ស្នេហាបែប Private រាប់ខែ ចុងក្រោយអ្នកចេញមុខជាសាធារណៈមិនមែនខ្ញុំ
នៅពេលដែលយើងបាក់ចិត្តស្រឡាញ់នរណាម្នាក់ពេញទំហឹង ទោះស្រឡាញ់ក្នុងលក្ខខណ្ឌអ្វីក៏យើងយល់ព្រមឱ្យតែមានចំណែកក្នុងបេះដូងគេ....!!
ស្នេហាខ្ញុំ និង គាត់គឺផ្ដើមចេញពីសិស្សច្បង និង សិស្សប្អូន រួមសាកលវិទ្យាល័យជាមួយគ្នាតែខុសគ្នាជំនាន់ គាត់ជាសិស្សច្បងខ្ញុំ ។ ខ្ញុំបានជួបគាត់លើកដំបូងនៅក្នុងកម្មវិធីសិក្ខាសាលាមួយនៅ CJCC ក្នុងនាមគាត់ជាអ្នកសម្របសម្រួលក្នុងកម្មវិធី ហើយខ្ញុំគ្រាន់តែអ្នកទិញសំបុត្រទៅអង្គុយស្ដាប់គេប៉ុនណោះ ។ ក្នុងចំណោមមនុស្សរាប់រយអ្នកក្នុងសាល ភ្នែកខ្ញុំតាមសំឡឹងតែគាត់ម្នាក់ប៉ុនណោះស្ទើរគ្រប់វិនាទី គាត់ជា my type ដែលខ្ញុំតែងស្រមៃចង់បាន ចរិតរហ័សរហួន ធ្វើខ្លួនរបៀបប្រុសស្អាត ធ្វើចរិតអឿៗ និយាយពីចិញ្ចើមវិញឡើងក្រាស់ឃ្នឹក ភ្នែកមុត មុខគ្មានមុនមួយគ្រាប់ រាងឡើងមាំ គូថឡើងទយ ជាងស្រីទៀត ។
ខ្ញុំហាក់ចាញ់ស្នេហ៍បុរសម្នាក់នឹងតាំងពីឃើញលើកដំបូង ហើយក៏គិតរួចជាស្រេចថា តើប្រុសចរិតហីៗចឹងចេះស្រឡាញ់ស្រីដែរអត់ ? ខ្ញុំនឹងប្រើសម្រស់ខ្ញុំ ទៅទាក់ចិត្តគាត់សិនក្រែងបានត្រឹម Friend Zone អីក៏បានដែរ ។ អាចថាខ្ញុំជាមនុស្សស្រីចិត្តសឿង មិនសូវចេះអៀនប្រៀនច្រើនដែរ ពេលចប់កម្មវិធីនោះ ខ្ញុំតាមដានគាត់ពីក្រោយរហូត ហើយខ្ញុំក៏ដឹងថាអាគាត់ម្នាក់នឹងមិនមែនមិនដឹងថាខ្ញុំសំឡឹងមើល តាំងពីក្នុងកម្មវិធីទេ តែគ្រាន់តែធ្វើមិនឃើញខ្ញុំតែប៉ុននឹង ។
មើលទៅទំនងមិនក្រឡេកក្រោយទេ ខ្ញុំក៏ដាច់ចិត្តហៅគាត់តែម្ដង ៖ «បងប្រុស ឈប់សិន» jm ហើយអញលើកទី១ហើយ ហ៊ានហៅប្រុសទាំងមិនដែលស្គាល់គ្នាសោះ (ខ្ញុំនិយាយក្នុងចិត្ត) ។ គាត់ក៏បានឆ្លើយទាំងរបៀបជាសុភាពបុរសថា «បាទមានអីមែនទេប្អូន?» អើយ ! គុណព្រះជួយ ហើយគាត់ និយាយឡើងពីរោះ ដល់ករហើយរាងក៏សង្ហាសូម្បីសម្ដីក៏ផ្អែមទៀត... ហើយគួរឆ្លើយបែបណាឱ្យសមទេនៀក ព្រោះខ្ញុំអត់មានអីសួររឿងប្រធានបទសិក្ខាសាលាមិញទេ តែខ្ញុំកំពុងមកតាមសុំហ្វេសប៊ុកគាត់ ឡើងសាហាវបាត់ !!
