បើមានអារម្មណ៍ហត់នឿយនឹងកាងារ កុំប្រញាប់ដាក់ពាក្យលាឈប់ សាកល្បងវិធីសាស្រ្ត ៥ យ៉ាងនេះសិន
ជឿថាមានបុគ្គលិកធ្វើការងារមិនតិចនោះទេដែលមានអារម្មណ៍បែបនេះ ធ្វើការយូរទៅចាប់ផ្ដើមហត់នឿយ ជាពិសេសបើការងារធ្លាក់មកច្រើន បូករួមទាំងការរំពឹងខ្ពស់ពីក្រុមហ៊ុនទៀតរឹតតែធ្វើឱ្យយើងបាក់កម្លាំង ស្ត្រេស អស់អារម្មណ៍លែងចង់ធ្វើការ។
យ៉ាងណាមិញ បើសិនជាប្រិយមិត្តមានអារម្មណ៍បែបនេះមែន វាអាចជាស្ថានភាពអារម្មណ៍មួយហៅថា «Burn-out» ហើយបើមានអាការបែបនេះកុំប្រញាប់ចុះចាញ់ដាក់ពាក្យលាឈប់ពីការងារតក់ក្រហល់ភ្លាមៗនោះ ព្រោះថាអ្នកជំនាញបានបង្ហាញដំណោះស្រាយ ៥ ចំណុច ដែលអាចជួយឱ្យយើងជម្នះបញ្ហាផ្លូវអារម្មណ៍មួយនេះបាន។
១. ចាប់អារម្មណ៍តាមដានផ្លូវអារម្មណ៍ខ្លួនឯង
ស្ថានភាព Burn-out គឺមិនមែនកើតឡើងមកភ្លាមៗត្រឹមពេលមួយយប់នោះទេ វាកើតមានឡើងបន្តិចម្ដងៗ។ ប្រសិនបើចាប់អារម្មណ៍ថាខ្លួនឯងហត់នឿយរាល់ពេលទោះគេងគ្រប់គ្រាន់ក៏ដោយ នេះអាចជារោគសញ្ញាហើយ។ ដំណោះស្រាយនោះគឺថា ត្រូវស្មោះត្រង់នឹងខ្លួនឯង យល់ពីអារម្មណ៍ខ្លួនឯងកុំព្យាយាមចុះចាញ់វាភ្លាមៗ។ ទទួលស្គាល់ថា Burn-out អាចជួយឱ្យអ្នកប្រុងប្រយ័ត្នខ្លួនជាមុន មុនពេលវាធ្វើឱ្យអ្នកឈានទៅរកវិបត្តិកាន់តែធ្ងន់ធ្ងរ។
២. រៀននិយាយថា «ទេ»
ចំណុចនេះអាចនឹងពិបាកសម្រាប់អ្នកដែលតែងតែក្រែងចិត្តគេ និង តែងតែនិយាយ «okay» រាល់ពេលដែលមានគេស្នើសុំឱ្យធ្វើអ្វីមួយ។ ត្រូវយល់ថាអ្នកមិនមែនជា superhero ក្នុងអូហ្វិសនោះទេ ហើយអ្នកក៏មិនចាំបាច់ត្រូវធ្វើការងារសព្វបែបយ៉ាងនោះដែរ។ តាមការសិក្សាមួយចំនួនបានបង្ហាញថា ការនិយាយថា «ទេ» គឺសំខាន់ណាស់សម្រាប់ការគ្រប់គ្រងផ្លូវចិត្តរបស់ខ្លួន។ កំណត់ព្រំដែនខ្លួនឯងនៅកន្លែងធ្វើការ ហើយក៏កុំមានអារម្មណ៍ថាខ្លួនឯងធ្វើខុស។ វាគួរណាស់ក្នុងការបដិសេធដោយគួរសមទៅលើការងារបន្ថែមណាមួយនៅពេលដែលអ្នកកំពុងមានការងារគរដូចភ្នំហើយនោះ។
៣. ដើរលម្ហែរយៈពេលខ្លី
