ្យមានផាសុកភាព និងងូតទឹកឱ្យកូនរាល់ពេលត្រឡប់មកផ្ទះវិញ។ ករណីកូនកើតជំងឺផ្តាសាយឬគ្រុនក្តៅ អ្នកមិនត្រូវយកច្រាសដុសធ្មេញរបស់កូន ដាក់រួមគ្នាជាមួយច្រាសដុសធ្មេញកូនផ្សេងៗឬសមាជិកគ្រួសារឡើយ ព្រោះវីរុសអាចឆ្លងពីច្រាសមួយទៅច្រាសមួយទៀតបានយ៉ាងងាយ។
៦. ជៀសវាងផ្សែងបារី
បើមានសមាជិកណាម្នាក់នៅក្នុងផ្ទះជក់បារី សូមឱ្យពួកគេទៅជក់នៅកន្លែងដែលឆ្ងាយពីកូនរបស់អ្នក ពីព្រោះផ្សែងបារីគឺជាអាវុធកាចសាហាវដែលផ្ទុកទៅដោយជាតិពុលអាចប៉ះពាល់ និងសម្លាប់កោសិកានៅក្នុងរាងកាយ។ កុមារងាយរងផលប៉ះពាល់ជាងមនុស្សវ័យជំទង់ ដោយសារដង្ហើមរបស់ពួកគេដកលឿនជាង ហើយប្រព័ន្ធបន្សាបជាតិពុលរបស់ពួកគេក៏នឹងត្រូវចុះអន់ថយផងដែរ។ ផ្សែងបារី អាចបង្កឱ្យកុមារប្រឈមនឹងជំងឺនានាដូចជា ជំងឺស្លាប់ទាន់ហន់ ជំងឺរលាកទងសួត ជំងឺរលាកត្រចៀក និងជំងឺហឺត។ ជាពិសេសវាអាចប៉ះពាល់ដល់ការវិវឌ្ឍផ្នែកបញ្ញាស្មារតី និងប្រព័ន្ធប្រសាទ។
៧. ជៀសវាងប្រើថ្នាំផ្សះ
ការប្រើថ្នាំផ្សះនៅពេលកូនមានជំងឺ ផ្តាសាយ គ្រុនក្តៅ ឬរលាកបំពង់ក វាមិនមែនជាវិធីល្អនោះទេ ហើយថ្នាំផ្សះក៏នឹងបង្កផលប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយផងដែរ។ ។ ថ្នាំផ្សះមានតួនាទីប្រើសម្រាប់ព្យាបាលតែជំងឺបង្កដោយបាក់តេរីប៉ុណ្ណោះ ខណៈដែលជំងឺរបស់កុមារភាគច្រើនបង្កដោយវីរុស។ ដូចនេះ នៅពេលចេញវេជ្ជបញ្ជាថ្នាំលេប ត្រូវប្រាកដថាថ្នាំផ្សះប្រើសម្រាប់តែពេលចាំបាច់ប៉ុណ្ណោះ៕