ខ្ញុំក៏បានសុំស្គាល់គាត់ ហើយសុំគាត់ចូលក្នុងក្រុមយុវជនស្ម័គ្រចិត្តប្រចាំសាលាជាមួយគាត់ផង ព្រោះវាក៏ជាចំណង់ចំណូលចិត្តខ្ញុំដែរ ការរៀបចំកម្មវិធីផ្សេងៗប្រចាំសាលា ។ ចៃដន្យណាស់ គាត់គឺជាប្រធាន ក្រុមយុវជនស្មគ្រចិត្តតែម្ដង ហើយក៏គាត់បានសួរ Account ហ្វេសប៊ុកខ្ញុំ ដើម្បី Add ចូលក្នុងគ្រុបយុវជននោះ...ថាអត់សំណាងមួយម៉ាត់ទៅ ប្រុងថានឹងមកសុំហ្វេសប៊ុកគាត់ តែបែរជាគាត់ជាអ្នកសុំវិញ ហិហិ..!!
ចាប់ពីថ្ងៃនោះមកខ្ញុំ និង គាត់ ឆាតលេងជាមួយគ្នារាល់ថ្ងៃហាក់ស៊ីសង្វាក់គ្នាណាស់ គាត់ជាមនុស្សល្អតើ គាត់តែងចែករំលែកបទពិសោធន៍ល្អៗមកឱ្យខ្ញុំ ក្នុងនាមគាត់ជាសិស្សច្បង ហើយខ្ញុំតែងហៅគាត់ថា សិស្សច្បងទាំងក្នុងឆាត និង ខាងក្រៅ ។ ពីថ្ងៃដែលខ្ញុំក្លាយជាសមាជិកក្នុងក្រុមគាត់ ខ្ញុំតែងព្យាយាមខិតខំធ្វើការងារយ៉ាងសកម្ម ហើយតែងទទួលបានការសរសើរពីគាត់ ។ ខ្ញុំកាន់តែខិតជិតគាត់បន្តិចម្ដងៗហើយទេតើ ហើយខ្ញុំនឹងព្យាយាមធ្វើខ្លួនឱ្យកាន់តែកៀកជាមួយគាត់ ធ្វើខ្លួនឱ្យកាន់តែគួរឱ្យ ស្រឡាញ់ឱ្យគាត់មើលឃើញ ។
រូបតំណាង
រៀងរាល់យប់ខ្ញុំឆាតលេងជាមួយគាត់រាប់ម៉ោង និយាយពីប្រវត្តិការសិក្សារៀងៗខ្លួន ហើយយប់ខ្លះ យើងក៏និយាយអំពីរឿងរ៉ាវហួសចិត្តមួយចំនួនដែលធ្លាប់ឆ្លងកាត់ក្នុងជីវិត រាល់ពេលឆាតជាមួយគាត់ ខ្ញុំតែងតែមានស្នាមញញឹម ហើយពេលខ្លះបន្លឺសំឡេងសើចចេញមកក្រៅ ព្រោះតែពាក្យកំប្លែងៗរបស់គាត់ ។ ខ្ញុំហាក់មានអារម្មណ៍ថា គាត់ក៏ចាប់អារម្មណ៍ខ្ញុំតិចៗដែរ ព្រោះឃ្លាឆ្លើយឆ្លងខ្លះគាត់ចង់បង្ហាញថា គាត់គ្មានអ្នកណាក្នុងបេះដូងទេ ហើយក៏គ្មានអ្នកណាស្រឡាញ់គាត់ដែរ ព្រោះអាងអីគាត់និយាយថា «អាក្រក់ដូចបងចឹងមានណាយក» ! ខ្ញុំចង់និយាយថា ខ្ញុំនេះហើយពេញចិត្តទទួលយកបងដៃ ១០ ចាំឱ្យតែបងសារភាពទេ !
