១៦ ចំណុចត្រូវដឹង បើចង់ដាក់ពាក្យប្រឡងគ្រូបង្រៀនកម្រិតឧត្តម នៅថ្ងៃ ១៥ សីហាខាងមុខនេះ
ក្រសួងអប់រំយុវជននឹងកីឡា នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើស គ្រូបង្រៀនកម្រិតឧត្ដមចំនួន ១០០០ នាក់ តាមប្រព័ន្ធបណ្ដុះបណ្ដាល «បរិញ្ញា+១» និង ចំនួន ១០០ នាក់ តាមប្រព័ន្ធបណ្ដុះបណ្ដាល «បរិញ្ញា+២» ដែលសម័យប្រឡងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១ ខាងមុខនេះ ។
ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសនេះ ក្រសួងអប់រំបានបញ្ជាក់ពីតម្រូវការ ១៦ ចំណុចដែលបេក្ខជនត្រូវធ្វើ ក្នុងនោះមានដូចជា ៖
១. បេក្ខជនអាចទាញយកសំណុំលិខិតសុំចុះឈ្មោះប្រឡងជ្រើសរើសពីគេហទំព័ររបស់ក្រសួងអប់រំ យុវជន និង កីឡា www.moeys.gov.kh និងគេហទំព័ររបស់វិទ្យាស្ថានជាតិអប់រំ www.nie.edu.kh មកបំពេញ ។
២. បេក្ខជនដែលមានសញ្ញាបត្រផ្សេងអាចជ្រើសយកឯកទេសដូចខាងក្រោម ៖
៣. ចំពោះអតីតគរុនិស្សិត (បរិញ្ញាបត្រ+១) ដែលធ្លាប់បានទទួលការបណ្ដុះបណ្ដាល នៅវិទ្យាស្ថានជាតិអប់រំ ហើយសាមីខ្លួនពុំបានទៅបំពេញការងារតាមការចាត់តាំងរបស់ក្រសួង ឬធ្លាប់បានលុបឈ្មោះចេញពីបញ្ជី គរុនិស្សិត ពុំអនុញ្ញាតឱ្យដាក់ពាក្យសុំចុះឈ្មោះប្រឡងបានឡើយ ទោះបីប្រឡងជាប់ហើយបន្លំចូលរៀន ក៏នឹងត្រូវលុបឈ្មោះចេញពីបញ្ជីគរុនិស្សិតវិញដោយស្វ័យប្រវត្តិ ព្រមទាំងទទួលទោសតាមច្បាប់ជាធរមាន ។
៤. បេក្ខជនត្រូវជ្រើសរើសប៉ុស្តិ៍ មុនការប្រឡងជ្រើសរើសទៅតាមតារាងកំណត់ប៉ុស្តិ៍របស់ក្រសួង និង តាមតម្រូវ ការរបស់អង្គភាពវិទ្យាល័យ ។
៥. បេក្ខជនជាបុគ្គលិកមានសិទ្ធិជ្រើសរើសវិទ្យាល័យណាមួយក្នុងរាជធានីខេត្ត ដែលខ្លួនកំពុងបម្រើការងារ តាម ការកំណត់របស់ក្រសួង លើកលែងតែបេក្ខជនជាបុគ្គលិកក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ត្រូវជ្រើសរើសប៉ុស្តិ៍នៅរាជធានីភ្នំពេញ ។
៦. បេក្ខជនដែលជាបុគ្គលិកអប់រំ បន្ទាប់ពីប្រឡងជាប់ត្រូវយកលិខិតផ្ដាច់ការងារពីអង្គភាពរបស់ខ្លួនទៅតម្កល់ទុក នៅវិទ្យាស្ថានជាតិអប់រំ ដើម្បីធានាឱ្យមាននិយ័តភាពនៃការសិក្សា ដោយរក្សាបៀវត្ស និងប្រាក់បំណាច់មុខងារ នៅដដែល តែមិនត្រូវទទួលប្រាក់អាហារូបករណ៍ពីរដ្ឋឡើយ ។
