កុំប៉ះពាល់របស់មានម្ចាស់ បើគ្មានសមត្ថភាពរកសង្សារខ្លួនឯងទេ នៅ Single មួយជីវិតទៅ !
មនុស្សគ្រប់រូបកើតមកសុទ្ធតែមានគូ គ្រាន់តែអ្នកខ្លះជួបគូស្នេហ៍ដែលត្រូវចិត្តលឿនកាន់ដៃគ្នាចូលរោងការដើម្បីទទួលបានកម្មសិទ្ធិជាប្ដី-ប្រពន្ធទៅលើមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ។ រឿងពិតដែលមិនអាចប្រកែកបានគឺ មិនថាក្មេងចាស់ប្រុសស្រីនោះទេ សុទ្ធតែត្រូវការសេចក្ដីស្រឡាញ់ និង ភាពកក់ក្ដៅពីអ្នកនៅជុំវិញខ្លួន ។
នៅក្នុងសង្គមយើងសព្វថ្ងៃ មិនថានៅក្នុងបទចម្រៀង ឬក្នុងជីវិតពិតនោះទេ យើងធ្លាប់បានឃើញច្រើនរាប់ភ្លេចទៅហើយនូវរឿងរ៉ាវស្នេហ៍ផិតក្បត់ សង្សារលួចលាក់មានអ្នកផ្សេង ស្នេហ៍ប្រះឆា ហើយអ្វីដែលឈឺចាប់ខ្លោចផ្សាបំផុតនោះគឺ ស្រឡាញ់គ្នាសុខៗស្រាប់តែមានអ្នកទី ៣ មកប្រកាសសង្គ្រាមស្នេហាចង់ឆក់យកមនុស្សដែលយើងកំពុងស្រឡាញ់ពេញបេះដូងទៅធ្វើជាកម្មសិទ្ធិរបស់គេ ។
ដូចពាក្យគេធ្លាប់ដំណាលថា «សេចក្ដីស្រឡាញ់មិនអាចហាមឃាត់បាន» តែភពផែនដីនេះធំល្វឹងល្វើយណាស់ មនុស្សម្នាក៏ច្រើនកក់កុញ ហើយមនុស្សល្អៗ ស្អាតៗនៅទំនេរមានច្រើនពាសពេញពិភពលោកកំពុងរង់ចាំសេចក្ដីស្នេហា ប៉ុន្ដែហេតុអ្វីចាំបាច់ត្រូវធ្វើជាមនុស្សនៅកណ្ដាលរវាងមនុស្សពីរនាក់ផ្សេងទៀត ហើយជាប់ឈ្មោះជាមនុស្សដណ្ដើមរបស់គេ ។ កើតមកជាមនុស្សមានដៃពីរ ជើងពីរ ខួរក្បាលមួយសម្រាប់ត្រិះរិះពិចារណាដូចគេឯងដែរ ម្ដេចក៏គ្មានសមត្ថភាពរកសង្សារម្នាក់ដែលគ្មានការជាប់ជំពាក់ជំពិនជាមួយអ្នកដទៃ ។
បើយើងយល់ថា ការដណ្ដើមស្នេហាពីអ្នកដទៃ គឺជាកម្មពៀរដែលគេបានជំពាក់យើងកាលពីជាតិមុន ឬលើកយកទ្រឹស្ដី «តម្ពក់មិនទៅ ព្នៅក៏មិនមក» មកប្រើនោះ គ្រាន់តែជាលេសដោះសារសម្រាប់បន្លប់វិប្បដិសេរីក្នុងចិត្តខ្លួនឯងប៉ុណ្ណោះ ។ បើជាប់ឈ្មោះថាយករបស់គេហើយ ទោះបីជាបានមកដោយមធ្យោបាយបែបណាក៏ដោយ បើមិនត្រូវមជ្ឈដ្ឋានជុំវិញជេរស្ដីទេ ក៏រស់នៅមិនបានសុខដែរ ហេតុដូច្នេះហើយមនុស្សដែលនៅទំនេរមានច្រើនពេញនគរ គួរបើកចិត្តឱ្យទូលាយ ក្រឡេករកមើលអ្នកដែលមិនទាន់មានគូកំណាន់ចិត្ត ប៉ុន្ដែបើគ្មានលទ្ធភាពរកសង្សារមួយខ្លួនឯងទេ សុខចិត្តនៅ Single មួយជីវិតទៀតកុំទៅជ្រៀតជ្រែកបំបែកស្នេហាអ្នកដទៃ ៕
ដោយ៖ បេប៊ី