បើទាក់ទងភ្ញៀវមិនដែលបាន សាកល្បងសិល្បវិធីទាក់ទងបែបនេះវិញ ដឹងតែមានប្រសិទ្ធភាព
គេថាសិល្បៈនៃការទំនាក់ទំនងគឺជាភាសានៃការដឹកនាំ។ ការរក្សាទំនាក់ទំនងជាមួយអតិថិជនបានល្អគឺជានាវាដឹកនាំអាជីវកម្មឆ្ពោះទៅរកភាពជោគជ័យ។ ពេលនិយាយវាអាចស្រួល តែអ្នកដែលទទួលយកទៅអនុវត្ត វាមិនមែនជារឿងងាយប៉ុន្មានឡើយ។ ចុះតើយើងគួរធ្វើការទំនាក់ទំនងយ៉ាងដូចម្តេចជាមួយអតិថិជន ដើម្បីរក្សាបានចំណងរឹងមាំ បានយូរអង្វែង និងជាទំនាក់ទំនងមួយដែលប្រកបដោយទំនុកចិត្ត? ចំណុចខាងក្រោមនេះអាចនឹងជួយបំភ្លឺដល់អ្នក៖
១. កុំនិយាយថាអ្នកមិនអាចធ្វើបាន
នៅពេលបន្ទាប់ បើអ្នកចរចាជាមួយភ្ញៀវ អ្នកគួរតែនិយាយអ្វីដែលអ្នកអាចធ្វើបាន និងផ្តល់ការលម្អិតដែលពាក់ព័ន្ធ សំខាន់ត្រូវតែស្មោះត្រង់។ ឧទាហរណ៍ ជំនួសឱ្យការនិយាយថា «យើងមិនអាចផ្ញើផលិតផលឱ្យអ្នកថ្ងៃនេះបានទេ ដោយសារយើងត្រូវការពេលបន្ថែមសម្រាប់ការរៀបចំ ប៉ុន្តែអ្នកនឹងទទួលបានផលិតផលដែលមានគុណភាព និងតម្លៃពិសេសជាងគេនៅលើទីផ្សារ» អ្នកអាចនិយាយថា «យើងអាចផ្តល់ឱ្យអ្នកនូវផលិតផលមានគុណភាពល្អបំផុត និងតម្លៃពិសេសជាងគេនៅលើទីផ្សារ ហើយដើម្បីធ្វើវាបានវាតម្រូវឱ្យអ្នករង់ចាំពេលបន្តិចដើម្បីធ្វើវាឱ្យឥតខ្ចោះ»។
២. និយាយក្រៅប្រធានបទ តែត្រូវសភាពការណ៍
ពេលនិយាយរឿងការងារជាមួយអតិថិជនរួច អ្នកអាចច្បិចជជែកជាមួយពួកគេបន្ថែមតិចតួចទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃដូចជា ការស្លៀកពាក់ កូន របស់ដែលកំពុងប្រើប្រាស់ ឬអ្វីដែលមើលទៅពួកគេចូលចិត្ត។ បើនិយាយចំចំណុចណាមួយមើលទៅពួកគេចាប់អារម្មណ៍ អាចផ្តោតនិយាយពីវាឱ្យបានច្រើន ដែលវានឹងធ្វើឱ្យពួកគេរីករាយហើយចូលចិត្តអ្នកផងដែរ។
៣. មិនត្រូវលើសពីមិត្ត
ថ្វីដ្បិតនិយាយជាមួយភ្ញៀវមានអារម្មណ៍ស្និទ្ធស្នាល តែភ្លាមៗមិនគួរបបួលពួកគេទៅណាមួយដូចមិត្តភក្តិនោះទេ ព្រោះវាអាចធ្វើឱ្យភាពជាអាជីពរបស់អ្នកធ្លាក់ចុះ។ មិនគួរបបួលពួកគេទៅចូលរួមកម្មវិធីជួបជុំមិត្តភក្តិ ឬកម្មវិធីគ្រួសារជាដើម។ អ្វីដែលត្រូវធ្វើ ប្រតិបត្តិការងារតាមបែបធម្មតា រក្សាឱ្យជាប់សិន និងព្យាយាមផ្តោតលើគុណភាព។
៤. កុំមើលភ្ញៀវតែសម្បកក្រៅ
ពិតប្រាកដណាស់គេថាកុំមើលមនុស្សតែសម្បកក្រៅ ដូចអតិថិជនខ្លះស្លៀកពាក់ស្អាតៗ តែក្នុងខ្លួនមានលុយចាយមិនដល់ចុងខែ ជួនជំពាក់គេវ័ណ្ឌក ឯភ្ញៀវខ្លះស្លៀកពាក់សាមញ្ញៗ តែក្នុងខ្លួនលុយចាយមិនអស់ ជួនជាសេដ្ឋីទៀត។ ដូចនេះមិនថាផលិតផលអ្នកខ្ពស់លំដាប់ណា គួរកុំមើលស្រាលអតិថិជនដោយគ្រាន់តែឃើញនឹងភ្នែក។
