បើព្យាយាមដើរចូលជីវិតនរណាម្នាក់ ទាំងដឹងច្បាស់ថាគេគ្មានចិត្ត ចុងក្រោយបានត្រឹមឈឺចាប់ទេ
មិនដឹងគួររៀបរាប់ពីចំណុចណា មិនដឹងគួរពណ៌នាការឈឺចាប់ដែលខ្ញុំមាននៅពេលនេះបែបណា..!
នៅទីបំផុតយើងនៅតែមិនអាចធ្វើឱ្យគេស្រលាញ់បាន ដូចដែលគេបានប្រាប់តាំងពីដំបូងថា បេះដូងគេ មិនទទួលយកអ្នកណាឡើយ ។ សុំទោសដែលខ្ញុំក្លាហានសារភាពប្រាប់អ្នកទាំងដឹងច្បាស់ថា អ្នកនឹង បដិសេធ ហើយសុំទោសដែលខ្ញុំបានទាមទារក្ដីស្រលាញ់ពីអ្នកទាំងដឹងថា អ្នកមិនអាចផ្ដល់ឱ្យ ។ មកដល់ពេលនេះ ម៉ោងនេះ ទើបដឹងខ្លួនថា ខ្ញុំអស់ចិត្តហើយ ខ្ញុំព្រមចុះចាញ់ហើយ ខ្ញុំព្រមដើរចេញពីជីវិតអ្នកដោយអស់ចិត្តហើយ ។
អ្នកគ្មានកំហុស អ្នកមិនបានធ្វើអ្វីខុស ព្រោះអ្នកមិនដែលផ្ដល់ក្ដីសង្ឃឹមឱ្យខ្ញុំតាំងពីដើម តែអ្នកដែលខុស គឺម្នាក់នេះដែលជំនះពាក្យបដិសេធរបស់អ្នក ព្រោះនៅតែរក្សាកូនចិត្តមួយណាថា ថ្ងៃណាមួយអ្នក នឹងអាចស្រលាញ់ខ្ញុំ ។ អរគុណពេលវេលាដែលនាំឱ្យខ្ញុំបានស្គាល់អ្នក ទោះជារយៈពេលខ្លី តែវាមានន័យសម្រាប់ខ្ញុំ អរគុណសម្រាប់ការឆ្លើយតបឆាតរបស់ខ្ញុំ អរគុណដែលនិយាយទូរសព្ទដល់យប់ៗជ្រៅ កន្លងមក ខ្ញុំនឹងចងចាំសំឡេងរបស់អ្នក សំណើចរបស់អ្នក ។
បើចៃដន្យថ្ងៃណាមួយអ្នកបានអានសារមួយនេះ ខ្ញុំចង់ប្រាប់ថា ខ្ញុំនៅតែស្រលាញ់អ្នក ហើយចង់ធ្វើជាមិត្តរបស់អ្នកប្រសិនបើអាច តែតាមអ្វីដែលខ្ញុំមើលឃើញអ្នកគ្មានចេតនាសូម្បីតែចាត់ទុកមនុស្សម្នាក់នេះជាមិត្តល្អរបស់អ្នក ។ មានពាក្យប៉ុន្មានម៉ាត់ចង់និយាយទៅកាន់អ្នក តើកន្លងមកអ្នករំភើបនឹងពាក្យ ថានឹក ពាក្យថាស្រលាញ់ដែលខ្ញុំនិយាយទៅកាន់អ្នកក្ដែងៗដែរទេ ? ប្រហែលជាគ្មានទេ មែនទេ ?
ចាប់ពីពេលនេះ ថ្ងៃនេះតទៅអ្នកមិនចាំបាច់ហត់នឿយនឹងការឆ្លើយឆ្លងសារជាមួយខ្ញុំទៀតទេ អ្នកមិនចាំបាច់រអៀសចិត្តដែលមិនបានតបសារខ្ញុំទៀតទេ ព្រោះមនុស្សម្នាក់នេះនឹងវិលទៅជារូបគេកាលពីមុនវិញ ពេលដែលគ្មានអ្នក គេរស់យ៉ាងម៉េច និង បន្តរស់បែបនោះតទៅទៀត ។ ជាចុងក្រោយសូមអ្នកយកការសារភាពរបស់ខ្ញុំ ពាក្យថានឹករបស់ខ្ញុំគ្រវាត់ចោលឱ្យអស់ ហើយចាត់ទុកថា អ្នកមិនដែលឮពាក្យទាំងនេះទៅ ។ ខ្ញុំសុំទោសដែលនិយាយពាក្យទាំងនោះចេញមក វាប្រហែលក្លាយជាពាក្យ ប្រយោគដែលរំខានត្រចៀកអ្នកបំផុតហើយ ៕
អត្ថបទ ៖ កូនស្វា