ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សប្រុសមួយចំនួន ចូលចិត្តក្បត់ចិត្តប្រពន្ធ ឬ សង្សារ?
សារព័ត៌មានបរទេស Phunutoday នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ បានធ្វើការចុះផ្សាយពីហេតុផលមួយចំនួន ដែលបង្ហាញថាមនុស្សប្រុសងាយនឹងក្បត់ចិត្តក្នុងរឿងស្នេហាជាងមនុស្សស្រី ដោយលើកឡើងនូវឧទាហរណ៍ជាច្រើនផងដែរ។
តាមរយៈការលើកឡើងនោះ ប្រភពខាងលើក៏បានធ្វើការសរុបសេចក្ដី ដោយឆ្លើយតបទៅនឹងសំនួរថា ៖ «ហេតុអ្វីបានជាមនុស្សប្រុស ចូលចិត្តក្បត់ចិត្តគូស្នេហ៍របស់ខ្លួន»?
ឆ្លើយតបទៅនឹងសំនួរខាងលើ ខាងប្រភពបានធ្វើសេចក្តីសង្ខេបយ៉ាងដូច្នេះថា ៖ «បុរស ប្រព្រឹត្តអំពើផិតក្បត់ ព្រោះតែសេចក្តីត្រូវការខាងសរីរវិទ្យា ខណៈឯស្ត្រីប្រព្រឹត្តអំពើផិតក្បត់ដោយសារអារម្មណ៍។ នោះក៏ជាហេតុដែលបុរស ១០ នាក់ ប្រព្រឹត្តអំពើផិតក្បត់ មានបុរស ៩ នាក់ មិនចាកចោលប្រពន្ធ ចំណែកស្ត្រី ១០ នាក់ ដែលផិតក្បត់ គឺស្ត្រី ១០ នាក់ ចង់ចាកចេញពីប្តី»។
ទោះបីជាបែបនេះក្ដី តាមរយៈការបកស្រាយបានឱ្យដឹងទៀតថា បុរសតែងតែចូលចិត្តភាពស្រស់ស្អាត និងអ្វីដែលថ្មី ដូច្នេះទើបពួកគេតែងតែស្វែងរកភាពសប្បាយរីករាយនៅខាងក្រៅ។ បុរសភាគច្រើន តែងក្បត់គូស្នេហ៍របស់ខ្លួន ព្រោះតែពួកគេចូលចិត្តការស្ទាបអង្អែល និងចូលចិត្តមានអារម្មណ៍ថ្មីចំពោះរឿងលើគ្រែ។ ដូច្នេះហើយ ទើបបានជាគេសង្កេតឃើញស្វាមីភាគច្រើន បង្កើតលេសថាព្រោះតែសម្ពាធការងារ ព្រោះត្រូវទៅជួបភ្ញៀវ ប៉ុន្តែពួកគេបែជាទៅរកសេវាកម្មបន្ធូរអារម្មណ៍ ដោយការរួមភេទ។
មូលហេតុផ្សេងទៀត បុរសបោកប្រាស់ក្បត់ចិត្តក៏អាចព្រោះតែតណ្ហា ដែលគោលដៅរបស់គេអាចជាមនុស្សគ្រប់គ្នារួមមាន មិត្តរួមការងារ និងមនុស្សស្រីចម្លែកជាដើម ដែលភាគច្រើនកើតទៅលើ បុរសក្នុងវ័យ ៤០ ឆ្នាំ ៥០ ឆ្នាំ ឬ ៦០ ឆ្នាំ។
តាមការឱ្យដឹងបន្ថែម ពួកគេធ្វើបែបនេះ គ្រាន់តែបំពេញតម្រូវការរបស់ពួកគេហើយស្វែងរកអារម្មណ៍ «ចម្លែក» ជំនួសឱ្យភាពអផ្សុក ឬធុញទ្រាន់ ដែលមាននៅក្នុងបន្ទប់ជាមួយប្រពន្ធរបស់ពួកគេអស់រយៈពេលជាយូរ៕
ប្រភព ៖ Phunutoday