
វិធីសាមញ្ញៗ ដែលស្ត្រីកំពុងពពោះអាចធ្វើដើម្បីពង្រឹងប្រព័ន្ធការពារនៅរដូវភ្លៀង
អាកាសធាតុប្រែប្រួល ក្តៅ ត្រជាក់ សើម ជាហេតុធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ បើអ្នកម្តាយកំពុងពពោះមិនថែទាំខ្លួនឱ្យរឹងមាំនោះទេ វាអាចងាយឆ្លងកើតជំងឺផ្សេងៗដូចជាគ្រុនក្តៅ និង ផ្តាសាយ ជាដើម។ កត្តាសំខាន់ចំពោះស្ត្រីមានផ្ទៃពោះ បើប្រព័ន្ធការពារចុះខ្សោយវាអាចប្រឈមបញ្ហាផ្សេងៗដូចជា ខ្សោយមុខងារសរីរាង្គខាងក្នុងណាមួយ ហូរឈាមអំឡុងពេលតាំងគភ៌ សម្រាលកូនមុនខែ និង សុខភាពមិនងាយរឹងប៉ឹងក្រោយពេលសម្រួលរួច។ ខាងក្រោមនេះជាវិធីសាមញ្ញៗដែលស្ត្រីកំពុងពពោះគួរធ្វើ ដើម្បីពង្រឹងទាំងប្រព័ន្ធការពារផង ក៏ដូចជាសុខភាពរាងកាយផង។
១. ទទួលយកសារធាតុចិញ្ចឹមសំខាន់ៗ
ក្លាយអ្នកម្តាយតាំងភគ៌ ការបរិភោគអាហារមានសារសំខាន់ចំពោះសុខភាពទាំងម្តាយ និង កូនក្នុងផ្ទៃ។ ត្រូវប្រាកដថាបរិភោគអាហារដែលមានតុល្យភាពសារធាតុចិញ្ចឹមរួមមាន ប្រូតេអ៊ីន កាល់ស្យូម ជាតិដែក វីតាមីនចម្រុះ ហ្វូលីកអាស៊ីត និងអ៊ីយ៉ូដ។ ប្រភពសារធាតុចិញ្ចឹមទាំងនេះនឹងជួយឱ្យរាងកាយប្រឆាំងជំងឺផ្សេងៗ រួមទាំងជំរុញដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ។
២. ផឹកទឹកឱ្យបានច្រើន
ការផឹកទឹកអាចជួយរុញច្រានជាតិពុលចេញពីរាងកាយ ដែលនេះជារឿងចាំបាច់ដែលស្ត្រីកំពុងមានផ្ទៃពោះគួរតែធ្វើ។ ដើម្បីមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ និង ផឹកទឹកដែលមានសុវត្ថិភាពបំផុត ស្រ្តីចាំបាច់ផឹកទឹកដាំឆ្អិនជាជាងទឹកបរិសុទ្ធ ឬ ទឹកចម្រោះ។
៣. ប្រុងប្រយ័ត្នអាហារប្រភេទសាច់
វីតាមីន B12 មានសារសំខាន់ចំពោះស្ត្រីមានផ្ទៃពោះដែលជាទូទៅវាមានផ្ទុកនៅក្នុងអាហារសាច់។ ថ្វីបើការញុំាសាច់ល្អ តែយ៉ាងណាត្រូវជ្រើសរើសសាច់ដែលស្រស់ និង ទុកដាក់អនាម័យបានត្រឹមត្រូវ។ នៅរដូវភ្លៀង អ្នកជំនាញឱ្យជៀសវាងអាហារសមុទ្រ ជាពិសេសបង្គា ក៏ព្រោះវាសម្បូរទៅដោយពពួកបាក់តេរី វីរុស និង ផ្សិត ដែលមិនងាយងាប់។
៤. បរិភោគតែអាហារមានគុណភាព
កូនក្នុងផ្ទៃមានសុខភាពល្អតែងតែបានមកពីអ្នកម្តាយដែលទទួលទានអាហារល្អៗជាប្រចាំ។ អ្នកម្តាយគប្បីបរិភោគអាហារស្រស់ៗ អាហារសុខភាព និង អាហារដែលមានគុណភាពត្រឹមត្រូវ។ គួរតម្រូវបរិភោគអាហារចម្អិននៅផ្ទះជាជាងចេញក្រៅ។ លើសពីនេះបរិភោគ ពពួកគ្រាប់ធញ្ញជាតិ បន្លែផ្លែឈើណាដែលសម្បូរទៅដោយវីតាមីន រួមទាំងជាពពួកដែលជួយដល់ប្រព័ន្ធរំលាយអាហារផងដែរ។
៥. ស្លៀកពាក់ត្រឹមត្រូវ
ស្ត្រីមានផ្ទៃពោះគួរជ្រើសរើសសម្លៀកបំពាក់រលុងៗ និង ជាប្រភេទសាច់ក្រណាត់មានផាសុកភាព។ មួយវិញទៀត ជ្រើសរើសស្បែកជើងដែលជួយទប់លំនឹងខ្លួនបានល្អ។ ជ្រើសរើសការស្លៀកពាក់ពណ៌ស្រាលស្រទន់ និង ពណ៌ដែលជាចំណង់ចំណូលចិត្ត វាអាចជួយឱ្យអារម្មណ៍ស្រស់ស្រាយផង ក៏ដូចជាមិនទាក់ទាញមូសផងដែរ៕