កប់ខ្លាំង! អ្នកលក់ចេកអាំងនៅកែងផ្សារទួលគោក មួយខែចំណេញ ៣ ពាន់ដុល្លារ
ប្រកបរបរលក់ចេកអាំងជាង ២០ ឆ្នាំនៅកែងផ្សារទួលគោក អ្នកស្រី ប៉ាល់ ស៊ីថា ប្រាប់ថាក្នុង ១ ថ្ងៃអាចរកចំណូលបានរហូតដល់ ១ លានរៀលឯណោះស្មើនឹង ២៥០ ដុល្លារ ។ ក្នុងនោះដកថ្លៃដើមអស់ អ្នកលក់ចេកអាំងរូបនេះប្រាប់ថា អាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារ ។ ដូច្នេះក្នុងមួយខែៗអ្នកស្រីអាចរកប្រាក់ចំណេញបានពីអាជីវកម្មដ៏ងាយស្រួលនេះ បានជាង ៣ ពាន់ដុល្លារ ។
អ្នកស្រី ប៉ាល់ ស៊ីថា
ពេលដែលលោកអ្នកធ្វើដំណើរពីផ្សារទួលគោក បត់ឆ្វេងដៃបន្តិច នោះនឹងឃើញចេកអាំងទាំងចង្កាក់ដាក់អាំងយ៉ាងឈ្ងុយឈ្ងប់មានគ្រប់រសជាតិ ។ ក្នុងមួយថ្ងៃៗអ្នកស្រី ស៊ីថា ទម្លាយថា ត្រូវប្រើចេកអស់ជិត ២០០ ស្និតឯណោះ ហើយមូលហេតុដែលមានការគាំទ្រខ្លាំងបែបនេះ ព្រោះចេកអាំងរបស់អ្នកស្រីមានគ្រប់រសជាតិ មានទាំងដាក់ដូង និង ចេកអាំងធម្មតា ។ ចំណែកឯអតិថិជនវិញមានទាំងអ្នកធ្វើការ ទាំងសិស្សសាលា និង អតិថិជនទូទៅ មានខ្លះជិះរថយន្តទំនើបៗក៏ទៅរង់ចាំទិញចេកអាំងរបស់អ្នកស្រី ប៉ាល់ ស៊ីថា ដែរ ។
ក្រៅពីមានលក់ចេកអាំងដែលមានរសជាតិឆ្ងាញ់ អ្នកស្រី ស៊ីថា និង កូនៗក៏មានលក់ជាអន្សមអាំងមានដាក់ដូង និង ដាក់ត្រាវ នៅកន្លែងតែមួយហើយលក់ដាច់ខ្លាំងដូចគ្នា ។ ស្ត្រីសម្បុរស្រអែមស្រស់រូបនេះក៏ឲ្យដឹងដែរថា ចំណូលដែលរកបានពីរបរលក្ខណៈគ្រួសារនេះ បានធ្វើឲ្យអ្នកស្រី និង គ្រួសារ អាចរស់នៅរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ ហើយថែមទាំងអាចផ្គត់ផ្គង់លើការសិក្សារបស់កូនៗរហូតដល់ថ្នាក់បរិញ្ញាបត្រទៀតផង ។
ប្រសិនបើប្រិយមិត្តចង់សាកចេកអាំងនៅផ្សារទួលគោកនេះឆ្ងាញ់ប៉ុនណា អាចសាកទៅផ្ទាល់ ឬ មួយក៏អាចទាក់ទងទៅកាន់លេខទូរសព្ទ ០៧០ ៣៥៥ ៦៥៨ ៕
អត្ថបទ៖ រាជ