អ្នកជិតខាងល្អ ៥ ប្រភេទនេះ បើបានជួបហើយគួររាប់អានគ្នា បង្កើតទំនាក់ទំនងល្អ សម្លមួយចានហុចទៅហុចមក
អ្នកជិតខាងប្រៀបបីដូចជាមិត្តភក្តិជិតស្និទ្ធ ឬ សាច់ញាតិមួយទៀតផងដែរ។ កាលណាមានការ ឬ ទុក្ខធុរៈ អ្នកជិតខាងតែងជាអ្នកនៅក្នុងភូមិផងរបងដែលអាចជួយគ្នាបានមួយគ្រា។ ការមានទំនាក់ទំនងល្អជាមួយអ្នកជិតខាង អាចផ្តល់ប្រយោជន៍ច្រើនដូចជា ជួយរក្សាសុវត្ថិភាពគ្នា បង្កើតជាសហគមន៍ធ្វើឱ្យការរស់នៅរីករាយ ជួយគ្នាទៅវិញទៅមក និង ការពារការកើតជាជម្លោះ…ជាដើម។ ខាងក្រោមនេះជា អ្នកជិតខាង ៥ ប្រភេទ បើបានរស់នៅក្បែរគ្នាហើយ អ្នកគួរបង្កើតទំនាក់ទំនងឱ្យល្អ នោះគ្រួសារនឹងរស់នៅប្រកបដោយភាពរីករាយ និង សុខសាន្តទាំងអស់គ្នា។
១. អ្នកជិតខាងរួសរាយ
អ្នកជិតខាងប្រភេទនេះពួកគេងាយស្រួលទំនាក់ទំនងណាស់។ ជារឿយៗឱ្យតែពេលឃើញមុខ ពួកគេតែងរាក់ទាក់ដោយទឹកមុខញញឹមឬនិយាយបន្តិចបន្តួចក៏អស់ចិត្ត បើមានការអីគេជួយបានគេនឹងជួយភ្លាមៗ។ ភាគច្រើនពួកគេមិនសម្តែងដើម្បីប្រយោជន៍នោះទេ ពោលពួកគេគ្រាន់តែចង់បង្កើតទំនាក់ទំនងដើម្បីរស់នៅរីករាយទាំងអស់គ្នា។ ការបង្កើតទំនាក់ទំនងល្អជាមួយអ្នកជិតខាងប្រភេទនេះ អាចជួយបង្កើតមិត្តភាព និង ចងសម្ព័ន្ធភាពគ្នាជាសហគមន៍។
២. អ្នកជិតខាងដែលតែងតែសង្កេតមើលអ្នក ហើយជួយយកអាសា
អ្នកជិតខាងដែលតែងតែសង្កេតមើលអ្នក និង សង្កេតមើលពីសកម្មភាពរបស់អ្នក មិនមែនមកពីគេចង់ដឹងចង់ឮរឿងរបស់អ្នកនោះទេ ជួនកាលពួកគេគ្រាន់តែចង់ឃើញថាតើមានអ្វីដែលប្លែកពីការរស់នៅរបស់ពួកគេតែប៉ុណ្ណោះ។ អ្នកជិតខាងប្រភេទនេះប្រៀបបីដូចជាសន្តិសុខបន្ថែមសម្រាប់ឃ្លាំមើលផ្ទះរបស់អ្នក។ កាលណាមានអ្វីខុសប្រក្រតី ពួកគេអាចនឹងជួយ ឬ ផ្តល់ដំណឹងដល់អ្នកភ្លាមៗ ដូចជាករណីមានមនុស្សប្លែកមុខចូលផ្ទះ ឬ មានចោរចូលផ្ទះពេលអ្នកមិននៅ ជាដើម។ បើអ្នកមានធុរៈចេញទៅក្រៅ អ្នកអាចផ្តែផ្តាំអ្នកជិតខាងប្រភេទនេះ។
៣. អ្នកជិតខាងពូកែជំនាញច្រើនមុខ
អ្នកជិតខាងមានជំនាញច្រើនមុខអាចជាប្រយោជន៍ជួយអ្នកម្តងម្កាលបាន។ ពួកគេអាចចេះជំនាញច្រើនយ៉ាងដូចជា ជួសជុល រៀបចំសួនច្បារ ឬមានឧបករណ៍ដែលអ្នកត្រូវការប្រើប្រាស់ម្តងម្កាលជាដើម។ ពេលដឹងថាអ្នកជិតខាងចេះ មិនមែនយើងត្រូវតែប្រើគេនោះទេ យើងអាចពឹងពាក់គេយូរៗម្តង និង ពឹងពាក់ដោយប្រើពាក្យសម្តីប្រកបដោយការគោរពផងដែរ។ អ្នកក៏គួរប្រាប់ពួកគេវិញផងដែរថាអ្នកចេះអ្វីខ្លះ និង មានឧបករណ៍អ្វីខ្លះ ងាយស្រួលអាចពឹងពាក់គ្នាទៅវិញទៅមក។
៤. អ្នកជិតខាងមានក្មេងតូច
អ្នកជិតខាងមានកូន និង ជាក្មេងតូចៗអាចល្អបំផុតសម្រាប់អ្នក ជាពិសេសបើអ្នកមានកូន អ្នកអាចនាំឱ្យពួកគេលេងជាមួយគ្នា ហើយចំណែកឪពុកម្តាយអាចចែករំលែកគ្នានូវគន្លឹះទាក់ទងនឹងគ្រួសារ ការចិញ្ចឹមកូន និង ការមើលថែកូនផងដែរ។
៥. អ្នកជិតខាងជាមនុស្សមានសុជីវធម៌ និង ជាមនុស្សចាស់ប្រកបដោយធម៌
អ្នកជិតខាងជាមនុស្សចាស់រមែងមានបទពិសោធខ្ពស់ ហើយអាចចែករំលែកអ្នកបានច្រើនយ៉ាង។ ពួកគេអាចផ្តល់យោបល់ល្អៗ ជាពិសេសបញ្ហាក្នុងការរស់នៅ។ អ្នកជិតខាងបែបនេះ រមែនមិនមើលបំណាំយើងទេ តែជួយយកអាសាយើងតាមដែលអាចជួយបានទៀតផង។ អ្នកជិតខាងបែបនេះ ពេលខ្លះមុខផ្ទះយើងស្អាតជាប់ជានិច្ចថែមទៀត៕