ធ្វើការឧស្សាហ៍មួម៉ៅ កើតចិត្តខឹងស្អប់ ច្រណែនឈ្នានីសគេ អ្នកវិទ្យាសាស្ត្រឱ្យធ្វើរឿងមួយនេះបន្ទាន់ ចៀសវាងឆ្កួតចិត្ត
រយៈកាលប្រមាណទសវត្សរ៍ចុងក្រោយ ការសមាធិត្រូវបានទទួលស្គាល់ពីសំណាក់អ្នកខាងវេជ្ជសាស្ត្រ និង វិទ្យាសាស្ត្រ ខណៈដែលកន្លងមកមនុស្សមួយចំនួនធំ ជាពិសេសយុវវ័យតែងគិតថា ការសមាធិគឺជារបៀបបុរាណធ្វើឡើងសម្រាប់តែមនុស្សចាស់ ដូនជី ព្រះសង្ឃ និង ធ្វើឡើងនៅតែវត្តអារាមប៉ុណ្ណោះ។
ការសមាធិគឺជាដំណើរតាំងស៊ប់មាំនៃចិត្តឬការតម្កល់ចិត្តយ៉ាងមាំ។ មនុស្សគ្រប់រូប គ្រប់វ័យអាចធ្វើការសមាធិបាន ដោយគ្រាន់តែអង្គុយនៅកន្លែងស្ងប់ស្ងាត់ ខ្យល់អាកាសល្អ បិទភ្នែក ផ្តោតអារម្មណ៍តាំងចិត្ត ដកដង្ហើមចូល ដកដង្ហើមចេញ។ ការតាំងសមាធិអាចគិតថាងាយស្រួល ប៉ុន្តែដើម្បីសមាធិបានត្រូវហ្វឹកហាត់ចិត្ត និង អភិវឌ្ឍន៍ចិត្តជាចម្បង។
បើតាមខ្លឹមសារសរសេរនៅក្នុងសៀវភៅសមាធិដែលរៀបរៀងដោយព្រះបាឡាត់ សម្បត្តិសុវណ្ណ (ម៉ា សុរិន ភិក្ខុ) ព.ស ២៥៣៦ ការហ្វឹកហាត់ចិត្តគឺជាការរៀនស្គាល់ខ្លួនឯង និង ស្គាល់ធម្មជាតិដោយចិត្តទៀងត្រង់ និង ជ្រះថ្លា។ រីឯការអភិវឌ្ឍន៍ចិត្តគឺជាការលើកកម្ពស់ចិត្តរបស់ខ្លួនប្រកបដោយគុណធម៌ សេចក្តីល្អ សេចក្តីហ្មត់ចត់ និង សេក្តីរីករាយ។
បច្ចុប្បន្នភាពមមាញឹកជាមួយការងារ និង ការរងសម្ពាធពីសង្គមផ្សេងៗ បានធ្វើឱ្យមនុស្សមានអារម្មណ៍ស្ត្រេស ស្មុគស្មាញ តប់ប្រមល់ គេងមិនលក់ ខ្លះរហូតដល់កើតជំងឺបាក់ទឹកចិត្តទៀតផង។ ការសមាធិគឺជាឱសថដ៏ស័ក្តិសិទ្ធមួយ ដែលអាចជួយរំសាយអស់រាល់ទុក្ខសោកសៅទំាងនេះ រួមទាំងទប់ស្កាត់សំរាមផ្លូវចិត្តមានដូចជាកំហឹង ការរវើរវាយ ស្អប់ ប្រចណ្ឌ ច្រណែនឈ្នានីស ព្រួយបារម្ភ ភ័យខ្លាច ប៉ងអាក្រក់លើកអ្នកដទៃ តូចចិត្ត និង អន់ចិត្ត ដែលធ្វើទុក្ខបុកម្នេញនាំសេចក្តីលំបាករឿយៗនៅក្នុងចិត្ត។
តាមការស្រាវជ្រាវជាច្រើននៅលើពិភពលោក ការតាំងសមាធិបានជួយយ៉ាងច្រើនចំពោះបញ្ញាស្មារតី រួមទាំងផ្នែកសុខភាពរាងកាយផងដែរ។ ជាពិសេស អ្នកធ្វើការដែលចេះតែកើតអារម្មណ៍មួម៉ៅ កើតចិត្តស្អប់ កើតចិត្តច្រណែនឈ្នានីស និង ខឹងគុំកួនគេតែម្នាក់ឯង អ្នកវិទ្យាសាស្ត្របានផ្តល់ដំបូន្មាន គួរឧស្សាហ៍ធ្វើការសមាធិពី ១០ ទៅ ២០ នាទីក្នុងមួយថ្ងៃ ដែលវាអាចជួយរំសាយអារម្មណ៍ និង ធ្វើឱ្យផ្លូវចិត្តស្ងប់សុខ ពុំដូច្នោះទេ វាអាចវិវឌ្ឍន៍ទៅជាជំងឺថប់បារម្ភឬរហូតដល់មានបញ្ហាផ្លូវចិត្តទៅថ្ងៃក្រោយ៕