ស្រីៗពេលមានស្នេហា ហាមធ្វើចរិត ៦ យ៉ាងនេះ កុំឱ្យខាងប្រុសហ៊ានដៀលមើលងាយ
មនុស្សស្រីគ្រប់រូបតែងប្រាថ្នាចង់បានស្នេហា និង ការស្រឡាញ់ថ្នាក់ថ្នមយល់ចិត្តពីមនុស្សប្រុសដែលខ្លួនគិតថាអាចផ្ញើជីវិត និង វាសនាបានទៅថ្ងៃក្រោយ ។ យ៉ាងណា នៅពេលបានជួបមនុស្សជាទីពេញចិត្ត និង រូបគេហ៊ានធ្វើអ្វីៗដល់ខ្លួនបានហើយនោះ សូមកុំព្យាយាមបង្ហាញពីចរិតដែលហួងហែងគេខ្លាំងពេក ដែលអាចនាំឱគេអស់ក្តីស្រឡាញ់ទៅវិញ និង ម្យ៉ាងទៀតក៏អាចប្រឈមនឹងការមើលងាយពីរូបគេបានដែរ ។ ខាងក្រោមនេះជា ៦ ចំណុចសម្រាប់រំឭកដល់នារីៗគួរកុំធ្វើចរិតបែបនេះ ពេលមានស្នេហា ដើម្បីចៀសវាងទទួលការមើលងាយពីបុរស ។
១-បើស្រឡាញ់កុំទៅញឹក កុំឱ្យគេជិនណាយ
រូបតំណាង
មនុស្សស្រីពេលមានក្តីស្រឡាញ់ហើយតែងតែបារម្ភហួងហែង និង ចង់ដឹងសុខទុក្ខដៃគូគ្រប់ពេល ដោយហេតុនេះខ្លួនតែងតែចង់ទៅរកគេ មើលថែគេ និង នៅក្បែរគេគ្រប់ពេល ។ ការធ្វើបែបនេះវាជាការបង្ហាញក្តីស្រឡាញ់មួយ ប៉ុន្តែពេលខ្លះវាក៏អាចជាក្តីរំខានដែរដល់ដៃគូ ដែលអាចឈានដល់ការធុញទ្រាន់ និង អស់ចិត្ត ហើយអាចផ្ទុះសម្តីមិនល្អដាក់ ។ ចឹងទេបើមិនចង់ដូច្នេះសូមប្រកាន់ពាក្យចាស់មួយឃ្លាដែលពោលថា «បើស្រឡាញ់កុំទៅញឹក បើរឭកយូរឱ្យទៅម្តង» បានហើយ ។
២-កុំព្យាយាមចង់ដឹងរឿងផ្ទាល់ខ្លួនគេពេក
ពេលអ្នកព្យាយាមជជីកចង់ដឹងរឿងរ៉ាវ ឬ រឿងផ្ទាល់ខ្លួនរបស់មនុស្សដែលខ្លួនស្រឡាញ់គ្រប់រឿងពេក ពេលខ្លះក៏អាចជះឥទ្ធិពលមិនល្អដល់អ្នកវិញផងដែរ ដូចជាការទទួលពាក្យសម្តីមិនសមរម្យ ឬ ការមើលងាយអីជាដើម ។ ដូច្នេះត្រូវតែបណ្តោយគេខ្លះៗទៅ មិនចាំបាច់ចង់ដឹងរឿងរ៉ាវគ្រប់យ៉ាងរបស់គេពេកទេ ។
៣-កុំបំបិទសេរីភាពគេខ្លាំងពេក
ចំណុចនេះក៏សំខាន់ណាស់ដែរ បើអ្នកជាមនុស្សស្រីដែលគេកំពុងស្រឡាញ់ហើយនោះ សូមកុំបំបិទសិទ្ធិសេរីភាពដៃគូខ្លាំងពេក ។ ធម្មតាមនុស្សម្នាក់តែងតែចង់មានពេលវេលាខ្លះសម្រាប់ខ្លួនក្នុងការធ្វើអ្វីមួយដែលគេចង់ ដូចគ្នានឹងមនុស្សដែលអ្នកស្រឡាញ់ដែរ ។ ដូច្នេះបើបំបិទសិទ្ធិគេពេក ហើយចង់ឱ្យតែគេនៅក្បែរខ្លួនរហូត ក៏មិនមែនជាទង្វើល្អសម្រាប់អ្នកដែរ ថាមិនត្រូវអ្នកអាចទទួលការមើលងាយពីគេផងក៏មិនដឹង ។
៤-កុំស្រឡាញ់គេខ្លាំងរហូតលះបង់តម្លៃខ្លួនជានារី
ធម្មតាទេនារីម្នាក់ដែលស្រឡាញ់គេខ្លាំង តែងតែហ៊ានធ្វើរឿងគ្រប់យ៉ាងដើម្បីគេ ប៉ុន្តែសូមកុំព្យាយាមហ៊ានដល់ថ្នាក់ប្រគល់ខ្លួនប្រាណដល់ទាំងដែលមិនទាន់មានពិធីរៀបការកើតឡើង ។ បើសិនជាអ្នកលះបង់ដល់ថ្នាក់នេះ អ្នកក៏នឹងអាចទទួលបានការមើលងាយពីគេថាជាស្រីចិត្តងាយបានដែរ ហើយចង់មិនចង់ គេក៏អាចដោះដៃចោល ក្រោយគេបានខ្លួនប្រាណហើយ ។
៥-កុំធ្វើចរិតដូចក្មេងលេងសើចជ្រុល
អ្នកគួរគប្បីលេងសើចនឹងដៃគូឱ្យមានព្រំដែនកំណត់ ព្រោះថាការលេងសើចជ្រុល ដូចជាការធ្វើកាយវិការរឡិរឡក់ដូចក្មេងពេក ក៏អាចធ្វើឱ្យអ្នកបាត់បង់តម្លៃ និង ស្នេហារបស់អ្នកក៏មិនទទួលបានផ្លែផ្កាដែរ ពោលគឺមានតែការមើលងាយពីដៃគូប៉ុណ្ណោះថាអ្នកយកស្នេហាជាល្បែង និង មិនប្រាកដប្រជាជាមួយគេ ។
៦-កុំតាំងខ្លួនពូកែគ្រប់រឿង
ជួនកាលមនុស្សប្រុសមិនចង់បានមនុស្សស្រីដែលតាំងខ្លួនពូកែគ្រប់រឿង រាប់តាំងពីរឿងតូចឡើងទៅពេកទេ ។ ឯមនុស្សស្រីក៏កុំចូលចិត្តតាំងខ្លួនឯងពូកែគ្រប់រឿងពេកដែរ ព្រោះថាការធ្វើបែបនេះហាក់បីដូចជាមើលស្រាលដល់ដៃគូថាជាមនុស្សគ្មានសមត្ថភាព ឬ មិនមានគំនិតដល់ខ្លួន ។ បើតាំងខ្លួនបែបនេះ អ្នកអាចនឹងទទួលបានតែភាពអាម៉ាស់ពីដៃគូក៏ថាបាន ៕
រូបតំណាង