មិនចាំបាច់គិតដល់រឿងសម្រាកដើរលេងរាប់ខែនោះទេ ពេលខ្លះអ្វីដែលអ្នកកំពុងត្រូវការគឺការសម្រាករយៈពេលខ្លី ដើរលេងទៅកន្លែងដែលអ្នកចង់ទៅ។ អំឡុងពេលដើរលេងនោះ កុំឆែកមើលអ៊ីម៉ែល ឬ ទទួលទូរស័ព្ទពាក់ព័ន្ធនឹងការងារ ហើយក៏កុំផ្ញើសារទៅមិត្តរួមការងារ។ ផ្តោតសំខាន់តែលើដំណើរកម្សាន្តសប្បាយសម្រាប់ខ្លួនឯងប៉ុន្មានថ្ងៃនោះសិន ហើយបើកុំលេងបណ្ដាញសង្គមមួយរយៈទៀតរឹតតែល្អ។ ត្រូវជឿជាក់លើការសុំច្បាប់របស់អ្នក បំពេញការងារខ្លួនឯងឱ្យរួចរាល់ ឬស្វែងរកនរណាម្នាក់ឱ្យជួយមើលលើការងារណាដែលបន្ទាន់។
៤. សម្រាកក្រោយបញ្ចប់ម៉ោងធ្វើការ
អ្នកនឹងហត់នឿយកាន់តែខ្លាំង ប្រសិនបើអ្នកប្រឹងតែធ្វើការ ហើយមិនឱ្យខ្លួនឯងសម្រាកខ្លះ។ ផ្ដល់ពេលវេលាឱ្យខ្លួនឯងសម្រាកខ្លះ។ គន្លឹះសំខាន់នោះគឺថាអ្នកត្រូវមានទម្លាប់ជាក់លាក់មួយដែលឱ្យសញ្ញាទៅខួរក្បាលខ្លួនឯងថា ពេលធ្វើការបានបញ្ចប់ហើយ និង ដល់ពេលត្រូវសម្រាកហើយ។ វិធីសាស្ត្រនេះអាចជួយឱ្យផ្លូវចិត្តរបស់អ្នកអាចបែងចែករវាងការងារ និង ពេលវេលាផ្ទាល់ខ្លួនបាន។ បើទោះបីជាទំនួលខុសត្រូវរបស់អ្នកច្រើនជាងអ្នកដទៃក៏ដោយ ត្រូវចាំថាវាសំខាន់ណាស់ក្នុងការសម្រាកផ្ដល់ពេលវេលាឱ្យខ្លួនឯង ទោះពេលសម្រាកនោះមានត្រឹមមួយម៉ោង ឬកន្លះម៉ោងក៏ដោយ។ ទុកការងារមួយឡែកសិន មកសម្រាកជាមួយសកម្មភាពដែលខ្លួនឯងចូលចិត្តដូចជាការស្ដាប់តន្ត្រី មើលរឿងអីជាដើម។
៥. រកទម្លាប់ណាដែលមានន័យសម្រាប់ខ្លួនឯង
ស្វែងរកទម្លាប់មួយដែលជួយឱ្យអ្នករីករាយ ឬជួយឱ្យអ្នកភ្លេចរឿងរ៉ាវពាក់ព័ន្ធនឹងការងារបាន។ ទម្លាប់ទាំងនោះអាចជាការអានសៀវភៅ គូរគំនូរ ឬទៅហាត់ប្រាណជាដើម។ សកម្មភាពទាំងនោះគឺជួយរំឭកអ្នកថាមានរឿងច្រើនក្នុងជីវិតដែលអ្នកត្រូវធ្វើ មិនមែនត្រឹមតែធ្វើការមួយមុខនោះទេ។ ដោយឡែក ប្រសិនបើការងាររបស់អ្នកច្រើនលើសលប់រហូតគ្មានពេលទៅធ្វើសកម្មភាពដូចបានរៀបរាប់មុននេះ អ្នកអាចស្វែងរកជំនួយបានដូចជាក្រុមគ្រួសារ ឬ មិត្ដភក្តិជាដើម ពួកគេសុទ្ធតែជាប្រភពសំខាន់ក្នុងការជួយសម្រួលផ្លូវអារម្មណ៍យើងបាន៕
ប្រភព៖ VN Express