គិតម៉េច? បើមិត្តភក្ដិស្និទ្ធគ្នា ហៅគ្នាសុទ្ធតែអញៗពេញមាត់ មកប្រាប់ថាស្រឡាញ់?
មិត្តភាពកើតឡើងរវាងមនុស្ស ២ នាក់ ឬ ច្រើននាក់ ចាប់ផ្តើមស្គាល់គ្នាហើយរាប់អានគ្នាទៅវិញទៅមក ។ ក្នុងនោះដែរ មិត្តភាពអាចកើតឡើងគ្រប់ពេលវេលា គ្រប់ទីកន្លែង ប៉ុន្តែមិត្តភាពខ្លះក៏រក្សាបានយូរអង្វែង ខណៈមិត្តភាពខ្លះកើតឡើងតែមួយពេលៗ ក្នុងកំឡុងពេលខ្លីមួយដែលជាប់ទាក់ទងគ្នាដោយសារការងារ ឬកិច្ចការអ្វីមួយហើយ ពេលការងារបញ្ចប់ មិត្តភាពក៏ចប់។ ជាងនេះទៅទៀត មានមិត្តភក្តិគ្នាខ្លះស្និទ្ធស្នាលនឹងគ្នា ដល់ទៅហៅគ្នាសុទ្ធតែអញ ហ្អែងពេញៗមាត់ ហើយភាគច្រើននៃមិត្តភាពបែបនេះច្រើនតែរក្សាបានយូរ។ ក្នុងន័យនេះដែរ មិត្តភាពមួយនេះវាអាចកើតឡើងចំពោះ មិត្តភក្តិទាំងស្រីនឹងស្រី ប្រុសនឹងប្រុស ហើយក៏មានច្រើនផងដែររវាង ប្រុសនឹងស្រី។
ចំណែកឯស្នេហាវិញវាជាកំរិតមួយដែលលើសពីមិត្តភាពរវាងមនុស្ស២នាក់។ ស្នេហាក៏អាចកើតឡើងភ្លាមៗ នៅពេលមនុស្សទើបតែស្គាល់គ្នាដំបូង ឬស្នេហាខ្លះត្រូវចំណាយពេលខ្លះអាចជាខែ ដើម្បីប្តូរបីមិត្តភាពទៅស្នេហា ហើយវាក៏អាចកើតឡើងបានដែរចំពោះមិត្តភក្តិដែលស្និទ្ធស្នាលនឹងគ្នាជាយូរមកហើយដែរ។
ចុះគិតម៉េចបើមិត្តភក្ដិស្និទ្ធគ្នា ហៅគ្នាសុទ្ធតែអញៗ មកសារភាពថា ស្រឡាញ់?
អ្នកដែលទទួលបានការសារភាពថាស្រលាញ់ប្រាកដជាមានអារម្មណ៍ភ្ញាក់ផ្អើល តែវារឹតតែលើសពីការរំពឺងទុក និង ភ្ញាក់ផ្អើលបំផុតនោះគឺអ្នកដែលនៅក្បែរខ្លួន ជាមិត្តជិតស្និត សារភាពថាស្រលាញ់នោះឯង។ នៅពេលនេះជម្រើសមាន២គឺ៖
១. ប្តូរពីមិត្តភាពមកជាស្នេហា
វាមិនអាក្រក់នោះទេនៅពីមនុស្ស ២ នាក់ដែលស្គាល់គ្នាជាយូរមកហើយ ដឹងពីគ្នាច្រើនមកស្រឡាញ់គ្នា ហើយវាក៏ជារឿងល្អទៅវិញទេ ព្រោះថាស្នេហាដែលឆ្លងកាត់ពីមិត្តភាពយូរអង្វែង វាក៏អាចនឹងក្លាយទៅជាស្នេហាដ៏យូរអង្វែងផងដែរ ។ មនុស្សស្គាល់គ្នាច្បាស់ ស្រលាញ់គ្នាគឺជារឿងល្អព្រោះយល់ចិត្តគ្នាស្រាប់ ដឹងរឿងគ្នាច្រើន ស្គាល់ពីចំណងចំណូលចិត្តគ្នារួចហើយ ហើយអ្នកខ្លះក៏ស្គាល់ដល់ទៅគ្រួសារគ្នាថែមទៀតផង ។ បែបនេះវាក៏ល្អជាងអ្នកដែលមិនស្គាល់គ្នា ឬ អ្នកដែលស្គាល់គ្នារយៈពេលខ្លីដែរ ដោយសារចិត្តមនុស្សពិបាកស្មាន អ្នកខ្លះអាចនឹងល្អតែនៅមុខយើងប៉ុណ្ណោះ ចំណែកមិត្តជិតស្និតគ្នាដល់ថ្នាក់ហៅគ្នា អញ ហ្អែង ហើយប្រាកដជា បង្ហាញឱ្យអ្នកឃើញអស់ទៅហើយ តាំងពីចំណុចល្អ និងចំណុចអាក្រក់របស់គេ រួមទាំងអត្តចរិតពិតផងដែរ ។
ដូច្នេះមិត្តជិតស្និតសុំស្រលាញ់ គឺអាចជាជម្រើសដល់ល្អសម្រាប់អ្នកដែរ ។ ក្នុងចំនុចនេះប្រាកដណាស់ មុននឹងគេសារភាពប្រាប់អ្នក អ្នកក៏អាចឃើញពីសកម្មភាពខុសប្លែកខ្លះៗ ដែលគេចង់បង្ហាញអ្នកថាគេស្រឡាញ់អ្នកដែរ ហើយក្នុងពេលនោះអ្នកក៏អាចដឺងពីចិត្តខ្លួនឯងចំពោះគេដែរ ។ បើទាំងសងខាងមានអារម្មណ៍ស្រឡាញ់គ្នាទៅហើយ វាជារឿងមួយពិសេសមែនទែន ។
២. រក្សាមិត្តភាពឱ្យនៅដដែល
ទោះបីស្គាល់គ្នាជិតស្និត យល់ចិត្តគ្នាច្រើនយ៉ាងណា តែធ្វើដូចម្តេចបើមិនមានចិត្តស្រឡាញ់ផង ឱ្យបង្ខំបេះដូងម្តេចនឹងបាន? ស្នេហាវាមិនចេះតែកើតឡើងចំពោះគ្រប់មនុស្សដែលអ្នកឃើញ អ្នកស្គាល់ដែរ ដោយសារស្នេហាគ្មានហេតុផល ហើយចិត្តតែមួយគត់ជាអ្នកជំរុញ ។ ពេលខ្លះមនុស្សមាននិស័្សយជាមិត្តភក្តិ តែមិនមាននិស្ស័យជាសង្សារ ព្រោះទោះបីជាម្នាក់នោះល្អយ៉ាងណា តែបើបេះដូងបញ្ជាប្រាប់ថាមិនស្រឡាញ់ គឺមិនស្រឡាញ់ហើយ ។ ដូច្នេះវាក៏មិនខុសដែរ ប្រសិនបើឆ្លើយប្រាប់តាមត្រង់ថាអ្នកមិនស្រឡាញ់គេ ហើយទុកត្រឹមជាមិត្តរាប់អានគ្នាប៉ុណ្ណោះ ។ យ៉ាងណាមិញ ដើម្បីកុំឱ្យគេខូចចិត្ត អ្នកក៏គួរពន្យល់ប្រាប់ពីហេតុផលច្បាស់លាស់ទៅគេផងដែរ ពេលនោះទោះបីជាគេមិនបានក្តីស្រឡាញ់ពីអ្នកបែបជាគូសង្សារ តែគេនៅតែមានចំណែកទទួលបានក្តីស្រឡាញ់ពីអ្នកក្នុងនាមជាមិត្តភក្តិយូរអង្វែងនោះដែរ ។