អាយុកាន់តែច្រើន អ្វីដែលខ្លាចបំផុត គឺខ្លាចម៉ាក់ឱ្យយកប្ដី
ធម្មជាតិបានកំណត់មកឱ្យជីវិតសត្វលោកតែងមានគូ ដូចមនុស្សដែលកើតមកកម្រនឹងជៀសផុតពីជីវិតត្រូវមានគូណាស់ដែលហៅថាប្ដីប្រពន្ធ ។ កាលខ្ញុំនៅអាយុតិច នៅក្មេងវ័យខ្ញុំមិនដែលនឹកភ័យថា ត្រូវយកប្ដី ឬ ខ្លាចគេចូលស្ដីដណ្ដឹងឡើយ តែពេលអាយុកាន់តែច្រើនពេញវ័យការ ខ្ញុំចេះតែមានអារម្មណ៍ភ័យៗថា តិចខ្ញុំត្រូវរៀបការ តិចខ្ញុំត្រូវប៉ាម៉ាក់ឱ្យមានគ្រួសារទៅ ?
ម៉ាក់អើយ ! កូនឃើញគេដ្រាម៉ាលើហ្វេសប៊ុករាល់ថ្ងៃរឿងស្នេហា កូនចេះតែគិតថា ម៉េចបានម្នាក់ៗ ហាក់យកជីវិតខ្លួនឯងទៅញាំញីជាមួយរឿងនឹងម៉េះ ? ចំពោះកូនមានប៉ាម៉ាក់រស់នៅក្បែររាល់ថ្ងៃបែបនេះ គឺកូនមានក្ដីសុខណាស់ទៅហើយ រហូតពេលខ្លះកូនគិតថា មិនចង់បានអ្នកណាចូលមកជីវិតកូនក្រៅពីប៉ាម៉ាក់ឡើយ ។ កូនឃើញមិត្តភក្ដិកូនរៀបការម្ដងម្នាក់ៗ កូនចេះតែភ័យខ្លាចដល់វេនខ្លួនឯង ព្រោះកូនចេះតែខ្លាចនឹងជីវិតគូ ចេះតែខ្លាចនឹងការខូចចិត្តឈឺចាប់ បែកបាក់ដូចជាមិត្តភក្ដិកូនខ្លះ និង អ្នកដែលតែងបង្ហាញភាពឈឺចាប់លើបណ្ដាញសង្គមកន្លងមក ។
ជីវិតរស់នៅម្នាក់ឯងមើលទៅហាក់សោះកក្រោះបន្តិច តែកូនហាក់សប្បាយចិត្តនឹងជីវិតបែបនេះ បើក្រឡេកទៅមើលអ្នកមានគូហាក់ជួបប្រទះនូវរឿងរ៉ាវជាច្រើនស្ទើរតែរកពេលញញឹមបានតិចជាងកូនផង ។ កូនចង់ប្រើជីវិតនៅម្នាក់ឯងឱ្យបានយូរធ្វើអ្វីៗដើម្បីខ្លួនឯង និង ប៉ាម៉ាក់សិន ពិសេសចំណាយពេលសាងអានុស្សាវរីយ៍ល្អៗជាមួយមិត្តល្អៗរបស់កូនឱ្យអស់ចិត្តសិន ហើយបើសិនបើអាចតើកូនស្រី ម្នាក់នេះអាចប្រើជីវិតនៅក្បែរប៉ាម៉ាក់រហូតទៅបានទេ ?
កូនចេះតែខ្លាចនឹងជីវិតត្រូវមានប្ដី ព្រោះកូនឃើញអ្នកមានសុភមង្គលព្រោះ មានស្វាមីល្អ មានចំនួនតិចតួចពេក ។ កូននៅតែគិតថា តើកូនត្រូវធ្វើជាភរិយាល្អដូចម្ដេចខ្លះទើបទទួលបានការអាណិតថ្នាក់ថ្នម យល់ចិត្តពីស្វាមី ? ហើយតើកូនត្រូវធ្វើជាកូនប្រសាយ៉ាងម៉េចខ្លះទើបទទួលបានការស្រឡាញ់អាណិតពីឪពុកម្ដាយក្មេក ? រៀបការហើយមិនដឹងថា ជីវិតកូនត្រូវរស់នៅមានក្ដីសុខ ឬ រស់នៅបែបណានោះទេ ។ ហេតុផលទាំងនេះហើយ ទើបកូនចេះតែខ្លាចនឹងយកប្ដី ។
កូនចង់ប្រើជីវិតរស់នៅជាមួយប៉ាម៉ាក់ឱ្យយូរចង់មានក្ដីសុខច្រើនបំផុតជាងមានទុក្ខ នៅក្បែរប៉ាម៉ាក់ កូនដឹងថា រឿងរៀបការប្រាកដជាជៀសមិនផុតឡើយ តែកូនដឹងច្បាស់ថា កូននឹងមិនអាចមានក្ដីសុខពេញលេញបែបនេះទៀតឡើយ ក្រោយរៀបការរួច ៕