បាលី ៥ យ៉ាង ជួយឱ្យសល់លុយខ្លះទុកសន្សំ សម្រាប់អ្នកប្រាក់ខែខ្ទង់ ៥០០ ដុល្លារ តែត្រូវអនុវត្តផងមិនអ៊ីចឹងសៀងចុងខែ
ប្រាក់ខែ ៥០០ ដុល្លារ ជាខ្ទង់ចំណូលគួរសមមួយសម្រាប់អ្នកធ្វើការនៅទីក្រុង។ យ៉ាងណាមិញ អ្នកធ្វើការមួយចំនួន ទោះប្រាក់ខែតិចនៅតែមិនសល់ ទោះឡើងដល់ ៥០០ ដុល្លារ ក៏នៅតែចាយខ្ទេចអស់ៗ។ បើចាយមិនចេះទប់ មិនចេះគិត ទោះប្រាក់ខែប៉ុន្មានក៏នៅតែរបូតដែរ។ ដូចនេះដើម្បីចាយលុយសល់ចុងខែ និង សន្សំទុកខ្លះ យើងសូមណែនាំគន្លឹះ ៥ យ៉ាងដូចខាងក្រោម៖
១. តាមដានការចំណាយ និង កំណត់ការចាយវាយឡើយវិញ
ប្រមូលព័ត៌មានលម្អិតអំពីការចំណាយប្រចាំខែឡើងវិញ ដូចជាការចាយវាយលើថ្លៃជួល ម្ហូបអាហារ ការធ្វើដំណើរ សម្លៀកបំពាក់ ការកម្សាន្ត និង របស់របរផ្សេងៗ។ ក្រោយសរុបរួចមក អ្នកត្រូវគិតគូរឡើងវិញ ថាតើអ្វីគួរ និង មិនគួរចាយ និង កំណត់ព្រំដែនការចាយ ដើម្បីជៀសវាងខ្ជះខ្ជាយឥតប្រយោជន៍។
២. គិតចម្បងលើតម្រូវការចាំបាច់
មុនពេលចំណាយលើអ្វីមួយ ត្រូវក្រើនរម្លឹកខ្លួនឯង ថាតើវាចាំបាច់ឬអត់? បើចាំបាច់ ចាំចំណាយ បើមិនចាំបាច់ កុំចំណាយ។ អ្នកត្រូវកំណត់ខ្លួនឯងឱ្យបានច្បាស់ ជៀសវាងចំណាយលើរបស់មិនចាំបាច់ដូចជា ការកម្សាន្ត សម្លៀកបំពាក់ ឬញុំាអាហារខាងក្រៅ…ជាដើម។ ត្រូវកាន់ជំហរជាប់ខ្លួន មិនត្រូវចាយលើអ្វីដែលលើសពីសមត្ថភាពរបស់ខ្លួនឡើយ។
៣. ហូបបាយផ្ទះ
ធ្វើម្ហូបនៅផ្ទះអាចសន្សំសំចៃបានច្រើនជាងចេញទៅខាងក្រៅ។ ម្យ៉ាងធ្វើម្ហូបខ្លួនឯងមានសុវត្ថិភាពជាង និង អនាម័យជាង។ មួយវិញទៀត អ្នកអាចធ្វើម្ហូបពីផ្ទះយកទៅហូបនៅកន្លែងធ្វើការ ដោយរៀបគម្រោងជាស្រេចសម្រាប់មុខម្ហូបពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ រកមើលកន្លែងលក់បន្លែត្រីសាច់ដែលមានតម្លៃសមរម្យ ឧទាហរណ៍ ទិញនៅផ្សារធម្មតាធូរជាងទិញនៅផ្សារទំនើប។
៤. ជ្រើសរើសអ្វីដែលហ្វ្រី ឬ ចំណាយតិចបំផុត
ជ្រើសរើសការកម្សាន្តទៅកន្លែងដែលមិនចំណាយលុយដូចជា បណ្ណាល័យ សួនសាធារណៈ កម្មវិធីរបស់សហគមន៍ ឬកម្មវិធីចូលកម្សាន្តឥតគិតថ្លៃ…ជាដើម។ ចំពោះរបស់ចាំបាច់ គួរទិញនៅពេលមានការបញ្ចុះតម្លៃច្រើនឬទិញរបស់មួយទឹក។ បើរបស់នោះប្រើម្តងម្កាល អាចពឹងពាក់ខ្ចីមិនមិត្តភក្តិសិន ជាជាងការទិញនាំចំណាយលុយ។
៥. បង្កើតការសន្សំ
មិនថាសន្សំតិចឬច្រើន ហោចណាស់ក៏សល់លុយសម្រាប់ពេលមានអាសន្ន ឬទុកទិញរបស់អ្វីមួយដែលតែងប្រាថ្នា។ អ្នកអាចប្រើសៀវភៅសម្រាប់សន្សំលុយ ឬបើកគណនីសន្សំនៅធនាគារណាមួយ។ ធ្មេចបើកៗ លុយសន្សំកើនឡើង អាចជាចំណែកមួយពង្រឹងផ្លូវចិត្ត និង មានទឹកចិត្តដើរទៅមុខបន្ត៕