
តើការប្រែប្រួលពណ៌នៃទឹកដោះម្តាយ ប្រាប់ពីសញ្ញាអ្វីខ្លះ?
នៅពេលកូនកើតមកភ្លាម អ្នកម្តាយតែងបំបៅទឹកដោះដំបូងដើម្បីផ្តល់សារធាតុចិញ្ចឹម ក៏ដូចជាជួយឱ្យកូនសុខភាពរឹងមាំជៀសឆ្ងាយពីជំងឺផ្សេងៗទៅថ្ងៃមុខ។ តាមធម្មតាទឹកដោះម្តាយនឹងប្រែប្រួលពណ៌ទៅតាមដំណាក់កាល។ ចាប់ផ្តើមពីដំណាក់កាលដំបូង ទឹកដោះមានពណ៌លឿងជួនអាចឡើងពណ៌ទឹកក្រូច បន្ទាប់មក ៣ ទៅ ៤ ថ្ងៃក្រោយ នឹងប្រែពីពណ៌លឿងទៅជាពណ៌ស ហើយរយៈពេល ២ សប្តាហ៍ក្រោយមកទៀត នឹងប្រែទៅជាពណ៌សបែបគ្រីម ឬ សខៀវថ្លា។
ប្រសិនបើឃើញថាទឹកដោះមានការប្រែពណ៌ខុសពីពណ៌ដែលបានរៀបរាប់ខាងលើ វាអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា ៖
- ពណ៌បៃតង ៖ អាចមកពីការបរិភោគបន្លែបៃតង តែបើមានអាការមិនស្រួលសុដន់ គួរប្រញាប់ទៅជួបគ្រូពេទ្យ។
- ពណ៌ក្រហម ក្រហមឆ្អៅ ឬ ផ្កាឈូក ៖ អាចមកពីរបបអាហារទាំងទឹក និង ម្ហូបមានពណ៌ក្រហមដូចជាដំឡូងឈាមមាន់ ចាហួយពណ៌ក្រហម និង ភេសជ្ជៈពណ៌ក្រហម ជាដើម តែបើពណ៌ក្រហមរយៈពេលយូរ អាចជាករណីហូរឈាមដែលគួរប្រញាប់ទៅជួបគ្រូពេទ្យ។
- ពណ៌ខ្មៅ ៖ ជាសញ្ញាមិនប្រក្រតីដែលគួរប្រញាប់ទៅជួបគ្រូពេទ្យ។
គួរកត់ចំណាំ ប្រសិនបើទឹកដោះមិនប្រក្រតីហើយមានអារម្មណ៍មិនស្រួល អ្នកម្តាយគួរប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើប្រាស់ថ្នាំ ឬអាហារបំប៉ន (supplement) ណាមួយដោយខ្លួនឯង៕