កំលោះៗកើតឆ្នាំកុរ បានការប្រពន្ធកើតឆ្នាំទាំង ៥ នេះ ល្អផុតលេខ ដូចបានមាសមួយក្រឡ
មុនរៀបការឱ្យកូនប្រុសស្រីមេបាទាំងសងខាងតែងរកហោរាឱ្យគុណគូរមើលខែថ្ងៃឆ្នាំកំណើត ទៅតាមទំនៀមទម្លាប់តាំងពីបរមបុរាណមក ។ តាមសៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ កុរ រៀបរៀងដោយឯកឧត្ដម អ៊ឹម បូរិន្ទ ជាអគ្គលេខាធិការរងគណៈកម្មការរៀបចំបុណ្យជាតិ និង អន្តរជាតិ និង ជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានលើកឡើងថា មនុស្សប្រុសកើតឆ្នាំ កុរ បើបានរៀបការជាមួយមនុស្សស្រីកើតក្នុងឆ្នាំទាំងនេះគឺល្អបំផុត ៖
ឆ្នាំកុរ ជាមួយឆ្នាំ ខាល ៖ ឆ្នាំទាំងពីរនេះមានចិត្តស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក និង ប្រកបដោយភាពរីករាយជាមួយគ្នា ។
ឆ្នាំកុរ និង ឆ្នាំថោះ ៖ ឆ្នាំកុរជាមួយឆ្នាំថោះ គឺជាគូស្នេហ៍ដ៏ល្អបំផុតមួយ ពួកគេគាប់ចិត្តជាមួយគ្នាយ៉ាងខ្លាំង ចេះថែរក្សាគ្នាបានយ៉ាងល្អប្រពៃណាស់ ។
ឆ្នាំកុរ ជាមួយឆ្នាំ រោង ៖ ឆ្នាំទាំងពីរនេះបើបានគ្នារស់នៅដោយសុខសាន្ត និង ពោរពេញដោយក្ដីស្រឡាញ់ចំពោះគ្នា នេះបើតាមការទស្សន៍ទាយរបស់ហោរាចិន ។ សេចក្ដីស្នេហារបស់ពួកគេទាំងពីរមិនចេះរីងស្ងួតឡើយ ល្អណាស់ ។
ឆ្នាំកុរ ជាមួយឆ្នាំ មមែ ៖ បើតាមការទស្សន៍ទាយដយក្បួនហោរាចិន គឺជាគូស្នេហ៍មួយយ៉ាងប្រពៃបំផុត ។ ជីវិតស្នេហារបស់ពួកគេទាំងពីរនឹងប្រកបដោយសេចក្ដីផ្អែមល្ហែម ជឿទុកចិត្តគ្នា ស្មោះត្រង់ចំពោះគ្នា ។
ឆ្នាំកុរ ជាមួយឆ្នាំ ចរ ៖ ឆ្នាំកុរ ជាមួយឆ្នាំ ចរ កើតបានជាគូស្នេហ៍មួយដែលល្អណាស់ គ្មានអ្វីរង្គោះរង្គើរឡើយ ថ្វីដ្បិតតែពួកគេទាំងពីរចេះជួយគ្នាទៅវិញទៅមកក៏ពិតមែន តែខ្វះសេចក្ដីស្រឡាញ់ចំពោះគ្នា តែទោះជាយ៉ាងណាក៏ដោយចុះ ក៏ពួកគេអាចរួមរស់ជាមួយគ្នាបាន ៕
ប្រភព ៖ ដកស្រង់ចេញពីសៀវភៅ មហាសង្រ្កាន្ត ឆ្នាំកុរ របស់ឯកឧត្ដម អ៊ឹម បុរិន្ទ