ឡើងហួសចិត្តនឹកស្មានមិនដល់ ពេលបានដឹងរឿងប្លែកៗ ៥ យ៉ាងពី Jack Ma ទាំងនេះ
ដ្បិតតែជាមហាសេដ្ឋីលំដាប់ពិភពលោកមានលុយរាប់សែនលានដុល្លារ តែលោក Jack Ma ធ្លាប់មានប្រវត្តិរឿងរ៉ាវគួរឲ្យហួសចិត្តជាច្រើន ។ បើនិយាយពីរឿងជោគជ័យរបស់ស្ថាបនិកក្រុមហ៊ុន Alibaba គឺប្រាកដជាមានអ្នកដឹងច្រើន តែបើនិយាយពីប្រវត្តិប្លែកៗរបស់លោកវិញ មិនសូវមានអ្នកដឹងប៉ុន្មានឡើយ ។ ដូច្នេះសូមទៅដឹងរឿងទាំងនោះទាំងអស់គ្នា ៖
១. លោកដាក់ឈ្មោះ Alibaba ដោយសាររឿងព្រេងនិទានដ៏ល្បីល្បាញ Alibaba
ដោយសាររឿងព្រេងនិទាន Alibaba ជារឿងដែលគេស្គាល់ជាសាកល Ma ក៏ធ្វើការជ្រើសយកឈ្មោះ Alibaba មកធ្វើជាឈ្មោះក្រុមហ៊ុនតែម្ដង ព្រោះដូចគោលដៅក្រុមហ៊ុនរបស់លោកចង់ឲ្យគេស្គាល់ជាសាកលដែរ។ ម្យ៉ាងទៀត វាក៏ផ្ដើមដោយស្រះដំបូងគេរបស់អង់គ្លេស ”A”។ ដូច្នេះពេលចង់ស្វែងរក វាងាយស្រួល និង នៅលើគេជានិច្ច ។
២. ស្ត្រីទេសចរបរទេសម្នាក់គឺជាអ្នកដាក់ឈ្មោះ Jack Ma
តាមពិត Ma Yun ទើបឈ្មោះជាភាសាចិនរបស់លោក ។ តែដោយសារស្ត្រីជនបរទេសម្នាក់ពិបាកអាចពាក្យ Yun ក៏សួរគាត់ថា ចង់បានឈ្មោះអង់គ្លេសឬអត់? ជនបរទេសដដែលសួរគាត់ទៀតថា ឈ្មោះ Jack ល្អឬអត់ ព្រោះវាដូចជាឈ្មោះប្តី និងឪពុករបស់គាត់ដែរ។ Jack Ma ក៏ឆ្លើយថា អូខេ ហើយតាំងពីពេលនោះមកលោកក៏ប្រើឈ្មោះ Jack Ma ដែលគ្រប់គ្នាស្គាល់មកដល់សព្វថ្ងៃនេះ។
៣. លោករៀនអង់គ្លេសដោយខ្លួនឯង ដោយធ្វើជាមគ្គទេសក៍ដល់ជនបរទេសដោយមិនគិតថ្លៃ
ពេលអាយុ ១២ ឆ្នាំគាត់ចាប់ផ្ដើមរៀនភាសាអង់គ្លេសជាលើកដំបូង។ ពេលនោះកន្លែងដែលលោករស់នៅមិនមានសាលាអង់គ្លេស ឬសៀវភៅអង់គ្លេសឲ្យរៀនត្រឹមត្រូវទេ។ ដូច្នេះ លោកក៏សម្រេចចិត្តជិះកង់រយៈពេល ៤០ នាទីរាល់ថ្ងៃទៅតាមសណ្ឋាគារធំៗដើម្បីធ្វើជាមគ្គទេសក៍ទេសចរបរទេសដែលចង់ដើរមើលទីក្រុង Hangzhou ដោយឥតគិតថ្លៃអស់រយៈពេល ៩ ឆ្នាំ។ ពេលនោះហើយ ដែលលោករៀនចំណេះដឹងថ្មីៗដែលសាលា និងឪពុកម្ដាយរបស់លោកមិនធ្លាប់បានបង្រៀន។
៤. លោកដាក់ពាក្យប្រឡងចូលរៀននៅសាកលវិទ្យាល័យ Harvard ១០ ដងធ្លាក់ទាំង ១០ ដង
មុននឹងឈានដល់ចំណុចជោគជ័យដល់សព្វថ្ងៃ អ្នកមានបំផុតនៅចិនធ្លាប់ត្រូវបានគេបដិសេធរាប់ភ្លេច។ លោកធ្លាប់ដាក់ពាក្យធ្វើការនៅ ៣០ កន្លែង ត្រូវគេបដិសេធទាំង ៣០ កន្លែង។ ក្រៅពីនេះ លោកក៏ធ្លាប់ដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យល្បីអាមេរិក Harvard ដែរ តែមិនដែលជាប់ម្ដងឡើយ។ មានម្ដងលោកដាក់ពាក្យធ្វើការនៅក្រុមហ៊ុន KFC។ ក្នុងចំណោម ២៤ នាក់ដែលដាក់ពាក្យ ២៣ នាក់ជាប់ មានតែលោកម្នាក់ប៉ុណ្ណោះដែលគេបដិសេធ។
៥. “Beer” ជាពាក្យដែល Jack Ma ស្វែងរកនៅលើអ៊ីនធឺណិតដំបូងបំផុត
នៅឆ្នាំ ១៩៩៥ Jack បានធ្វើដំណើរទៅកាន់ទឹកដីអាមេរិកជាលើកដំបូង និងប្រើអ៊ីនធឺណិតជាលើកទី ១។ ពាក្យដំបូងដែលគាត់ Search គឺពាក្យ ”Beer” ដោយសារវាងាយប្រកប។ តែពេលលោកវាយពាក្យ ”China” រួច Search គ្មានព័ត៌មានបង្ហាញសូម្បីតែមួយពាក់ព័ន្ធនឹងចិន។ ពេលនោះ គាត់គិតថា គាត់នឹងធ្វើអ្វីមួយដើម្បីឲ្យវាយពាក្យ ”China” អាចបង្ហាញព័ត៌មានជាច្រើនពាក់ព័ន្ធនឹងប្រទេសកំណើត។ នោះជាចំណុចចាប់ផ្តើមដែលជំរុញចិត្តឲ្យគាត់បង្កើតវិបសាយភាសាចិន Alibaba នេះឯង ៕
អត្ថបទ ៖ រាជ
ប្រភព ៖ Yahoo