ជឿថា យើងប្រាកដជាមនុស្សមានតម្លៃបំផុតសម្រាប់នរណាម្នាក់ ទោះអ្នកផ្សេងមិនត្រូវការយើង
គ្រាន់តែមនុស្សម្នាក់បដិសេធយើង មិនទទួលយកក្ដីស្រឡាញ់ពីយើង ហេតុអ្វីបានជាយើងគិតថា ខ្លួនឯងជាមនុស្សគ្មានតម្លៃ គ្មានអ្នកណាត្រូវការ? ការពិតយើងគ្រាន់តែគិតខ្លួនឯង យល់ឃើញខ្លួនឯង នៅពេលបរាជ័យក្នុងទំនាក់ទំនងស្នេហាមួយ យើងក៏គិតថា ខ្លួនឯងអន់ គ្មានតម្លៃអ្វី ដែលអាចយកបេះដូងម្នាក់នោះបាន ។
ប្រសិនបើយើងពិតជាមនុស្សល្អ មាននិស្ស័យល្អ មានចំណេះដឹង មានការងារល្អក្នុងជីវិត ជាមនុស្សល្អក្នុងសង្គម នោះយើងជាមនុស្សដែលរស់នៅមានតម្លៃបំផុត ។ កុំបោះបង់ខ្លួនឯង កុំបិទផ្លូវខ្លួនឯង កុំផ្ដេកផ្ដួល ធ្វើបាបផ្លូវចិត្តខ្លួនឯងតទៅទៀត ព្រោះតែមនុស្សម្នាក់ដែលគេមិនបានស្រឡាញ់យើង ។ ត្រូវក្រោកឈរហើយរឹងមាំ និង ទទួលស្គាល់ការពិតទៅថា យើងមិនអាចបង្ខំនរណាម្នាក់ឱ្យគេមកស្រឡាញ់យើងបានទេ ប្រសិនបើម្នាក់នោះគ្មានមនោសញ្ចេតនា គ្មានចិត្តនឹងស្រឡាញ់យើង ហើយមិនមែនមកពីយើងមិនល្អ មិនមែនមកពីយើងមិនស្អាត តែមកពីបេះដូងគេមិនត្រូវការយើង គេប្រហែលកំពុងរង់ចាំមនុស្សម្នាក់ផ្សេងទៀតក្រៅពីយើង ។
ពេលមួយ ពេលដែលគេបានជួបមនុស្សដែលគេស្រឡាញ់គេនឹងមានក្ដីសុខ មានស្នាមញញឹម រីករាយ នឹងជីវិតរបស់គេ ។ ចុះចំណែកយើងនៅបន្ទោសខ្លួនឯង នៅឃុំឃាំងខ្លួនឯងដល់ណាទៀត? បើខ្លួនយើងមិនផ្ដល់តម្លៃឱ្យខ្លួនឯងផងចង់ឱ្យនរណាគេមកផ្ដល់តម្លៃឱ្យយើង ? ត្រូវចាំថា យើងប្រាកដជាមនុស្សល្អ មនុស្សមានតម្លៃសម្រាប់នរណាម្នាក់ ដែលម្នាក់នោះនឹងព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីយើង ស្រឡាញ់យើង មើលថែយើង ត្រូវការយើងចូលក្នុងជីវិតរបស់គេ ។
ឈប់ប្រើពេលវេលា ក្ដីស្រឡាញ់ ការបារម្ភ ការយកចិត្តទុកដាក់ ទៅលើអ្នកដែលគេមិនត្រូវការយើង ព្រោះវាមិនអាចធ្វើឱ្យបេះដូងគេរង្គុះរង្គើរបានឡើយ បើគេមិនបម្រុងនឹងស្រឡាញ់យើង ហើយប្រើពេលវេលាមកធ្វើអ្វីដែលមានប្រយោជន៍ មើលថែខ្លួនឯង ស្រឡាញ់ខ្លួនឯង ហើយស្រឡាញ់នរណាម្នាក់ដែលគេស្រឡាញ់យើងវិញដូចគ្នា ទើបវាមិនហត់ចិត្ត ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