ខាកស្តោះផ្តេសផ្តាស តាមផ្លូវ ពាសវាលពាសកាល ធ្លាប់គិតពីអារម្មណ៍អ្នកដទៃទេ?
យើងសង្កេតឃើញថាបច្ចុប្បន្នទោះបីថាកម្រិតជីវភាពរបស់ប្រជាពលរដ្ឋមានកើនឡើងមែន ប៉ុន្តែបញ្ហាសីលធម៌ និង សុជីវធម៌ហាក់នៅមិនទាន់បានប្រសើរឡើងសោះ ។ ជាក់ស្តែងទិដ្ឋភាព និង ទង្វើមិនគប្បីមួយចំនួនរបស់ពលរដ្ឋមួយចំនួន ដូចជាការបន្ទោរបង់ (នោម) តាមទីសាធារណៈ ការខាកស្តោះ និង ការមិនគោរពគ្នានៅតាមទីសាធារណៈជាដើម កំពុងតែធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និង ភាពថ្លៃថ្នូររបស់ពលរដ្ឋកម្ពុជាទាំងមូល ។
ពិតណាស់ បើងាកមកមើលទង្វើហួសចិត្តមួយក្នុងចំណោមទង្វើហួសចិត្តជាច្រើននៅលើទ្រូងផ្លូវវិញ អ្នកពិតជាមានការខ្ពើមរអើមមិនខាន ។ អ្នកបើកបរមួយចំនួនមិនថា ក្មេង ចាស់ ប្រុស ស្រី ទាំងអ្នកមានទ្រព្យសម្បត្តិជិះរថយន្តទំនើប ទាំងអ្នកមានជីវភាពមធ្យម និង ខ្សត់ខ្សោយ ពេលខ្លះពួកគេបានខាកស្តោះនៅពេលដែលពួកគេកំពុងបើកបរ ដោយមិនមានអារម្មណ៍ខ្មាសអៀន និង ថាអ្វីដែលពួកគេបានធ្វើអាចប៉ះពាល់ដល់អ្នកដទៃឡើយ ។
ការខាកស្តោះផ្តេសផ្តាស និង ពាសវាលពាសកាលដោយគ្មានសណ្តាប់ធ្នាប់នៅលើដងផ្លូវសាធារណៈទាំងពេលកំពុងបើកបរ ជារឿងមិនសមរម្យ និង ស័ក្តិសមទាល់តែសោះ ព្រោះការព្រឹត្តបែបនេះជាទង្វើអសុជីវធម៌ និង គ្មានអនាម័យមួយសម្រាប់អ្នកបើកបរ ដោយវាបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃដែលកំពុងរួមដំណើរលើផ្លូវតែមួយជាមួយគ្នាជាខ្លាំង ។ យើងដឹងហើយថា កំហាកគឺជាទឹកមាត់ ស្លេស្ម ឬ អ្វីៗដែលដោយនឹងទឹកមាត់ខាកចេញមកក្រៅ ។ បើនៅពេលយើងកំពុងបើកបរ ហើយស្រាប់តែខាកស្តោះ តើកំហាកនោះនឹងខ្ទាតទៅណា ? ប្រាកដណាស់ច្បាស់ជាទៅប៉ះពាល់ដល់អ្នកណាម្នាក់មិនខានដែលកំពុងធ្វើដំណើរតាមពីក្រោយលើផ្លូវរួមជាមួយគ្នា ហើយចៀសមិនផុតនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់គេជាមិនខាន ។
ដូច្នេះ ជាការចែករំលែកមួយ បើសិនចង់ខាកស្តោះយ៉ាងណានោះ គួរណាស់អ្នកត្រូវតែបញ្ឈប់ការបើកបរមួយរយៈខ្លីសិន ហើយរកន្លែងគួរណាមួយសមគួរដើម្បីធ្វើរឿងនេះបាន ។ មួយវិញទៀតអ្នកក៏អាចបង្អង់ល្បឿនរថយន្ត ឬ ម៉ូតូ កង់ ជាដើម ដោយការសសៀរសន្សឹមៗអេបមកកៀនផ្លូវម្ខាង ដើម្បីធ្វើរឿងនេះក៏បានដែរ តែយ៉ាងណាក៏គួរតែមើលក្រោយឱ្យបានច្បាស់ផងថាមានអ្នកបើកបរខាងក្រោយទៀតដែរឬទេ ចៀសវាងកំហាកខ្ទាតទៅប៉ះអ្នកដទៃ ដែលនេះជាទង្វើមិនល្អឡើយ ។ ត្រូវចាំ បើមិនចង់ឱ្យគេជេរប្រមាថទេ ទោះប្រញាប់ប៉ុនណាក៏ត្រូវតែធ្វើតាមវិធីនេះ ទើបជាសុជីវធម៌ល្អ ៕