ធ្លាប់គិតទេថា មិនដែលមានស្នេហាច្បាស់លាស់ដូចគេ គឺមកពីកំហុស ៤ យ៉ាងរបស់យើងខ្លួនឯងនេះ?
គ្មាននរណាម្នាក់ដែលមិនចង់បានស្នេហាមួយដែលច្បាស់លាស់ និង កាន់ដៃគ្នាចូលរោងការនោះទេ ។ អ្នកខ្លះមានស្នេហាម្ដងហើយម្ដងទៀត តែហាក់ដូចជាធ្វើបាបបេះដូងខ្លួនឯងទទេៗ ពេលខ្លះមិនមែនមកពីគេខាងនោះទេ តែមកពីខ្លួនយើងផ្ទាល់ ។
១. ប្រញាប់ដាក់ចិត្តស្រឡាញ់គេលឿនពេក
ឆាប់មានមនោសញ្ចេតនា ឆាប់បាក់ចិត្តស្រឡាញ់ ដោយគ្រាន់តែម្នាក់ទៀតបង្ហាញការយកចិត្តទុកដាក់ ការព្រួយបារម្ភ យើងក៏គិតថាគេមានចិត្តលើយើង តែពេលខ្លះគេគ្រាន់តែធ្វើក្នុងនាមអ្នកជិតស្និទ្ធ ឬ មិត្តភាពធម្មតាប៉ុនណោះ ។ ការដែលស្រឡាញ់អ្នកណាលឿនពេក យើងនឹងក្លាយជាអ្នករត់តាមស្នេហានោះ ចុងក្រោយបើគេមិនស្រឡាញ់ យើងក៏ហត់ចិត្តខ្លួនឯង ហើយក៏បញ្ចប់វាខ្លួនឯង ។
២. ស្រឡាញ់មនុស្សម្នាក់ដែលគេគ្រាន់តែយកធ្វើជាអ្នកកំដរ
កុំស្រឡាញ់នរណាម្នាក់ ទាំងមិនប្រាកដជាមួយយើង ហើយកុំស្រឡាញើនរណាម្នាក់ ពេលដែលគេគ្រាន់ តែចង់មានអ្នកកំដរពេលគេបែកពីសង្សារចាស់ ។ ចុងក្រោយមានតែធ្វើឱ្យខ្លួនឯងឈឺចាប់នៅពេលគេត្រូវគ្នាវិញ ឬមួយទៀតនៅពេលដែលធ្វើចិត្តបានគេនឹងមិនរវល់ជាមួយយើងទៀត ព្រោះក្ដីស្រឡាញ់ដែលគេមានឱ្យយើងគ្រាន់តែជាអារម្មណ៍ឯការបស់គេប៉ុនណោះ ។
៣. ស្រឡាញ់មនុស្សម្នាក់ដែលគ្មានគុណសម្បត្តិគ្រប់គ្រាន់
ពេលដែលបេះដូងកំពុងងប់ស្រឡាញ់នរណាម្នាក់ខ្លាំង យើងក៏និយាយថា លុយកាក់ ទ្រព្យសម្បត្តិ ចំណេះដឹង វាមិនធំជាងក្ដីស្រឡាញ់ តែសម័យបច្ចុប្បន្នមនុស្សយើងអាចរស់នៅដោយគ្មានទាំងអស់នេះបានទេ? គឺប្រាកដជាមិនអាច ។ ដូច្នេះនៅពេលដែលអ្នកស្រឡាញ់មនុស្សម្នាក់ដែលគ្មានអ្វីទាំងអស់ ខ្វះទាំងការតស៊ូ ចុងក្រោយយើងប្រាកដជាមានអារម្មណ៍ថា ស្នេហាមួយនឹងវាមិនអាចទៅមុខរួច ចុងក្រោយមានតែជ្រើសរើសផ្លូវបែកគ្នា ។
៤. ស្រឡាញ់អ្នកដែលមានគំនិតក្មេងខ្ចី
ប្រសិនបើចង់មានស្នេហាមួយដែលច្បាស់លាស់ សូមបង្កើតស្នេហាជាមួយអ្នកដែលមានគំនិតចាស់ទុំ អ្នកដែលច្បាស់លាស់នឹងរឿងស្នេហា កុំបង្កើតស្នេហាបែបលេងសើចៗ ស្នេហាដូចភ្លើងចំបើង ។ ស្នេហាមួយអាចទៅមុខ គឺសំខាន់បំផុតជ្រើសរើសមនុស្សត្រូវ ៕