៥. រក្សាភាពស្មោះត្រង់
ភាពស្មោះត្រង់គឺជាច្បាប់មួយដែលធ្វើឱ្យអ្នកក្លាយជាអ្នកអាជីពម្នាក់ដែលភ្ញៀវបាត់មុខមិនបាន។ ត្រូវស្មោះត្រង់ជាមួយភ្ញៀវ បើនិយាយថាមានអ្វី ត្រូវប្រាកដថាមានហ្នឹង កុម្មង់អ្វីដឹងតែដូចរបស់បង្ហាញហ្នឹង ម៉ូដអ្វីចេញម៉ូដហ្នឹង។ បើថាបានតែមាត់ តែគុណភាពមិនដូច ភ្ញៀវបានតែម្តងដឹងតែបាត់ខ្លួន។
៦. សកម្មទំាងទូរស័ព្ទ និងការណាត់ជួប
ការផ្ញើអ៊ីម៉ែល (email) ទៅកាន់ភ្ញៀវជាវិធីទំនាក់ទំនងផ្លូវការ។ ពិតណាស់វាមិនខុសនោះទេ យើងអាចផ្ញើវានៅពេលអតិថិជនចង់បានព័ត៌មាននៃការស្នើសុំដែលលម្អិត និងច្បាស់លាស់។ បន្ថែមលើសពីនេះ រឿងមួយសំខាន់ដែលនឹងធ្វើឱ្យទំនាក់ទំនងកាន់តែមានប្រសិទ្ធភាព គឺការទូរស័ព្ទទំនាក់ទំនងផ្តល់ព័ត៌មាន បើអាចសុំធ្វើការណាត់ជួបដែលជាវិធីធ្វើឱ្យការងារកាន់តែឆាប់បានផល។ បើមិនជឿអ្នកអាចសុំធ្វើការណាត់ជួបត្រឹមតែ៣០នាទី ធានាថាវាពិតជាមានភាពខុសគ្នានឹងការផ្ញើត្រឹមតែអ៊ីម៉ែល។
៧. កុំឆេវឆាវ
នៅពេលអតិថិជននិយាយមិនពេញចិត្តអ្វីមួយមិនថាការជួបផ្ទាល់ឬតាមរយៈអ៊ីម៉ែល ដាច់ខាតកុំឆេវឆាវនិយាយតបតបែបកំហឹងទៅកាន់ពួកគេ។ គួររក្សាភាពស្ងៀមស្ងាត់ និងស្វែងរកដំណោះស្រាយវិញ។ អាចថាភ្ញៀវក៏ដូចយើងដែរ មិនអាចសប្បាយចិត្តរាល់ថ្ងៃនោះទេ ជួនអាចថាមកពីសេវាកម្មឬផលិតផលរបស់យើងមិនទាន់ដល់ការរំពឹងទុករបស់ពួកគេ។
៨. ទំនុកចិត្តលើផលិតផល
វានឹងក្លាយជារឿងងាយស្រួលនៅពេលអ្នកបានបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន តែត្រូវប្រាកដថាផលិតផល និងសេវាកម្មដែលអ្នកផ្តល់ឱ្យអាចធ្វើឱ្យពួកគេមានអារម្មណ៍វិជ្ជមាន ចង់ណែនាំបន្តទៅកាន់អ្នកបន្តបន្ទាប់នៅជុំវិញខ្លួនពួកគេ។ ដូច្នេះនៅពេលសេវាកម្មល្អ ទំនាក់ទំនងក៏ល្អ ទាំងអ្នក ទាំងផលិតផល ក៏ដូចជាក្រុមហ៊ុននឹងមានទីផ្សារតាមរយៈអតិថិជនតតគ្នាដោយឯកឯង។
៩. ត្រូវមានមហិច្ឆតា
អ្នកនឹងមិនដឹងឡើយថាមានអ្វីកើតឡើងខ្លះចំពោះការធ្វើជំនួញ តែយ៉ាងណា ពេលចេញធ្វើទីផ្សារ ធ្វើជំនួញ អ្នកចាំបាច់គិតក្នុងផ្លូវវិជ្ជមាន ត្រូវមានមហិច្ឆតា និងជឿជាក់លើខ្លួនឯងឱ្យបានច្រើន។ ការមានទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង ហើយធ្វើអ្វីមើលមុខមើលក្រោយ នោះភាគរយភាពបរាជ័យនឹងមានតិចបំផុតឬអាចថាគ្មានតែម្តង៕