៧. ក្រោយពេលប្រឡងជាប់ បេក្ខជនត្រូវដាក់ពាក្យចូលរៀនតាមកាលបរិច្ឆេទកំណត់របស់វិទ្យាស្ថានជាតិអប់រំ ។ ក្នុងករណីអវត្ដមានរយៈពេលមួយសប្តាហ៍នៃដើមបវេសនកាល វិទ្យាស្ថានជាតិអប់រំត្រូវលុបឈ្មោះចេញពីបញ្ជី គរុនិស្សិត ។
៨. បេក្ខជនដែលក្លែងបន្លំសំណុំលិខិតនៃការប្រឡងត្រូវលុបឈ្មោះចេញពីបញ្ជីគរុនិស្សិត ។
៩. បេក្ខជនដែលបន្លំដាក់ពាក្យប្រឡងជ្រើសរើសមុខវិជ្ជាឯកទេសខុសពីសញ្ញាបត្ររបស់ខ្លួន ដែលមាននៅក្នុង សេចក្តីជូនដំណឹង នៅពេលរកឃើញនឹងត្រូវលុបឈ្មោះចេញពីបញ្ជីគរុនិសិ្សត ។
១០. បេក្ខជនដែលបន្លំសញ្ញាបត្រ នឹងត្រូវលុបឈ្មោះជាស្វ័យប្រវត្តិ នៅពេលរកឃើញ ព្រមទាំងទទួលទោសតាមច្បាប់ជាធរមាន ។ ចំពោះសញ្ញាបត្រដែលមិនមានបិទរូបថត ត្រូវយកអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួននិស្សិត មកផ្ទៀងផ្ទាត់ ។
១១. ចំពោះបេក្ខជនជាបុគ្គលិកដែលជ្រើសរើសប៉ុស្តិ៍ខុសពីរាជធានី -ខេត្ត ដែលខ្លួនកំពុងបម្រើការងារ ឬខុសពី វិទ្យាល័យដែលក្រសួងបានកំណត់ ត្រូវលុបឈ្មោះចេញពីបញ្ជីគរុនិស្សិតជាស្វ័យប្រវត្តិនៅពេលរកឃើញ ព្រមទាំងទទួលទោសតាមច្បាប់ជាធរមាន ។
១២. បេក្ខជនជាបុគ្គលិក ដែលបន្លំសំណុំលិខិតជានិស្សិតសុទ្ធសាធ ត្រូវលុបឈ្មោះចេញពីបញ្ជីនិងពីក្របខ័ណ្ឌ។ ១៣. បេក្ខជនមិនអាចផ្លាស់ប្តូរប៉ុស្តិ៍តាមសហព័ទ្ធមុនពេលតែងតាំងស៊ប់ ។
១៤. នៅថ្ងៃប្រឡង បេក្ខជនទាំងអស់ត្រូវភ្ជាប់មកជាមួយនូវ កាតសម្គាល់ដែលសាមីខ្លួនបានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ។ ក្នុងករណីដែលបេក្ខជនមិនអាចទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩បាន ត្រូវមានលិខិត បញ្ជាក់ជាផ្លូវការពីមន្ទីរសុខាភិបាលរាជធានី ខេត្ត ។
១៥. បេក្ខជនណា ដែលមិនមានប័ណ្ណទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ជាផ្លូវការពីមន្ទីរ សុខាភិបាលរាជធានី ខេត្ត គណៈកម្មការរៀបចំការប្រឡងមិនអនុញ្ញាតឱ្យបេក្ខជននោះចូលរួមប្រឡងឡើយ ។
១៦. ក្នុងករណីហានិភ័យកម្រិតខ្ពស់នៃជំងឺកូវីដ-១៩ ក្រសួងនឹងរៀបចំការប្រឡងជ្រើសរើសតាមប្រព័ន្ធអេឡិចត្រូនិក ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