
អូនម៉ាប់មិនសំខាន់ សំខាន់អូនមានចំណុចទាំងនេះ គ្រប់គ្រាន់បំផុតសម្រាប់បង !
បុរសភាគច្រើនតែងគិត និង ប្រាថ្នាចង់បាននារីជាទីស្រឡាញ់របស់ខ្លួនជានារីស្រស់ស្អាត និង ពិសេសនោះគឺរាងស្លីមអក្សរ S ដោយបានមើលរំលងចំពោះនារី មានរាងម៉ាប់ៗចោល គិតថាបណ្តើរទៅណាក៏ចូលចំណោមគេមិនចុះ ពោលគឺគ្មានទេនារីម៉ាប់ក្នុងក្រសែភ្នែក ប៉ុន្តែអ្នកអាចនឹងគិតខុសក៏ថាបាន ព្រោះនារីម៉ាប់ខ្លះ ម៉ាប់តែរាងប៉ុណ្ណោះ ប៉ុន្តែចិត្តគំនិត និង ក្តីស្រឡាញ់អាចមានជ្រាលជ្រៅខ្លាំងរហូតអ្នកស្មានមិនដល់ ។
ពិតហើយ បើសិនបានជួបនារីណាដែលត្រូវចិត្តហើយ សុំកុំគិតថានារីរូបនោះមានរាងស្អាត និង មិនស្អាត (ម៉ាប់ៗ) ច្រើនពេកអី តែសូមឱ្យគិតទៅលើអត្តចរិត និង ក្តីស្រឡាញ់ដែលគេមានសម្រាប់យើងវិញទើបល្អ ជួនកាលនាងម៉ាប់ៗ គឺម៉ាប់តែរូបរាងប៉ុណ្ណោះ ប៉ុន្តែនាងចេះសព្វគ្រប់ នាងចេះមើលថែកែតម្រូវ នាងចេះជួយផ្តល់គំនិតល្អៗ ចេះជួយរំលែកក្តីលំបាក នាងចេះថ្នាក់ថ្នម នាងចេះផ្អែមល្ហែមគ្មានទាស់ ពិសេសនោះគឺផ្តល់ក្តីស្រឡាញ់ពិតមិនប្រែដល់យើង ច្រើនជាងការរំពឹងទុករបស់យើងទៅទៀត ។
ដូច្នេះ ទោះបីម៉ាប់ក៏ដោយ ប៉ុន្តែបើនាងមានសេចក្តីស្រឡាញ់ពិត និង ស្មោះស្ម័គ្រនោះ គួរកុំរំលងនាងអី ។ ចំពោះខ្ញុំ រូបរាងគឺមិនសំខាន់ពេកនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺទឹកចិត្ត រួមទាំងក្តីស្រឡាញ់ពិតដែលនាងបានផ្តល់មកឱ្យខ្ញុំនេះឯង គឺគ្រប់គ្រាន់បំផុត ។ សាកគិតមើល៍ ទោះបីនាងមានរូបរាងម៉ាប់ៗ មិនបានន័យថា នាងគ្មានក្តីស្រឡាញ់ពិតមួយផ្តល់ឱ្យយើងឯណា តាមពិតទៅពេលខ្លះ នារីដែលមានរូបរាងម៉ាប់ៗ អាចនឹងមានក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រមួយ ឱ្យយើងបានច្រើនជាងនារីដែលមានរាងស្លីមស្អាតទៅទៀត (មិននិយាយទាំងអស់នោះទេ) ។ ទឹកចិត្ត និង ក្តីស្រឡាញ់គឺធំធេងបំផុត ព្រោះវាជាផ្លូវដែលផ្តល់ឱ្យយើងទាំងពីរដើររហូតដល់ចាស់ព្រឹត្តចាស់ព្រេង ។
រីករាយនឹងអ្វីដែលយើងបានជួប និង មានគឺល្អបំផុតសម្រាប់ជិវិតនេះ ។ បើជាគូព្រេង ជួបហើយក៏ស្រឡាញ់នាង ហើយដឹកដៃគ្នា ថែទាំគ្នា ស្រឡាញ់គ្នាច្រើនៗ ទើបជីវិតមានសុភមង្គល ។ ទោះអូនម៉ាប់ ក៏បងនៅតែត្រូវការអូន ព្រោះបងរំភើបនឹងក្តីស្រឡាញ់របស់អូនមានឱ្យបង ៕
ដោយ ៖ សាកល
រូបភាព ៖ ហ្វេសប៊ុក