ទៅកាន់មនុស្សប្រុសលើលោក…បើមានប្រពន្ធហើយចង់មានស្រីទៀត កុំការល្អបំផុត ព្រោះ ៤ យ៉ាងនេះ
នារីដែលរៀបការហើយ បានស្វាមីដែលស្មោះស្ម័គ្រមួយ និង មួយ គឺទុកជាសំណាងរបស់នាង តែស្ត្រីខ្លះរៀបការហើយបែរជារងទឹកភ្នែក ព្រោះស្វាមីក្បត់មានស្រី ។ ជាសារទៅកាន់មនុស្សប្រុស បើគ្មានបំណងនឹងស្មោះនឹងនារីណា កុំរៀបការជាមួយនាង ព្រោះហេតុផលទាំងនេះ ៖
១. អ្នកបំផ្លាញកិត្តិយសខ្លួនឯង និង គ្រួសារ
ឪពុកម្ដាយរបស់អ្នក គិតថាអ្នកជាកូនល្អក្នុងគ្រួសារ ហើយអាចក្លាយជាប្ដីល្អ ឪពុកល្អ ទើបពួកគាត់ហ៊ានចេញមុខចូលស្ដីដណ្ដឹងនារីម្នាក់ឱ្យតាមបំណងអ្នក ។ ឪពុកម្ដាយអ្នក បានយកកិត្តិយស មុខមាត់ ធានាជូនអ្នក ដើម្បីខាងស្រីយល់ព្រម ។ បើក្រោយរៀបការហើយអ្នកហ៊ានក្បត់ចិត្តប្រពន្ធ គឺស្មើនឹងបំផ្លាញកិត្តិយសឪពុកម្ដាយអ្នកដែរ ព្រោះក្នុងសង្គមខ្មែរគ្មាននរណាផ្ដល់តម្លៃដល់មនុស្សក្បត់ទេ ។
២. អ្នកបានធ្វើឱ្យនារីម្នាក់ត្រូវគ្រាំចិត្តគ្មានថ្ងៃស្បើយ
នារីម្នាក់ដែលយល់ព្រមរៀបការជាមួយអ្នក គឺនាងស្រឡាញ់អ្នកបំផុតហើយ ទើបនាងជ្រើសរើសយកអ្នកមករួមជីវិតជាមួយគ្នា ។ បើអ្នកក្បត់នាង គឺបំផ្លាញនូវក្ដីស្រឡាញ់ ភាពស្មោះត្រង់ដែលនាងប្រគល់ឱ្យអ្នក ហើយវាប្រហែលជាការខូចចិត្តខ្លាំងបំផុតក្នុងជីវិតរបស់នាង ដែលនាងមិនធ្លាប់ជួបប្រទះ ។
៣. អ្នកនឹងក្លាយជាមនុស្សរសាត់អណ្ដែតគ្មានគោលដៅច្បាស់លាស់
អ្នកចាំបានទេ ? កាលមិនទាន់រៀបការ អ្នកបានសន្យាជាមួយនាងថា នឹងកាន់ដៃគ្នា កសាងអនាគតរួមគ្នា ។ ចុះបើអ្នកមានអ្នកផ្សេងទៀត នោះអ្នកនឹងត្រូវបែងចែកការស្រឡាញ់ បែងចែកលុយកាក់ ហើយអ្នកនឹងរត់ទៅនេះ រត់ទៅនោះផង លែងមានគោលជំហរច្បាស់លាស់ ។ បើថ្ងៃមួយប្រពន្ធអ្នកដឹងរឿង ហើយនាងទ្រាំមិនបាន រហូតលែងលះ តើអនាគតគ្រួសារ អនាគតកូនអ្នកនឹងទៅជាបែបណា ?
៤. អ្នកនឹងក្លាយជាមនុស្សបាត់បង់តម្លៃនៅគ្រប់ទីកន្លែង
បើរឿងអ្នកផិតក្បត់ប្រពន្ធ បែកសាញពេញសង្គម នោះអ្នកនឹងពិបាកនឹងចូលចំណោមបំផុត ។ អ្នកនឹងខ្មាសមិត្តភក្ដិដែលគេមានសុភមង្គលជាមួយប្ដីប្រពន្ធគេ អ្នកនឹងពិបាកទៅចូលរួមកម្មវិធីផ្សេងៗ កន្លែងការងារអ្នកក៏គេលែងសូវគោរពផ្ដល់តម្លៃ ។ អ្នកនឹងក្លាយជាមនុស្សម្នាក់ ដែលសង្គមស្អប់ខ្ពើម ។
កុំយកលេសថា គ្មានអ្នកណាល្អជាងប្រពន្ធ ហើយស្រីក្រៅគ្រាន់តែជាមនុស្សកំដរ ព្រោះវាជាការដោះសារដើម្បីបន្លប់នូវភាពអាត្មានិយមរបស់អ្នកប៉ុណ្ណោះ ព្រោះបើអ្នកពិតជាស្រឡាញ់ប្រពន្ធពិត អ្នកមិនហ៊ានបំផ្លាញបេះដូងនាងទេ អ្នកមិនអាចប្រព្រឹត្តិរឿងនោះបានដាច់ខាត ៕