តើផ្សែងធូបពិតជាបង្កហានិភ័យដល់ទារកក្នុងផ្ទៃមែនឬ? នេះជាភស្តុតាង
ការអុជធូបជាទម្លាប់បន់ស្រន់ និងសែនព្រេនរបស់ប្រជាជនអាស៊ីតាំងពីដើមឡើយ។ ថ្វីបើការអុជធូបជាទំនៀមទម្លាប់ តែផ្សែងដែលហុយសាយភាយ វាអាចបង្កជាផលអាក្រក់ចំពោះសុខភាព ជាពិសេស ស្ត្រីមានផ្ទៃពោះ។ តាមការស្រាវជ្រាវ ផ្សែងធូបមានផ្ទុកទៅដោយជាតិពុលដែលអាចប៉ះពាល់សុខភាពដូចជា៖ សារធាតុពុលភាគល្អិត Particulate matter, ឧស្ម័នពុលមួយចំនួនរួមមាន ស្ពាន់ធ័រឌីអុកស៊ីត នីដ្រូសែនឌីអុកស៊ីត កាបូនម៉ូណូអុកស៊ីត និងសមាសធាតុសរីរាង្គងាយបង្កហេតុដូចជា បង់ហ្សែន តូលុយអែន និងស៊ីលីន។ ដោយសារផ្សែងធូបផ្ទុកទៅដោយជាតិពុលយ៉ាងដូច្នេះ ចុះតើវានឹងផ្តល់ផលអាក្រក់ចំពោះស្ត្រីមានផ្ទៃពោះយ៉ាងដូចម្តេច?
តាមការសិក្សារបស់បណ្តាល័យវេជ្ជសាស្ត្រជាតិរបស់សហរដ្ឋអាមេរិក (National Library of Medicine) ដែលចេញផ្សាយផ្លូវការកាលពីឆ្នាំ២០១៦ បានបង្ហាញថា ការស្រូបផ្សែងធូបនៅអំឡុងពេលមានផ្ទៃពោះអាចប្រឈមករណីធ្វើឱ្យទារកក្នុងផ្ទៃក្បាលតូច និងកើតមកទម្ងន់តិចជាងស្តង់ដារ (ចំពោះកូនប្រុស)។ ដោយឡែកសម្រាប់ការសិក្សាមួយចំនួនទៀតទៅលើស្ត្រីមានគភ៌ដែលស្រូបផ្សែងធូបញឹកញាប់ អាចមានឱកាសប្រឈមកើតជំងឺមហារីកផ្លូវដង្ហើម។ សូម្បីអ្នកជំនាញជាច្រើនក៏យល់ស្របចំពោះករណីនេះផងដែរ។ ទោះយ៉ាងណា អ្នកជំនាញថាការដែលអាចវិវត្តទៅជាមហារីកបាន លុះត្រាតែស្ត្រីស្រូបផ្សែងធូបញឹកញាប់ខ្លាំង និងរៀងរាល់ថ្ងៃ។ ហើយករណីដែលអាចបង្កគ្រោះថ្នាក់ លុះត្រាតែស្ត្រីបានស្រូបផ្សែងម្តងក្នុងមួយថ្ងៃ និងស្រូបជិតស្និទ្ធនឹងផ្សែងធូបតែម្តង។
តាមរយៈភស្តុតាងបង្ហាញខាងលើ ផ្សែងធូបពិតជាអាចបង្កហានិភ័យចំពោះសុខភាពពិតមែន ប៉ុន្តែផលអាក្រក់នេះកើតឡើងបានទាល់តែស្ត្រីស្រូបផ្សែងញឹកញាប់ និងជាប្រចាំ។ ដូច្នេះតើស្ត្រីកំពុងតាំងគភ៌ទាំងឡាយយល់យ៉ាងណាដែរចំពោះការបកស្រាយនេះ? តើគួរឬមិនគួរទៅកន្លែងដែលមានផ្សែងធូប ជាពិសេសទីវត្តអារាមនៅរដូវភ្ជុំបិណ្ឌនេះ? តែបើយល់ល្អ គួរការពារប្រសើរជាងព្យាបាល បើអាចជៀសបានគួរចាំរហូតដល់សម្រាលកូនរួចទើបជាការប្រសើរ៕