រំលងបន្ទាត់ខណ្ឌពាក្យថា «មិត្តភក្ដិ» តែមិនមែនស្នេហា ជាអ្វីឱ្យប្រាកដ?
ពាក្យថាមិត្តភក្ដិគឺគ្រាន់តែជាទំនាក់ទំនងធម្មតារវាងមនុស្សពីរនាក់ ក្នុងលក្ខខណ្ឌមួយមិនលាយឡំជាមួយសម្ពន្ធភាពស្នេហា តែខ្ញុំនៅពេលនេះកំពុងដើរដល់ផ្លូវមួយមិត្តភក្ដិក៏មិនចំជាមិត្តភក្ដិ ស្នេហាក៏មិនចំជាស្នេហា តែម្នាក់ៗហាក់កំពុងរំលងហួសព្រំដែនពាក្យថាមិត្តភក្ដិហើយ ហើយមិនដឹងជាអ្វីនឹងគ្នាឱ្យប្រាកដ ?
ការចាប់ផ្ដើមទំនាក់ទំនងរវាងយើងទាំង ២ គឺផ្ដើមចេញមកមានលក្ខណៈមិនចំជាមិត្តភក្ដិតាំងពីដំបូងមកហើយ តែម្នាក់ៗហាក់ព្យាយាមលាក់បាំងអារម្មណ៍រៀងៗខ្លួនមិនព្រមបង្ហាញវាមក ខ្ញុំមិនដឹងថាគេនោះមានអារម្មណ៍ថាលើសពីមិត្តធម្មតាដូចខ្ញុំឬក៏អត់ទេ ហេតុនេះហើយទើបខ្ញុំមិនហ៊ានបង្ហាញឱ្យចំៗ ព្រោះខ្លាចខ្លួនឯងគិតតែម្នាក់ឯង ។ ទោះខ្ញុំជាមនុស្សមិនឆ្លាតនឹងរឿងរៀនសូត្រ តែបញ្ហានេះខ្ញុំមិនដប់គត់ទេ បើគ្រាន់ជាមិត្តភក្ដិធម្មតា ម៉េចក៏ម្នាក់ៗឆាតរកគ្នារាល់ថ្ងៃប្រើពាក្យឆ្លើយឆ្លងផ្អែមល្ហែមដាក់គ្នា ស្ទើរតែដាច់យប់រាល់ថ្ងៃ ? ម្នាក់ៗហាក់ព្រួយបារម្ភពីគ្នាស្ទើរគ្រប់ពេល ទៅណាមកណាបណ្ដើរគ្នាត្រសងតែមិនដែលហ៊ានកាន់ដៃគ្នា ទៅញ៉ាំនេះទៅញ៉ាំនោះ មើលកុនជាមួយគ្នា តែក្នុងនាមជាមិត្តភក្ដិ... ហឹមមម... វង្វេងវង្វាន់នឹងទំនាក់ទំនងមួយនេះណាស់ ។
ពេលខ្លះខ្ញុំមានអារម្មណ៍លួចអន់ចិត្ត លួចប្រចណ្ឌ ប៉ុន្តែគ្មានសិទ្ធិនឹងហាស្ដី ព្រោះមិនមែនជាអ្វីនឹងគេ បើខ្ញុំហួងហែងគេខ្លាំងលើសពីនេះ គឺមានន័យថាខ្ញុំចេះដឹងរឿងមិត្តភក្ដិជ្រុល តែខ្ញុំមិនមែនចេះដឹងរឿង មិត្តភក្ដិទេ គឺនាមជាមនុស្សម្នាក់កំពុងហួងហែងខ្លាចគេស្រឡាញ់អ្នកផ្សេងដែលមិនមែនជាយើង ។ ទំនាក់ទំនងមិនច្បាស់លាស់នេះដូចជាឆាកល្ខោនយ៉ាងម៉េចមិនដឹងពេលខ្លះខ្ញុំដូចជាចង់ហត់ ចង់បញ្ឈប់វាតែធ្វើបាន ។ មនុស្សជុំវិញខ្លួនសុទ្ធតែគិតថាយើងពីរនាក់ជាសង្សារនឹងគ្នា រហូតអ្នកខ្លះមិនហ៊ានរញ៉េរញ៉ៃជាមួយនឹងខ្ញុំ ព្រោះខ្លាចម្នាក់នោះប្រចណ្ឌ តែមានតែយើងទាំងពីរទេទើបយល់ច្បាស់ថា ទំនាក់ទំនងមួយនេះវាយ៉ាងម៉េច ។
មិត្តភាពជាមិត្តភក្ដិតែស្រដៀងនឹងស្នេហានេះពេលខ្លះខ្ញុំហាក់មានសុភមង្គលជាខ្លាំង តែពេលខ្លះខ្ញុំមានអារម្មណ៍ឯកានៅពេលដែលគេទុកខ្ញុំចោល ។ ពេលខ្លះក៏ខ្ញុំបង្វែរការគិតរបស់ខ្ញុំមកវិញថា «អឹស..មិនបាច់ជាសង្សារនឹងគ្នាចឹងល្អហើយ មិនចាំបាច់បែកបាក់គ្នា» ព្រោះទោះបីជាខ្ញុំមិនអាចក្លាយជាសង្សារគេក៏ខ្ញុំនៅតែរក្សាទំនាក់ទំនងមួយនេះតទៅ ព្រោះមនុស្សល្អៗដូចជាគេមិនងាយរកបានទេក្នុងជីវិត ។ ខ្ញុំគិតថាលើលោកនេះមិនមែនមានតែខ្ញុំទេ ដែលឆ្លងកាត់អារម្មណ៍មួយនេះ ៕