មិនលេងសើចទេ! បើបេះដូងលោតញាប់ ហើយមានសញ្ញា ១២ យ៉ាងនេះ បញ្ជាក់ថាអ្នកកំពុងមានជំងឺស្នេហាគឺលួចស្រឡាញ់គេម្នាក់ឯង
ការមានអារម្មណ៍លើនរណាម្នាក់ ឬ ចាប់ចិត្តលើនរណាម្នាក់ វាគឺជារឿងធម្មជាតិរបស់មនុស្ស។ អារម្មណ៍លួចស្រលាញ់គេ វាច្រើនតែកើតឡើងដោយមិនដឹងខ្លួន ជួនធ្វើឱ្យ ញញឹម សើច ពេលខ្លះយំតែម្នាក់ឯងក៏មាន។ ការលួចស្រលាញ់គេអាចមានសញ្ញាច្រើនយ៉ាងខុសៗគ្នា ក្នុងនោះ «ប្រជាប្រិយ» សូមលើកយក ១២ ចំណុចដែលគេរកឃើញថាជាសញ្ញាអ្នកកំពុងលួចស្រឡាញ់នរណាម្នាក់។
១. អ្នកមានអារម្មណ៍ញាប់ញ័រ និង ភ័យអរបុកពោះនៅពេលនៅក្បែរគេ។
២. ពេលបានឃើញមុខគេ ឬ បាននិយាយអ្វីជាមួយគេ បេះដូងរបស់អ្នកនឹងលោតញាប់ជាងធម្មតា។
៣. មុខឬថ្ពាល់របស់អ្នកនឹងឡើងពណ៌ក្រហមបឿងឬផ្កាឈូក នៅពេលមនុស្សដែលអ្នកលួចស្រឡាញ់នៅជិតអ្នក។ ជាពិសេសពេលគេសសើរអ្នកឬបង្ហាញភាពទាក់ទាញមកកាន់អ្នក។
៤. អ្នកតែងតែគិតពីគេសឹងតែគ្រប់ពេល ទោះបីគេមិននៅជិតអ្នកក៏ដោយ។
៥. អ្នកអាចរវើរវាយស្រមៃគិតថាខ្លួនឯងបានសាសងជាមួយគេ បានសន្ទនាជាមួយគេ បាន Date ជាមួយគេ ឬ ធ្វើអ្វីមួយស្វីតៗជាមួយគេ ជាដើម។
៦. ពេលគិតដល់គេ អ្នកនឹងអង្គុយញញឹមតែម្នាក់ឯងដោយមិនដឹងខ្លួន ជួនគិតដល់គេភ្លាមអារម្មណ៍ចាប់ផ្តើមសប្បាយចិត្តភ្លែត។ បើបាន Chat ទៀត ពេលគេ reply ម្តងៗ ឮតែសំឡេង Chat លោត ក៏ញញឹមទាំងមិនទាន់បានអានសារផង។
៧. អ្នកនឹងមានអារម្មណ៍ភ័យឬបារម្ភ នៅពេលអ្នកនៅជិតមនុស្សដែលអ្នកលួចស្រឡាញ់ ជាពិសេសនៅពេលអ្នកបាននិយាយ ឬធ្វើអ្វីមួយបង្កភាពខ្មាសអៀន។
៨. អ្នកក្លាយជាមនុស្សមានថាមពលជាងមុន ឬរំភើបជាងមុននៅពេលបានឃើញមនុស្សដែលអ្នកលួចស្រលាញ់។ និយាយរួមគេជាមនុស្សដែលធ្វើឱ្យអ្នកមានថាមពលធ្វើអ្វីបានគ្រប់យ៉ាង។
៩. អ្នកហាក់រិះរកវិធីបង្កើតឱកាសដើម្បីបានភ្ជាប់ទំនាក់ទំនងជាមួយគេ មិនថាការអង្គុយជិត ឬបានត្រឹមនិយាយក៏អស់ចិត្ត។
១០. អ្នកចង់នៅក្បែរគេគ្រប់ពេលមិនថាឈរ ឬអង្គុយ។
១១. អ្នកចាប់អារម្មណ៍ទៅលើអ្វីដែលគេចូលចិត្ត មិនថា ការស្តាប់ចម្រៀង មើលរឿង លេងកីឡា ឬសកម្មភាពផ្សេងៗ។ និយាយរួម គេចូលចិត្តអី អ្នកចាប់ផ្តើមចូលចិត្តហ្នឹងដូចគ្នា។
១២. អ្នកនឹងមានអារម្មណ៍ប្រចណ្ឌនៅពេលគេនៅជិតអ្នកផ្សេង ជាពិសេសស្និទ្ធស្នាលជាមួយអ្នកផ្សេង៕