បើយក ៤ ចំណុចនេះចេញពីជីវិតបាន នឹងធ្វើឱ្យអ្នកស្ងប់ចិត្តឈប់គិតច្រើនមិនខាន
មានជីវិតតែងតែជួបបញ្ហា ទោះតិច ឬ ច្រើនក្តីចៀសមិនផុតឡើយ ប៉ុន្តែបើចេះរិះរកវិធីបញ្ចៀស និង ដោះស្រាយបាន នោះនឹងល្អប្រសើរ ។ ការគិតច្រើនពេក បារម្ភច្រើនពេក និង មិនព្រមទទួលយកអ្វីដែលកើតឡើង វាជាហេតុបង្កឱ្យអ្នកកើតអារម្មណ៍ស្មុគស្មាញ ស្ត្រេស ។ អ្វីដែលសំខាន់នោះធ្វើឱ្យចិត្តអ្នកលែងស្ងប់ ហើយធ្វើអ្វីក៏មិនបានសម្រេច ។ តើធ្វើដូចម្តេចដើម្បីឱ្យចិត្តស្ងប់ និង ឈប់គិតច្រើនបាន ?
ឆ្លើយតបនឹងសំណួរនេះ យើងមាន ៤ ចំណុចដ៏ល្អប្រសើរបង្ហាញផ្លូវដល់លោកអ្នក ដើម្បីកាត់បន្ថយការគិតច្រើន និង ធ្វើឱ្យចិត្តស្ងប់ឈប់គិតច្រើនតទៅទៀតបាន ដែលមានដូចតទៅ ៖
១- កុំសូវទៅរស់នៅក្នុងអតីតកាល
រឿងណាដែលកន្លងហួសត្រូវបំភ្លេចចោលក៏បំភ្លេចចោលឱ្យអស់ បិទវាចោលឱ្យអស់ កុំឱ្យអតីតកាលមកលងបន្លាចច្រើនពេក ដោយគិតស្តាយនេះស្តាយនោះ បន្ទោសចុះបន្ទោសឡើង ទាំងរឿងបានកើតឡើងរួចហើយ នាំតែចិត្តគិតច្រើន ។
២- កុំព្រួយរឿងដែលមិនទាន់កើតឡើងច្រើនពេក
កុំបារម្ភ និង កុំព្រួយក្នុងរឿងមិនទាន់កើតខ្លាំងពេក ជួនកាលអ្វីដែលយើងតែងគិតនោះ វាមិនបានកើតឡើងឡើយ ។ ដូច្នេះកុំគិត កុំបារម្ភ កុំភ័យ កុំខ្លាចនេះខ្លាចនោះច្រើន នាំតែធ្វើឱ្យចិត្តយើងមិនស្ងប់នោះទេ ។ យ៉ាងណាបើពេលមានរឿងកើតឡើងហើយចាំដោះស្រាយទៅទើបប្រសើរ ។ និយាយរួមកុំយកខ្មោចអនាគតមកលងបន្លាចយើងអី ជួបរឿងមួយដោះរឿងមួយទៅ ល្អបំផុត ។
៣- កុំយកពាក្យសម្តីអ្នកដទៃមកបំផ្លាញសេចក្តីខ្លួនឯង
បើសិនជាពាក្យល្អណែនាំដាស់តឿន អាចទទួលយកមកដាក់ទុកក្នុងចិត្តចុះ តែបើសិនជាពាក្យឌឺដងធ្វើឱ្យក្តៅក្រហាយទេ កុំយកវាមកទុកដាក់ក្នុងចិត្តច្រើនពេក បោះវាចោលទៅ ព្រោះវានាំតែឱ្យយើងខឹងក្រោធខូចប្រយោជន៍នោះទេ ។ ត្រូវចាំកុំនាំភ្លើងមកដុតខ្លួនឯង នាំតែក្តៅ រលាក ឥតអំពើទេ ។
៤- ចេះព្រមរឿងលទ្ធផលដែលទទួលបាន
ត្រូវចេះព្រមរឿងលទ្ធផលដែលទទួលបាន កុំគិតថាអ្វីៗបានដូចចិត្តចង់នោះអី ជួនកាលយើងមិនអាចបញ្ជាឱ្យនរណាម្នាក់ធ្វើតាមអ្វីដែលយើងចង់បាននោះទេ ។ កុំគិតថាអ្វីដែលគិតនោះថាបានផលទាំងអស់នោះដែរ ពេលក៏ទទួលបាន ពេលខ្លះក៏មិនទទួលបាន ពេលខ្លះក៏ត្រូវចិត្ត ពេលខ្លះក៏មិនត្រូវចិត្តដែរ ។ ត្រូវមានចិត្តសណ្តោសគឺព្រមតាមអ្វីដែលជាការពិតនេះឯង ។
អ្វីដែលសំខាន់គឺទម្លាប់ទទួលទាន និង គេងឱ្យបានគ្រប់គ្រាន់ ហើយបើមានពេលនោះត្រូវសម្រាក ដើរកម្សាន្ត ឬ ជជែកលេងជាមួយមិត្តភក្តិ និង មានឱកាសស្តាប់ធម៌ក៏ស្តាប់ខ្លះទៅ ហើយបើអាចទៀតគឺធ្វើសមាធិកាន់តែប្រសើរឡើង ។ បើធ្វើបានដូច្នេះ នោះអ្នកនឹងលេងខ្វល់ខ្វាយគិតច្រើនទៀតហើយ ចិត្តអ្នកក៏បានស្ងប់ និង ថ្លាគំនិតមិនខាន ៕
ប្រភព៖ (ដកស្រង់ពីសង្ឃដីកាព្រះភិក្ខុ គូ សុភាព)