ស្រីៗចាំទុក! ស្រឡាញ់គ្នាយ៉ាងណាកុំខ្ចីលុយគ្នា ព្រោះដល់ពេលបែក ពិបាកទារណាស់
រឿងរ៉ាវសង្សារចាស់ជំពាក់លុយមិនសងទៅរៀបការនឹងនារីម្នាក់ទៀតបានក្លាយជាប្រធានបទ កំពុងមានការចែករំលែកព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក ។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Pich Chan Bormey បានបង្ហោះហែកកេរ្តិ៍អតីតគូស្នេហ៍ដែលជាមន្ត្រីសមត្ថកិច្ចម្នាក់ ហើយក៏ជាសារដាស់តឿនទុកជាមេរៀនមួយដល់គូស្នេហ៍ដទៃទៀតយកទៅពិចារណា ។
គណនីហ្វេសប៊ុកឈ្មោះ Pich Chan Bormey
សូមសង្ខេបរឿងរ៉ាវអ្នកទាំងពីរដោយខ្លី ។ នារីឈ្មោះ Pich Chan Bormey ធ្លាប់ជាគូស្នេហ៍នឹងគ្នាជាមួយបុរសម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះ Hea Tok ។ កាលនៅល្អូកល្អិននឹងគ្នានារីរូបនេះតែងផ្ដល់លុយ ឱ្យគូស្នេហ៍យកទៅប្រើការពាក់ព័ន្ធនឹងការងារ ម្ដង ៥០០ដុល្លារ ម្ដង ៦០០ដុល្លារ ជាបន្តបន្ទាប់ អាចថា មនុស្សដែលស្រឡាញ់គ្នាតែងហ៊ានលះបង់គ្រប់បែបយ៉ាងកុំថាឡើយលុយកាក់ បើខ្លាំងដល់កម្រិតសូម្បីជីវិតក៏ហ៊ាន ។ គ្មានអ្នកណាអាចស្មានទុកថា មនុស្សដែលយើងស្រឡាញ់ស្ម័គ្រស្មោះនឹងគេ ម្នាក់នោះមានចិត្តបរិសុទ្ធដូចយើងដែរឬអត់ទេ ។ ចុងក្រោយបុរសដែលជាគូស្នេហ៍របស់នាង បានទៅភ្ជាប់ពាក្យ រៀបការស្ងាត់ៗនឹងនារីម្នាក់ផ្សេងទៀតដែលជាសង្សារថ្មី ។ តាមដំណើរសាច់រឿងលុយដែលនាងឱ្យបុរសម្នាក់នោះខ្ចី គេទំនងជារត់ការរឿងរកប្រពន្ធនេះហើយ ចំណែករូបនាងប្រៀបដូចជាស្ពាន ដែលគេឆ្លងហើយ គេរុះចោល ។
អតីតគូស្នេហ៍
មនុស្សពីរនាក់ធ្លាប់ប្រើពាក្យបង និង អូន ពេញៗមាត់ ពិសេសខាងប្រុសពេលត្រូវការលុយពីខាងស្រី សុទ្ធតែអូនអ៊ីចេះ អូនអ៊ីចុះ លុះដល់មានរឿងរ៉ាវបែកបាក់គ្នា ហើយខាងប្រុសក្លាយជាកូនបំណុល ស្រាប់តែប្រើពាក្យ អញ ហ្អែង ពេញៗមាត់វិញ ។ Pich Chan Bormey បានទារលុយដែលអតីតសង្សារ ធ្លាប់បានខ្ចីជាច្រើនលើកច្រើនសារ តែបុរសម្នាក់នោះតែងមានលេសដោះសារ មិនព្រមសងវិញទេ ហើយនាងបានប្រើពាក្យប្រទេចផ្ដាសារគ្រប់យ៉ាង ដើម្បីបានលុយទាំងនោះមកវិញ ។ ចុងក្រោយ ប្រៀបដូចគេយកកំបិតមកកាត់ទងដង្ហើមឱ្យក្ស័យ បុរសម្នាក់នោះមិនត្រឹមតែមិនបានសងលុយទេ តែថែមទាំងប្រើពាក្យទៅកាន់រូបនាងថា «នាងនឹងហើយភ្លើ, អ្នកឱ្យលុយខ្ញុំចាយខ្លួនឯងជាដើម» ។
លុយក៏បង់ថង់ក៏ដាច់ ការលះបង់ពីនារីម្នាក់បានត្រឹមទទួលពាក្យមាក់ងាយ ចុងក្រោយទើបនាង ទ្រាំមិនបានបង្ហោះ ឆាតៗចាស់ៗ រឿងរ៉ាវជំពាក់លុយមិនសងនោះ ផ្អើលពេញស្រុកខ្មែរតែម្ដង ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