ហត់នឿយនឹងការកុហកខ្លួនឯង ថាគេស្រលាញ់យើង ហត់នឹងផ្ដល់ក្ដីសង្ឃឹមដល់ខ្លួនឯង
ស្រលាញ់មនុស្សម្នាក់ខ្លាំងពេក ពេលខ្លះទោះមិនត្រូវជាអ្វីនឹងគេឱ្យពិតប្រាកដ មិនមានឋានៈអ្វីក្នុងបេះដូងគេក៏យល់ព្រម សំខាន់បានក្លាយជាមិត្តគេ បានជជែកលេងជាមួយគេ បានឆាតជាមួយគេ គឺគ្រប់គ្រាន់ហើយ ។ ស្រលាញ់គេងប់ពេកអ្នកតែងកុហកខ្លួនឯងថា គ្រប់ទង្វើ គ្រប់ពាក្យសម្ដី គ្រប់កាយវិកា ដែលគេផ្ដល់ឱ្យអ្នក គឺជាក្ដីស្រលាញ់ចេញពីបេះដូងគេ ទាំងការពិតអ្នកបានដឹងច្បាស់ថា វាមិនមែនក្នុងន័យស្នេហាឡើយ ។
អ្នកតែងស្រមៃ តែងរំពឹងទុកថា ថ្ងៃណាមួយអ្វីដែលអ្នកបានផ្ដល់ឱ្យគេ អ្វីដែលជាចំណុចពិសេសរបស់អ្នកនឹងអាចធ្វើឱ្យរង្គុះរង្គើរបេះដូងគេ តែចុងក្រោយពេលវេលាកាន់តែយូរទៅអ្នកកាន់តែឯកា អ្នកប្រៀបដូចជាឃុំខ្លួនឯងក្នុងទីងងឹតមួយដែលមើលអ្វីមិនឃើញ មិនច្បាស់លាស់ ។ ជានិច្ចកាលអ្នកតែងបារម្ភពីគេ នឹកដល់គេ ហើយក៏តែងតែចាប់ផ្ដើមមុនសឹងតែគ្រប់ពេលមិនថា ការឆាតទៅគេ ខលទៅគេ ផ្ញើសារទៅគេ ហើយអ្នកតែងលួចញញឹមពេលបាននិយាយជាមួយគេ ។
អ្នកកុហកខ្លួនឯងស្ទើរតែគ្រប់ពេល ដើម្បីឱ្យខ្លួនឯងមានស្នាមញញឹម មានភាពកក់ក្ដៅ មានក្ដីសុខ..តែចុងក្រោយការកុហកនៅតែជាការកុហកមិនអាចក្លាយជាការពិត គឺការពិតដែលគេមិនបានចាត់ទុកអ្នកជាមនុស្សក្នុងបេះដូងគេ នៅតែមិនអាចស្រលាញ់អ្នកបាន ។ ចុងក្រោយអ្នកនឹងចាប់ផ្ដើមហត់ ចាប់ផ្ដើមអស់ជំនឿចិត្ត ហើយកាន់តែឈឺចាប់ខ្លាំង ពេលនោះអ្នកបានសួរខ្លួនឯងថា តើខ្ញុំព្យាយាមដើម្បីអី ? បើដឹងច្បាស់ថា គ្មានថ្ងៃនឹងក្លាយជាគូស្នេហ៍នឹងគេផងនោះ...អ្នកសួរខ្លួនឯងទៀតថា តើខ្ញុំគួរបន្តទៀត ដើម្បីបានក្ដីស្រលាញ់ពីគេទៀតទេ ?
អ្នកមិនប្រាកដចិត្តថា អ្នកអាចរស់នៅដោយគ្មានគេ មិនប្រាកដចិត្តថា អ្នកអាចបំភ្លេចគេបាន ទើបអ្នកស៊ូទ្រាំ ត្រាំត្រែងកប់ខ្លួនឯងក្នុងភាពល្ងង់ខ្លៅ ។ អ្នកត្រូវសួរខ្លួនឯងវិញថា អ្នកអាណិតខ្លួនឯងទេ ហើយអ្នករស់នៅមានក្ដីសុខពិតប្រាកដទេ ? ចុះពេលណាទើបអ្នកព្រមដើរចេញហើយរកក្ដីសុខពិតប្រាកដឱ្យខ្លួនឯងម្ដង ? ពេលខ្លះក្ដីសុខក្នុងអារម្មណ៍មិនចាំបាច់ទាល់តែជាស្នេហាឡើយ មនុស្សនៅជុំវិញខ្លួនអ្នក មិត្តល្អៗ សុទ្ធតែអាចផ្ដល់ស្នាមញញឹមឱ្យអ្នក ។ គួរផ្អាកមួយរយៈទុកបេះដូងឱ្យនៅទំនេរ ដកខ្លួនចេញពីការឈឺចាប់តែគ្មានលទ្ធផលនោះ ហើយរង់ចាំអ្នកណាដែលចង់ចាប់ផ្ដើមជាមួយអ្នកវិញទើបប្រសើរ ៕
អត្ថបទ ៖ រាជ