ដល់ខែកក្ដិកធ្លាក់ខ្យល់ តែកុំសម្រេចចិត្តការឆៅៗពេក បើនៅជំពាក់រឿង ៥ យ៉ាងនេះ ប្រយ័ត្នការរួចទឹកភ្នែក
ជាទូទៅ នៅក្នុងជីវិតចំណងអាពាហ៍ពិពាហ៍ គ្មានអ្នកណាចង់ធ្វើវាជាលើកទីពីរនោះឡើយក្នុងជីវិត ដោយសុំត្រឹមមានតែម្ដង និងអាចរស់នៅជាមួយគ្នា មើលថែគ្នាដល់ចាស់កោងខ្នងជាមួយដៃគូ មានកូនមានចៅចម្រុងចម្រើនប្រកបទៅដោយសុភមង្គល។
ដូច្នេះ មុននឹងសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ អ្នកគួរស្វែងយល់ពីសញ្ញាទាំង ៥ នេះ បើសិនជាអ្នកកំពុងជួបប្រទះគួរផ្អាកការសម្រេចចិត្តរៀបការសិន ដែលសញ្ញាទាំងនោះមានដូចជា ៖
១. រៀបការតាមការរៀបចំរបស់ឪពុកម្តាយ
តាំងពីបុរាណកាល ការរៀបការជាមួយកូនៗ គឺជាឱកាសសម្រាប់ឪពុកម្តាយបង្កើតសម្ព័ន្ធភាពជាមួយគ្រួសារដែលមានអំណាចនយោបាយ ឬសេដ្ឋកិច្ច។ នៅពេលដែលអ្នកជ្រើសរើសរៀបការជាមួយបុរសដែលអ្នកមិនបានស្រឡាញ់ អ្នកនឹងត្រូវរស់នៅពេញមួយជីវិតរបស់អ្នក ជាមួយប្តីដែលអ្នកមិនស្រឡាញ់ ទោះបីជាគាត់ “ល្អឥតខ្ចោះ” នៅក្នុងក្រសែភ្នែកឪពុកម្តាយរបស់អ្នកក៏ដោយ។ នៅពេលដែលសេចក្ដីស្នេហា មិនមាននៅក្នុងចំណងអាពាហ៍ពិពាហ៍ នោះគេមិនហៅថាសុភមង្គលឡើយ។
២. រៀបការដោយសារសម្ពាធពីមិត្តភក្តិ
នៅពេលដែលមិត្តភក្តិអ្នកបានរៀបការអស់ មានស្វាមីជោគជ័យ និងកូនៗគួរឱ្យស្រឡាញ់ គួបផ្សំនឹងពួកគេដាស់តឿនអ្នកថា «ហេតុអ្វីបានជាអ្នកមិនរៀបការ? ទាំងអស់នេះអាចបង្កើតសម្ពាធផ្លូវចិត្តដល់អ្នកបាន អាចធ្វើឱ្យអ្នកប្រញាប់ប្រញាល់រៀបការជាមួយដៃគូរដែលជាប្រភេទបុរសដែលអ្នកពុំសូវត្រូវការ ដែលការប្រញាប់រៀបការ ក្នុងស្ថានភាពបែបនេះ ក៏អាចនាំហានិភ័យទៅរកការប្រញាប់លែងលះផងដែរ។
៣. សម្រេចចិត្តរៀបការដោយចិត្តឈឺចាប់
ក្នុងករណីជាច្រើន បន្ទាប់ពីចំណងស្នេហ៍បែកបាក់គ្នា ឬសូម្បីតែការភ្ជាប់ពាក្យដែលបែកបាក់ មនុស្សតែងមានអារម្មណ៍ឈឺចាប់។ ដូច្នេះហើយមនុស្សប្រភេទនេះ ពេលជួបអ្នកដែលយល់ព្រមរៀបការជាមួយគេ គេតែងចង់រៀបការភ្លាមៗ ដើម្បីឱ្យពិភពលោកដឹងថាគេមិននៅលីវទៀតនោះឡើយ។ អាពាហ៍ពិពាហ៍ក្នុងស្ថានភាពនេះ អាចជួយអ្នកឱ្យមានគ្រួសារបាន ប៉ុន្តែពុំអាចធានារបានថាអ្នកមានសុភមង្គលជាមួយវានោះឡើយ។
៤. រៀបការដោយសារតែការគោរព និង អាណិត
ប្រហែលជារឿងចម្លែកបំផុត ដែលមនុស្សខ្លះរៀបការដោយសារពួកគេស្រឡាញ់នរណាម្នាក់ ហើយចាត់ទុកការរៀបការជាការសប្បុរស។ គេអាណិតបុរសនោះ ហើយរៀបការជាមួយគាត់ដើម្បីសម្រាលទុក្ខ ប៉ុន្តែបើអ្នករៀបការជាមួយអ្នកណាដោយចិត្តអាណិត និងមិនស្រលាញ់ អ្នកនឹងក្លាយជាមនុស្សល្អ មិនមែនជាមនុស្សមានសុភមង្គលឡើយ។ មួយទៀតសោតគាត់អាចនឹងដឹងគុណអ្នក ប៉ុន្តែគាត់ប្រហែលជាមិនស្រលាញ់អ្នកទេ។ ដូច្នេះ មុននឹងរៀបការជាមួយអ្នកណាម្នាក់ អ្នកត្រូវគិតពីខ្លួនឯងជាមុនសិន តើអាពាហ៍ពិពាហ៍នេះនឹងនាំឱ្យអ្នកមានសុភមង្គលទេ? បើមិនដូច្នេះទេ វានឹងក្លាយជាបន្ទុកមួយដែលអ្នកនឹងត្រូវទទួលពេញមួយជីវិតរបស់អ្នក។
៥. រៀបការដោយជឿលើការទស្សន៍ទាយ
ការព្រមានចុងក្រោយ គឺអ្នកមិនគួរស្វែងរកសុភមង្គលក្នុងជីវិតរបស់អ្នកតាមការទស្សន៍ទាយរបស់គ្រូទាយឡើយ។ ជាទូទៅពួកគេតែងតែនិយាយថា ប្រសិនបើអ្នករៀបការជាមួយមនុស្សក្នុងវ័យនេះ អ្នកនឹង “ដេកស៊ី” ជាដើម ផ្ទុយទៅវិញ បើអ្នករៀបការជាមួយមនុស្សវ័យមួយទៀត អាជីវកម្មនឹងបរាជ័យ ហើយអ្នកនឹងស្លាប់ទាំងក្មេង។ ជាក់ស្ដែងការព្យាករណ៍ទាំងអស់នេះមិនមានមូលដ្ឋានវិទ្យាសាស្រ្តទេ ខណៈករណីដ៏កម្រដែលពួកគេទាយហើយត្រឹមត្រូវគឺគ្រាន់តែជាសំណាងប៉ុណ្ណោះ។ ដូច្នេះកុំយកជីវិតអាពាហ៍ពិពាហ៍របស់អ្នក ទៅដាក់លើបាតដៃរបស់គ្រូទាយឱ្យសោះ៕
ប្រភព ៖ Phunutoday