កន្លងទៅមួយរយៈប្រហែលជាបាន ២ ខែ ខ្ញុំ និង គាត់កាន់តែស្និទ្ធស្នាល ហាក់លើសពីសិស្សច្បង និង សិស្សប្អូន តែក៏មិនទាន់ជាស្នេហា ព្រោះពាក្យស្រឡាញ់មិនទាន់ឮចេញពីមាត់ម្នាក់ណាឡើយ ។ ខ្ញុំប្រហែលជាមិនអាចរង់ចាំឱ្យគាត់សារភាពបានទេ មើលទៅខ្ញុំប្រហែលធ្វើជាមនុស្សស្រីខុសគេម្នាក់ឯងហើយ ដែលហ៊ានបង្ហាញក្ដីស្រឡាញ់ទៅកាន់មនុស្សប្រុសមុន ។ ខ្ញុំសម្រេចចិត្តសារភាពប្រាប់គាត់ តាមឆាតថា «សិស្សប្អូនម្នាក់នេះកំពុងស្រឡាញ់បងហើយ» គាត់ហាក់មិនភ្ញាក់ផ្អើលនឹងពាក្យសារភាព របស់ខ្ញុំសោះឬមួយក៏គាត់បានដឹងហើយថាខ្ញុំស្រឡាញ់គាត់ ? មែនហើយគាត់មើលខ្ញុំធ្លុះតាំងពីថ្ងៃដែលខ្ញុំទៅសុំចូលរួមការងារយុវជននោះមកម្ល៉េះ គាត់ប្រាប់ថា គាត់ដឹងតាំងពីយូរថាខ្ញុំចាប់អារម្មណ៍គាត់ ហើយគាត់ក៏មានចិត្តដែរ ទើបផ្ដល់ឱកាសឱ្យ ។
យេ!! គាត់ក៏ចាប់អារម្មណ៍ខ្ញុំដែរ តាំងពីថ្ងៃនោះមកយើងពីរនាក់មិនមែនគ្រាន់តែជាសិស្សច្បង និង សិស្សប្អូនទេ តែជាសង្សារបែបស្ងាត់ៗ មិនបង្ហាញ មិនឱ្យអ្នកណាដឹង មិនដាក់ Relationship លើហ្វេសប៊ុក មិនបង្ហោះរូបជាមួយគ្នា ហើយធ្វើជាមិត្តធម្មតាពេលនៅមុខអ្នកដទៃ....ទាំងនេះជាលក្ខខណ្ឌដែលគាត់ដាក់ឱ្យខ្ញុំ ហើយខ្ញុំក៏ព្រមទទួល ធ្វើម៉េចគាត់មានក្រេឌីតជាងយើងតាំងពីដំបូងមកហើយ ។ ហឹមមម...តែគាត់ស្រឡាញ់ខ្ញុំមែនឬក៏អត់នឹង ព្រោះតាំងពីថ្ងៃដែលថាធ្វើជាសង្សារនឹងគ្នា គាត់ក៏កាត់បន្ថយការឆាតជាមួយខ្ញុំមិនដូចពីមុនទេ ខ្ញុំតែងតែគិតថា ទំនាក់ទំនងរវាងពួកយើងជាអ្វីឱ្យប្រាកដ ?
គ្រប់ពេលគាត់តែងអះអាងចេញពីមាត់ថា ស្រឡាញ់ខ្ញុំ តែគាត់សុំពេលមួយរយៈធ្វើការងារសំខាន់ៗ របស់គាត់ ចាំដល់ពេលមួយមានឱកាសល្អ គាត់នឹងបង្ហាញឱ្យគ្រប់គ្នាបានដឹង ថាយើងជាសង្សារនឹងគ្នា ។ ក្នុងអំឡុងពេលដែលធ្វើជាគូស្នេហ៍បែប Private ខ្ញុំគឺជាអ្នកដែលយកចិត្តទុកដាក់ខ្លាំងរឿងស្នេហានេះ ខ្ញុំជាអ្នកផ្ដើមមុនគ្រប់យ៉ាងទាំងការឆាត ទាំងណាត់គ្នាញ៉ាំអី ទាំងការកាន់ដៃគ្នា ហើយទាំង…..ស្នាមថើមក៏ខ្ញុំជាអ្នកផ្ដើមមុន...!!!!
