កុហកខ្លួនឯងថា ចាត់ទុកគេជាមិត្តល្អ ព្រោះចង់ក្បែរគេ មិនចង់បាត់បង់គេ
ពីមនុស្សដែលមិនស្គាល់គ្នាសោះ ក្លាយជាមិត្តនឹងគ្នាក្នុងរយៈពេលខ្លី ពីមិត្តភាពធម្មតាៗសោះ ក៏ចាប់ផ្ដើមស្និទ្ធស្នាលនឹងគ្នាខ្លាំង រហូតបាត់មុខគ្នាមិនបាន ទៅណាមកណាតែ២នាក់ដូចជាសង្សារ តែមិនមែនជាសង្សារនឹងគ្នា ។ ពីមនុស្សដែលឯកោបំផុត ក្លាយមកជាមនុស្សរីករាយ ពេលដែលមានវត្តមានគេក្នុងជីវិត ។ ខ្ញុំតែងតែទុកគេជាមិត្តល្អម្នាក់ ហើយគេក៏ទុកខ្ញុំជាមិត្តល្អដូចគ្នា យើងតែងប្រាប់គ្នា យើងជាមិត្តនឹងគ្នា ហើយខ្ញុំក៏មិនដែលគិតអ្វីលើសពីមិត្តឡើយ ត្រឹមបាននៅក្បែរគ្នារាល់ថ្ងៃបែបនេះ គឺវាមាន សេចក្ដីសុខណាស់ទៅហើយ.. ។
រូបតំណាង
ទំនាក់ទំនងរវាងពួកយើងទាំង ២ កាន់តែស៊ីជម្រៅទៅ រហូតខ្ញុំបាត់មុខគេមិនបាន តែងណាត់ជួបគេមុន តែងបបួលគេមុន ដោយរកហេតុផលនេះ ហេតុផលនោះ ព្រោះនឹកគេខ្លាំងពេក តែខ្ញុំមិនដឹងទេថា គេមានចិត្តដូចខ្ញុំដែរឬយ៉ាងណា ។ គ្រប់ពេលគេមិនដែលបដិសេធនឹងខ្ញុំឡើយ គេតែងតែបង្ហាញភាពរីករាយពេលនៅក្បែរខ្ញុំ ហើយខ្ញុំតែងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យគេមានស្នាមញញឹម ។ តើខ្ញុំស្រឡាញ់គេហើយទេ ? ហេតុអ្វីពេលនេះឲ្យតែនៅក្បែរគេបេះដូងខ្ញុំលោតញាប់ខ្លាំងម្ល៉េះ ? ខ្ញុំក្លាយជាមនុស្សស្រឡាញ់គេម្នាក់ឯងហើយមែនទេ ?
កាលអារម្មណ៍ចាត់ទុកគេជាមិត្តម្នាក់ ខ្ញុំមិនដែលចេះឈឺចាប់ ចេះនឹក ចេះបារម្ភអីខ្លាំងពេកទេ តែពេលនេះខ្ញុំប្រែជាមនុស្សម្នាក់ផ្សេងខុសពីមុនស្រឡះ ។ នៅនឹងមុខគេខ្ញុំខំសម្ដែងធ្វើជាមិត្តនឹងគេ ព្រោះមិនចង់ឲ្យគេដឹង តែក្នុងចិត្តចង់សារភាពប្រាប់ត្រង់ៗថា ខ្ញុំស្រឡាញ់គេលើសពីមិត្ត តែខ្ញុំមិនទាន់មានភាពក្លាហានប្រាប់គេឡើយ ។ ហេតុអ្វីខ្ញុំបណ្ដោយចិត្តខ្លួនឯងដល់ថ្នាក់នេះ ហេតុអ្វីនៅមិននៅមកធ្វើឲ្យខ្លួនឯងឈឺចាប់ទាំងគេមិនដឹងអីសោះបែបនេះ ? ចិត្តមួយចង់ដកខ្លួនចេញពីគេ តែធ្វើមិនបាន ព្រោះមួយថ្ងៃចង់ជួបគេចង់ឆ្កួត ហើយចិត្តមួយទៀតចង់ដើរចេញឲ្យឆ្ងាយពីគេ ព្រោះមិនចង់ឲ្យខ្លួនឯងស្រឡាញ់គេខ្លាំងជាងនេះ ។
តើខ្ញុំគួរសារភាពដែរទេ ឬមួយនៅលួចយំ លួចឈឺចាប់ម្នាក់ឯងបែបនេះ ? ប្រសិនបើសារភាពហើយ គេប្រាប់ថាមិនបានស្រឡាញ់ខ្ញុំទេ នោះខ្ញុំនឹងត្រូវបាត់បង់គេ ព្រោះខ្ញុំពិតជាមិនអាចធ្វើមិត្តនឹងគេតទៀតបានឡើយ....!!!!!
អត្ថបទ ៖ មនុស្សកំសាក