រឿង ៥ យ៉ាង ស្រីៗមិនគួរបង្ហោះលើហ្វេសប៊ុក ព្រោះដូចកំពុងបន្ទាបតម្លៃខ្លួនឯង
តម្លៃរបស់មនុស្សម្នាក់ៗគឺស្ថិតនៅលើបុគ្គលផ្ទាល់ខ្លួនជាអ្នកប្រព្រឹត្តិ ជាអ្នកតម្រែតម្រង់ខ្លួនឯង។ ការធ្វើឱ្យខ្លួនឯងមានតម្លៃខ្ពង់ខ្ពស់ ឬ ក៏ធ្វើឱ្យខ្លួនឯងធ្លាក់តម្លៃក៏មានចំណែកចូលរួមពីការប្រើប្រាស់បណ្ដាញសង្គមដែលរីកដុះដាលដូចផ្សិតនាបច្ចុប្បន្ននេះ ។ ហ្វេសប៊ុក ជាបណ្ដាញសង្គមពេញនិយមជាងគេ តែក៏គ្រោះថ្នាក់ជាងគេដែរ ដែលអាស្រ័យលើអ្នកប្រើប្រាស់ផ្ទាល់។ តទៅនេះជាការឆ្លុះបញ្ចាំងឱ្យឃើញពីការប្រើប្រាស់បណ្ដាញសង្គមដ៏ធំមួយនេះទាំងងងឹតងងុល ដែលផ្ដោតទៅលើនារីៗ ដែលជាជនងាយរងគ្រោះ។
១. បើកបង្ហាញរឿងផ្ទាល់ខ្លួនច្រើនហួសហេតុ
តាមពិតទៅបណ្ដាញសង្គមបង្កើតឡើង គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នា និង គ្នា ជាកន្លែងដែលប្រមូលផ្ដុំដោយព័ត៌មាន ចំណេះដឹង ការកម្សាន្ត ។ អ្នកខ្លះបែរជាយកហ្វេសប៊ុកធ្វើជាកន្លែងសម្រាប់លាតត្រដាងរឿងផ្ទាល់ខ្លួនទៅវិញ ។ នារីៗមួយចំនួនតែងចូលចិត្ត Drama លើបណ្ដាញសង្គមហួសហេតុ ជួនកាលរឿងកំប៉ិកកំប៉ុកតូចតាចសោះក៏បង្ហាញដែរ ។ មិនថាការបង្ហោះសារទាំងនោះក្នុងគោលដំណងអ្វីក៏ដោយ តែអ្វីដែលទទួលបានមកវិញគេនឹងអាចវាយតម្លៃថាអ្នកជាមនុស្សបែបនេះ ឬ បែបនោះ តាមអ្វីដែលអ្នកបង្ហាញប្រាប់គេនោះហើយ។
២. បង្ហោះរូបខ្លួនឯងច្រើនដោយគ្មានខ្លឹមសារ
ចំណុចសំដៅការបង្ហោះរូបមួយថ្ងៃៗច្រើនដងពេកមិនថាទៅផ្សារ ញ៉ាំអី ទៅសាលា ជួបជុំមិត្តភក្ដិ កន្លែងផឹកស៊ីជួបជុំ ។ ល ។ ការបង្ហោះរូបខ្លួនឯងដោយមិនបានភ្ជាប់ជាមួយសារអ្វីដែលសំខាន់ក៏គួរតែកាត់បន្ថយខ្លះទៅ ព្រោះអាចឱ្យអ្នកដទៃគិតថា មួយថ្ងៃៗអ្នកមិនបានធ្វើការរកស៊ីអ្វីទេ គិតតែបង្ហោះរូបឥតប្រយោជន៍ ។ ជួនកាលបើមានអ្នកណាចាប់ចិត្តបេតីចង់បានជាគូគេអាចនិយាយថា «កូនហ្នឹងមួយថ្ងៃៗឃើញបង្ហោះតែរូប» ។
៣. បង្ហោះវីដេអូ ឬ សារជេរប្រទេចអ្នកដទៃ
ត្រង់នេះកាន់តែបន្ទាបតម្លៃខ្លួនឯងកាន់តែខ្លាំង ដែលគេអាចវាយតម្លៃអ្នកយ៉ាងច្បាស់ថា អ្នកជាមនុស្សបែបណា ។ នារីៗមួយចំនួនយកហ្វេសប៊ុកជាកន្លែងបញ្ចេញកំហឹង អ្នកខ្លះហ៊ានជេរប្រទេចគ្នាសុទ្ធតែពាក្យគ្រោតគ្រាត ។ ត្រូវចាំទុកថាមនុស្សចេះដឹងពិតប្រាកដគេមិនធ្វើបែបនេះឡើយ គឺគេនឹងដោះស្រាយដោយវិធីផ្សេង មិនយកឈ្មោះពិត រូបពិត ទៅជេរប្រទេច ឬ ឈ្លោះគ្នាឲ្យមនុស្សទូទាំងប្រទេសដឹងឮឡើយ ។
៤. លាតត្រដាងការបែកបាក់ស្នេហាជាសាធារណៈ
បច្ចុប្បន្ននេះមានគូស្នេហ៍មិនតិចឡើយចូលចិត្តបង្ហាញរូបភាពផ្អែមល្ហែមឱ្យអ្នកដទៃបានឃើញហើយចូលរួមត្រេកអរជាមួយ តែនៅពេលបែកបាក់អ្នកខ្លះក៏បង្ហាញទៀត ដែលអាចឱ្យគេដឹងយ៉ាងច្បាស់ថា នារីម្នាក់នោះធ្លាប់មានសង្សារ ហើយឥលូវបែកគ្នាវិញ ។ ជួនកាលមានបុរសគេប្រុងនឹងស្រឡាញ់ ក៏គេគិតពិចារណាឡើងវិញដែរ ។ ដូច្នេះបើអាចសូមកុំ Show off ខ្លាំងពេក ព្រោះទាំងនេះជារឿងឯកជនផ្ទាល់ខ្លួន ។
៥. បង្ហាញភាពសិចស៊ីហួសហេតុបែបស្រើបស្រាល
ចំណុចនេះអាចនិយាយបានថា វាជាសិទ្ធិបុគ្គល ប្រសិនបើគេនិយាយថា នារីៗមិនគួរបង្ហាញភាពសិចស៊ីលើបណ្ដាញសង្គមប្រាកដជានារីៗខ្លះលើកឡើងថា នេះជាសិទ្ធិផ្ទាល់ខ្លួន ។ តែចំពោះបរិបទសង្គមខ្មែរ ការបង្ហាញភាពសិចស៊ី គឺមិនសូវទទួលបានការសាទរឡើយ តែនឹងទទួលបាននូវការរិះគន់ ឬ ការវាយតម្លៃផ្សេងៗ ។ ពិសេសយុវតីមួយចំនួនតូចថែមទាំងហ៊ានបង្ហាញកេរ្តិ៍ខ្មាសខ្លួនជាសាធារណៈលើបណ្ដាញសង្គមទៀតផង ៕