ចាប់បាន ៥ ចំណុចនេះច្បាស់ដូចថ្ងៃ អ្នកសំអាងខ្លួនជា Professional តែតាមពិតបន្លំសោះ
Professional សំដៅដល់ភាពវិជ្ជាជីវៈ បើក្នុងការងារ គេតែងនិយាយដល់ការធ្វើការប្រកបដោយភាពអាជីព។ មនុស្សធ្វើការមានវិជ្ជាជីវៈខ្ពស់ គេតែងប្រកាន់ខ្ជាប់ភាពច្បាស់លាស់ មិនថាសេវាកម្មឬផលិតផល គេនឹងផ្តល់ឱ្យនូវភាពល្អប្រសើរបំផុត។ មនុស្សប្រភេទនេះគេមិនធ្វើរឿងណា ដែលប៉ះពាល់ដល់ភាពជាអាជីពរបស់គេឡើយ។ តែបើគេធ្វើទាំងសំអាងថាខ្លួនជាមនុស្ស Professional មានន័យថា គេជាមនុស្សបន្លំ ដែលអ្នកគួរតែប្រុងប្រយ័ត្ន។ អ្នកអាចចាប់បានតាមរយៈចំណុច ៥ យ៉ាងដូចខាងក្រោម៖
១. ធ្វើអ្វីខុសពីច្បាប់ ឬគោលការណ៍
ពួកគេចូលចិត្តកែតម្រូវទៅតាមចិត្តឯង ទោះដឹងច្បាស់ថាវាហួសពីព្រំដែនឬគោលការណ៍ដែលបានកំណត់។ ជួនកាលពួកគេអាចកែតម្រូវច្បាប់ឬគោលការណ៍បន្លំភ្នែកទៀតផង។
២. ប្រើអារម្មណ៍ធ្វើការ
ទោះពួកគេប្រឹងធ្វើខ្លួន Professional ប៉ុនណា កាលណាធ្វើការដោយប្រើកំហឹង និង អារម្មណ៍ឆេវឆាវ ភាព Professional របស់ពួកគេនឹងរលាយចេញធាតុពិតមួយរំពេច។ អ្នកជំនាញបានផ្តល់ដំបូន្មាន បើមានអារម្មណ៍ក្រោធកើតឡើង គួរដើរចេញទៅកន្លែងណាមួយឱ្យស្ងប់ចិត្តសិន។ កាលណាបែងចែកមិនដាច់រវាងអារម្មណ៍ និង ការងារ វាអាចប៉ះពាល់ព្រមគ្នា ទាំងភាពជាអាជីពរបស់ខ្លួន ទាំងការងារ ជាពិសេស ក្រុមការងារតែម្តង។
៣. ធ្វើរឿងមិនស្មោះត្រង់
ពួកគេចូលចិត្តធ្វើខ្លួនជាអ្នកមានគុណ ជាមនុស្សល្អ និង ជាមនុស្សដែលជួយគេគ្រប់យ៉ាង ទាំងដែលតាមពិតទៅ នៅពីក្រោយខ្នង ពួកគេធ្វើរឿងមិនស្មោះត្រង់ ដើម្បីតែប្រយោជន៍ ដើម្បីមុខមាត់ ជួនលួចចាក់ពីក្រោយខ្នង។
៤. គ្មានសីលធម៌
សម្រាប់ការងារ ការកុហកឬបំភ្លៃការពិតត្រូវបានចាត់ទុកជាទង្វើអសីលធម៌។ មនុស្សបែបនេះ រាប់អានបានតែដំបូង បើសម្រាប់អ្នករាប់អានបានយូរ ភាគច្រើនគេសម្លឹងរកតែប្រយោជន៍ដូចគ្នាប៉ុណ្ណោះ។
៥. មិនគោរពឱ្យតម្លៃ
អ្នកធ្វើការមានភាពជាអាជីព គេមិនធ្វើទង្វើមើលងាយអ្នកដទៃឡើយ។ សូម្បីតែអ្នកក្រោមបង្គាប់ក៏ពួកគេឱ្យតម្លៃដែរ។ តាមការសិក្សារបស់អ្នកជំនាញ ការគោរពឱ្យតម្លៃអ្នកដទៃ គឺជាគ្រឹះដ៏រឹងមាំសម្រាប់ភាពជាអាជីពក្នុងការទំនាក់ទំនង៕