ចិត្តមនុស្សស្រី ពេលដឹងថាប្តីផិ-/តក្បត់ទៅស្រឡាញ់បុរសដូចគ្នាឈឺចិត្តប៉ុនណា? តស់មកស្វែងយល់លើ ៥ ចំណុចនេះ!
សម័យនេះគេតែងនិយាយថា បើប្តីផិតក្បត់ទៅមានស្រីមិនសូវជាថ្វីទេ តែបើប្តីក្បត់ទៅមានប្រុស ទើបចម្លែក និង ជាបញ្ហា។ ចុះសួរថាជាមនុស្សស្រី បើប្តីក្បត់ចិត្តទៅយកមនុស្សប្រុសដូចគ្នា តើឈឺចិត្តដូចក្បត់ទៅយកមនុស្សស្រីឬមួយយ៉ាងណា? ចំពោះចម្លើយ អ្នកអាចស្វែងយល់តាមរយៈ ៥ ចំណុចខាងក្រោម។
១. ឈឺចាប់គ្មានទីបញ្ចប់
មិនថាកាលៈទេសៈណា ការផិតក្បត់ក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ វានឹងធ្វើឱ្យឈឺចាប់ខ្លាំង ដោយសារអ្វីដែលខំសាងទាំងទំនុកចិត្ត ភាពជឿជាក់ និង ក្តីស្រឡាញ់ ត្រូវបានបែកខ្ទេចទាំងស្រុង។ ជាពិសេស ការផិតក្បត់ទៅយកមនុស្សភេទដូចគ្នា នឹងបង្កបន្ថែមនូវភាពស្មុគស្មាញសឹងថាគ្មានទីបញ្ចប់។
២. អារម្មណ៍ច្របូកច្របល់
ពេលដឹងថាប្តីរបស់ខ្លួនមានសម្ព័ន្ធភាពនឹងភេទដូចគ្នា ស្ត្រីជាភរិយានឹងកើតអារម្មណ៍ច្របូលច្របល់ច្រើនក្នុងពេលតែមួយ។ អាចកើតអារម្មណ៍ ខឹង ស្អប់ ហួសចិត្ត ខ្មាស ឈឺចាប់ និង គិតថាខ្លួនឯងប្រៀបដូចទីងមោងត្រូវចាញ់បោក…ជាដើម។
៣. បាក់ស្បាត
បើក្បត់ទៅយកមនុស្សស្រីអាចគិតថាប្តីនឹងចេះកែខ្លួន ត្រឡប់មកស៊ីចង្វាក់គ្នាវិញទាំងផ្លូវកាយ និង ផ្លូវចិត្ត តែបើដឹងថាប្តីមានប្រុស មនុស្សស្រីអាចនឹងខ្លាចរអា ឬ គិតថាខ្លួនឯងជាល្បែងដែលគេគ្រាន់តែប្រើដើម្បីជាប្រយោជន៍ បិទបាំងធាតុពិត ឬ មានកូនដោយអារម្មណ៍ក្លែងក្លាយ។ ទោះត្រូវគ្នាវិញ មនុស្សស្រីនឹងនៅតែកើតចិត្តសង្ស័យពីអត្តសញ្ញាណភេទរបស់ប្តី ហើយគ្មានទំនុកចិត្ត ១០០ ភាគរយចំពោះអនាគតរបស់ខ្លួន។
៤. ភ័យខ្លាចសង្គមមាក់ងាយ
ស្ត្រីនឹងរងសម្ពាធពីសង្គមខ្លាំង ទាំងក្នុងគ្រួសារ និង ពីខាងក្រៅ។ នាងនឹងខ្លាចមនុស្សជុំវិញខ្លួន ខ្លាចការសួរនាំពីនាងផង ប្តីនាងផង និង រឿងរ៉ាវជុំវិញការខកចិត្ត។
៥. ប៉ះពាល់សុខភាពផ្លូវចិត្ត
ការឈឺចិត្តដោយសារប្តីមានប្រុស មិនងាយរលុបចេញពីចិត្ត ដូចប្តីមានស្រីឡើយ។ ចម្ងល់ជាច្រើននៅតែចាក់ដោតក្នុងចិត្ត យូរៗទៅបង្កជាជំងឺថប់បារម្ភ បាក់ទឹកចិត្ត និង ហត់នឿយផ្លូវអារម្មណ៍។ ជារួមមក មិនថាផិតក្បត់ភេទដូចគ្នា ឬ ភេទផ្ទុយគ្នា សុទ្ធតែធ្វើឱ្យបុគ្គលជាដៃគូមានការឈឺចាប់ គ្រាន់តែចំពោះភេទដូចគ្នាជារឿងផ្ទួនៗ ទាំងឈឺចាប់ផង ហួសចិត្តផង និង ខ្មាសគេផង៕