សកម្មភាព ៣ យ៉ាង ធ្វើឱ្យកន្លែងធ្វើការក្លាយជាសមរភូមិត្រជាក់ ប្រៀបដូចជម្លោះក្នុងវាំងដំណាក់ក្រោយ
ម្នាក់ៗនៅកន្លែងធ្វើការចង់តែសុខ ចង់តែរីកចម្រើន តែទោះយ៉ាងណា កន្លែងមួយចំនួនមានបុគ្គលខ្លះបាន និង កំពុងធ្វើសកម្មភាពដែលធ្វើឱ្យទំនាក់ទំនងរវាងក្រុមការងារក្លាយជាជម្លោះបែកផ្សែង ឬ ដូចគេប្រៀបទៅនឹងជម្លោះក្នុងរាជវាំង។ ខាងក្រោមនេះ ជាអាកប្បកិរិយា ៣ យ៉ាង ធ្វើឱ្យក្រុមការងារក្លាយទៅជាសត្រូវ។
១. និយាយដើម និង ចែកចាយពាក្យចចាមអារ៉ាម
ការនិយាយដើម និង ចែកចាយរឿងចចាមអារ៉ាម អាចធ្វើឱ្យទំនាក់ទំនងក្រុមការងារមានភាពប្រេះឆាឆាប់រហ័ស។ អាកប្បកិរិយានេះធ្វើឱ្យខូចដល់ការជឿទុកចិត្ត បង្កើតបរិយាកាសធ្វើការអាប់អួ និង កើតទៅជាអារម្មណ៍ក្បត់ និង អាក់អន់ចិត្ត។ នៅពេលរឿងផ្ទាល់ខ្លួនត្រូវផ្សព្វផ្សាយ វានឹងនាំឱ្យក្រុមការងារកើតអារម្មណ៍ខឹង ស្អប់ ឬ រហូតដល់ចង់សងសឹកវិញទៀតផងដែរ។
២. កេងប្រវ័ញ្ចប្រយោជន៍លើក្រុមការងារ
ការកេងប្រវ័ញ្ចប្រយោជន៍លើក្រុមការងារ ឬ យកគុណសម្បតិ្តលើការខិតខំប្រឹងប្រែងរបស់ពួកគេ វាអាចបង្កជាការអាក់អន់ចិត្ត និង ខឹងសម្បា។ អាកប្បកិរិយានេះធ្វើឱ្យពួកគេមានអារម្មណ៍ថា អ្នកជាមនុស្សមិនស្មោះត្រង់ មិនឱ្យតម្លៃ និង ចាត់ទុកពួកគេដូចគូប្រជែងជាជាងជាក្រុមការងារ។ ជាពិសេស ទង្វើនេះ អាចបំផ្លាញដល់ទំនាក់ទំនងបែបអាជីព និង ឆ្ពោះទៅរកកង្វះការសហការ។
៣. កង្វះទំនាក់ទំនង
ការប្រាស្រ័យទាក់ទងមិនល្អ ដូចជាមិនបញ្ចេញព័ត៌មានសំខាន់ឱ្យគ្នាដឹង ឬ ប្រើអាកប្បកិរិយាឡើងឫកពា ឬ ជះកំហឹង អាចបង្កើតជាការមិនយល់ពីគ្នាទៅវិញទៅមក បង្កជាភាពតានតឹង។ នៅពេលក្រុមការងារមិនបើកចំហ និង គ្មានភាពស្មោះត្រង់ចំពោះគ្នា វានឹងនាំឱ្យខាតបង់ទាំងសងខាង ដោយធ្វើអ្វីចេះតែសន្និដ្ឋាន កើតការយល់ច្រឡំ និង ខូចការ។ ទង្វើនេះ យូរៗទៅអាចបណ្តាលឱ្យបែកបាក់ការជឿជាក់ ក៏ដូចជាការសហការ ហើយបង្វែរមកក្លាយជាសត្រូវនឹងគ្នា៕