បើមិនស្រឡាញ់ខ្ញុំពិត កុំផ្ដល់ក្ដីសង្ឃឹមឱ្យខ្ញុំ ម៉េចមិនបដិសេធតាំងពីដំបូង
កន្លងហួសទៅកាន់តែច្រើនខែ ខ្ញុំនៅតែជាអ្នកដែលហួងហែងលើស្នេហាមួយនេះ ហើយខ្ញុំកាន់តែហត់ នឿយនឹងស្នេហាមិនច្បាស់លាស់ដែលគាត់ផ្ដល់ឱ្យខ្ញុំ... ពេលមួយខ្ញុំក៏បានសួរទៅគាត់ថា «បងស្រឡាញ់ខ្ញុំពិតមែនអត់» ? គាត់ហាក់គាំងនឹងសំណួរនេះ និង បង្ហាញទឹកមុខយ៉ាងច្បាស់ក្រឡែតថា គាត់បង្ខំចិត្តស្រឡាញ់ខ្ញុំ តាំងពីដំបូង..ខ្ញុំយល់ទឹកមុខគាត់ពេលនឹងយ៉ាងច្បាស់ សឹងតែថា មិនបាច់គាត់ឆ្លើយក៏ខ្ញុំអាចយល់បានដែរ ព្រោះបូករួមទាំងអ្វីដែលគាត់បានផ្ដល់ឱ្យខ្ញុំកន្លងមក ទាំងទឹកមុខគាត់ នៅពេលនេះជាចម្លើយយ៉ាងគ្រប់គ្រាន់ថា គាត់កំពុងយកមនោសញ្ចេតនាខ្ញុំទៅលេងសើច ! ខ្ញុំដើរចេញ ពីគាត់ទាំងមិនបានស្ដាប់ចម្លើយទេ ព្រោះខ្ញុំខ្លាចទឹកភ្នែកហូរចុះមកនៅមុខគាត់ ខ្ញុំមិនចង់ឱ្យខ្លួនឯង កាន់តែថោកជាងនេះឡើយ ។
មែនទីបំផុត ខ្ញុំក៏បានទទួលសារមួយពីគាត់និយាយពាក្យយ៉ាងខ្លី «Sorry» ជាពាក្យដែលកំពុងសម្លាប់ បេះដូងខ្ញុំឱ្យខ្ទេចជាបំណែកៗ ព្រោះកន្លងមកខ្ញុំគិតថាគាត់ក៏ស្រឡាញ់ខ្ញុំ ហើយខ្ញុំបានប្រគល់ក្ដីស្រឡាញ់ជូនគាត់ ១០០ % គ្មានទុកចំណែកណាមួយសម្រាប់ខ្លួនឯងឡើយ ។
ទីបំផុតអ្នកដែលគេស្រឡាញ់ពិតប្រាកដបានបង្ហាញមុខ !
ក្រោយផ្ដាច់ទំនាក់ទំនងជាមួយខ្ញុំបានមួយរយៈ មនុស្សប្រុសម្នាក់នេះ បានដាក់ In Relationship ជាមួយស្រីផ្សេងជាសាធារណៈ ។ នេះបញ្ជាក់ច្បាស់ថា ក្នុងពេលដែលទាក់ទងជាមួយខ្ញុំ គេមានអ្នកដែល គេស្រឡាញ់ហើយ អីចឹងសោះទើបបានជាស្រឡាញ់ខ្ញុំដូចអត់ស្រឡាញ់ ចឹងសោះបានជាមិនបង្ហាញសាធារណៈព្រោះគាត់មិនបានប្រាកដជាប្រជាជាមួយខ្ញុំទេ ហើយការដែលខ្ញុំបែកពីគាត់ ទំនងជាធ្វើឱ្យគាត់ធួរទ្រូងមិនខាន ។ ខ្ញុំចង់និយាយទៅកាន់ប្រុសម្នាក់នោះថា អ្នកបានបំផ្លាញក្ដីស្រឡាញ់ខ្ញុំ បោកប្រាស់មនោសញ្ចេតនារបស់ខ្ញុំ អ្នកបានធ្វើឱ្យខ្ញុំឈឺស្ទើរស្លាប់ ខ្ញុំស្អប់អ្នក «S» ៕
អត្ថបទ ៖ កូនឆ្មារតូច