ធ្លាប់ជួបអត់? មនុស្សខ្លះចូលចិត្តនិយាយវាយប្រហ-ា/រមិនផ្តល់តម្លៃអ្នកដទៃ តែតាំងខ្លួនជាមនុស្សនិយាយត្រង់ទៅវិញ
អ្វីទៅជាមនុស្សនិយាយត្រង់? មនុស្សនិយាយត្រង់ ជាមនុស្សដែលឃើញអ្វីជាការពិត និយាយចេញមកជាការពិត និង ចេញពីចិត្តពិត។ មនុស្សនិយាយត្រង់ រមែងតែជាបុគ្គលដែលមានសីលធម៌ និង ការអប់រំក្នុងខ្លួន ពួកគេតែងដឹងថាពេលណាគួរ និង មិនគួរនិយាយ ដោយហេតុការនិយាយ គេដឹងថាវានឹងបង្ហាញពីតម្លៃខ្លួនឯងផង និង ការគោរពឱ្យតម្លៃអ្នកដទៃផង។
ដោយឡែក មនុស្សមួយចំនួនជាមនុស្សច្រណែន ចូលចិត្តវាយប្រហារគេ ពេលខ្លះធ្វើអ្វីគេមិនបាន ដល់ថ្នាក់ប្រើវិធីដៀមដាមដោយប្រយោល លុះគេចាប់បាន ក៏និយាយបាំងមុខថាខ្លួនជាមនុស្សនិយាយត្រង់ ដែលនេះអាចចាត់ចូលជាមនុស្ស fake ឬ មនុស្សក្លែងបន្លំ ដែលគួរប្រុងប្រយ័ត្នបំផុត។ ដើម្បីសម្គាល់ និង ជៀសឆ្ងាយពីបុគ្គលប្រភេទនេះ អ្នកអាចសម្គាល់ចរិតលក្ខណៈពួកគេតាមរយៈ ៥ ចំណុចខាងក្រោម។
១. មុខពីរ
សំដៅដល់មនុស្សដែលនៅពីមុខយើងនិយាយផ្សេង នៅក្រោយខ្នងនិយាយផ្សេង។ មានន័យថានៅពីមុខ គេសម្តែងធ្វើជាមនុស្សល្អ ត្រឹមត្រូវ ស្មោះត្រង់ តែពេលដើរចេញ ពួកគេនឹងរិះគន់ និង និយាយដើមអ្នក។ មនុស្សបែបនេះគ្មានមិត្តភាពពិតប្រាកដ និង បង្កភាពច្របូកច្របល់។ បើចៀសខ្លួនឆ្ងាយបានលឿនកាន់តែល្អ។
២. វាយប្រហារដោយប្រយោល
ជំនួសឱ្យការវាយប្រហារដោយផ្ទាល់ ជារឿយៗបុគ្គលប្រភេទនេះ តែងបង្ហាញអារម្មណ៍ប្រឆាំង ឬ អវិជ្ជាមានតាមវិធីប្រយោលណាមួយ ដូចជានិយាយដៀមដាម ឬ ប្រើបណ្តាញសង្គមដើម្បីជាអាវុធ។ គេអាចនិយាយជាសាច់រឿងលើកឧទាហរណ៍បាញ់ចំៗ ជួនប្រើពាក្យអសុរោះ ជួននិយាយបែបកំប្លែង តែវាយប្រហារចំតែម្តង។ ឥរិយាបថនេះអាចធ្វើឱ្យអ្នកពិបាកចាប់កំហុស ប៉ុន្តែបើប្រមូលភស្តុតាងបានច្រើន គួរបើកការនិយាយសម្អាតចេញម្តង។ គួរចងចាំថា មនុស្សប្រភេទនេះភាគច្រើនបានតែក្រោយខ្នងយើងប៉ុណ្ណោះ បើមិនចង់ខាតពេល ខាតអារម្មណ៍ គួរកុំទៅខ្វល់ យូរៗទៅធាតុពិតរបស់គេនឹងត្រូវបានមនុស្សជុំវិញខ្លួនដឹងដោយឯកឯង។
៣. យល់ស្របគ្រប់យ៉ាង
មនុស្ស fake គេតែងយល់ស្របនូវអ្វីគ្រប់យ៉ាងដែលអ្នកនិយាយ។ គេធ្វើដូចនេះដើម្បីឱ្យអ្នកទុកចិត្ត រួចអ្នកនឹងចែករំលែករឿងរ៉ាវ ក៏ដូចជាព័ត៌មានផ្ទាល់ខ្លួនទាំងប៉ុន្មានទៅកាន់ពួកគេ។ កាលណាពួកគេមានរឿងរបស់អ្នកក្នុងដៃ ពួកគេនឹងប្រើវាជាអាវុធដើម្បីវាយប្រហារអ្នកវិញ។ និយាយរួម នៅមុខអ្នកគេមើលមកជាមនុស្សគាំទ្រអ្នកខ្លាំង ប៉ុន្តែធាតុពិតក្នុងចិត្តគេពោរពេញទៅដោយចេតនាកម្ចាត់អ្នកគ្រប់វិនាទី។
៤. មិត្តភាពក្លែងក្លាយ
គេធ្វើខ្លួនជាស្និទ្ធស្នាលជាមួយអ្នកខ្លាំង ដើម្បីបិទបាំងចេតនារបស់ពួកគេ។ ពួកគេធ្វើដូចជាខ្វល់ខ្វាយខ្លាំង ឬ ជួយខ្លាំង បើទោះស្ថានភាពមិនចាំបាច់។ ឥរិយាបថនេះជាវិធីមួយធ្វើឡើងដើម្បីឱ្យគេមើលមកគួរឱ្យចូលចិត្ត និង ទុកចិត្ត ប៉ុន្តែគោលដៅរបស់ពួកគេ គឺដើម្បីទុកអ្នកប្រើជាប្រយោជន៍នៅពេលក្រោយវិញ។ ជាពិសេស បើមានបញ្ហា ពួកគេអាចនឹងទម្លាក់មកលើកអ្នក រួចរត់យករួចខ្លួនតែម្តង។
៥. ឧបាយកល
មនុស្សប្រភេទនេះ ពូកែរៀបចំស្ថានការណ៍ដែលយើងពិបាកនឹងចាប់បាន។ ពួកគេអាចនិយាយពា្យចចាមអារ៉ាមអំពីអ្នក ចែករំលែកព័ត៌មានបំភាន់ ឬ បំភាន់ការពិត ដែលអាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អ្នក។
ជារួមមក ការដឹងពីចរិតលក្ខណៈរបស់បុគ្គលក្លែងបន្លំ អាចជួយឱ្យអ្នកចៀសឆ្ងាយពីបញ្ហាទំនាក់ទំនង ឬ មិត្តភាពដែលបំពុលទាំងនៅក្នុងសង្គម និង កន្លែងធ្វើការ។ ហើយវាក៏ធានាបានថា អ្នកនឹងមិនធ្លាក់ក្នុងការបញ្ឆោត ឬ ការវាយប្រហាររបស់នរណាម្នាក់។ ដើម្បីការពារខ្លួន អ្នកគប្បីប្រកាន់ខ្ជាប់ការមិនជឿជាក់លើអ្នកដទៃលឿនពេក កម្រិតការចែករំលែកព័ត៌មានផ្ទាល់ខ្លួន រក្សាភាពជាអាជីព និង សេចក្តីថ្លៃថ្នូរ៕