គួរទេ? ដែលអ្នកជាកូន និយាយពាក្យទាំងនេះទៅកាន់ «ម៉ែ» ពេលខ្លួនមានបញ្ហា
ស្ត្រីចំណាស់ម្នាក់ដែលគ្រប់គ្នាតែងហៅថា «ម៉ែ» រាល់ៗថ្ងៃនេះ គាត់បានបំពេញតួនាទីជាច្រើនណាស់សម្រាប់កូនៗ អ្វីដែលគាត់បានបំពេញឱ្យនោះគាត់មិនដែលគិតពីភាពហត់នឿយ អស់កម្លាំង ឬ ត្អូញត្អែរថាលំបាកម្តងណាឡើយ សំខាន់កូនៗបានស្រួលចិត្ត និង ស្រណុកកាយ ប៉ុន្តែកូនៗខ្លះបែបជាមិនបានដឹងពីទុក្ខលំបាកដែលនៅពីខាងក្រោយខ្នងគាត់ឡើយ បែរជាធ្វើទុក្ខបុកម្នេញនាំរឿងរ៉ាវអសកម្មជាច្រើនដល់គាត់ មិនតែប៉ុណ្ណោះមានកូនខ្លះទៀតថែមទាំងរអ៊ូរទាំដាក់គាត់ជាអ្នករំខាន និង ពូកែរំខាន ដល់ថ្នាក់ចាត់ទុកគាត់ជាអ្នកបម្រើដាច់ថ្លៃទៅវិញ ដោយនិយាយជាមួយពាក្យទាំងនេះទៅកាន់គាត់ទាំងគ្មានរអែងចិត្តបន្តិច នៅពេលខ្លួនជួបរឿងអស់ទាំងនេះ ៖
- «ពេលឃ្លាន» ម៉ែ ឃ្លានណាស់បានម្ហូបអីថ្ងៃហ្នឹង ?
- «ពេលហត់» ម៉ែ ថ្ងៃនេះខ្ញុំហត់ណាស់ ទៅដេកហើយ មិនបាច់ហៅទេណា !
- «ពេលពិបាកចិត្ត» ម៉ែ ម្នាក់នៅកន្លែងខ្ញុំនឹងពូកែអែបអបមេណាស់ ខ្ញុំធ្វើមិនដូចទេ ហ៊ឺ…នឹកទៅខឹងចិត្តណាស់!
- «ពេលគេចដើរលេង» ម៉ែ ថ្ងៃនេះថែមម៉ោង យប់បន្តិចបានទៅផ្ទះចាំបើកទ្វារឱ្យផង !
- «ពេលមិនស្រួលខ្លួន» ម៉ែ ខ្ញុំពិបាកក្នុងខ្លួនណាស់ សាបមាត់អស់ហើយ ទិញថ្នាំឱ្យខ្ញុំផង !
- «ពេលឈ្លោះគ្នាជាមួយស្នេហា» ម៉ែ កុំរវល់ជាមួយខ្ញុំ អាចទេមកពីខ្ញុំជាកូនម៉ែឯង ហេតុអីម៉ែឯងក្រអ៊ីចឹង ?
- «ពេលខឹងបងប្អូន» ម៉ែ ខ្ញុំអត់ខ្វល់ទេ ដោះស្រាយជាមួយកូនម៉ែឯងទៅកុំឱ្យមានរឿងដល់ខ្ញុំ !
- «ពេលកូនខ្លួនឯងឈឺ» ម៉ែ កូនខ្ញុំឈឺហើយ ហ៊ឺ…លុយក៏គ្មាន ការងារក៏ច្រើន ម៉ែឯងមានគិតជួយអីខ្ញុំខ្លះអត់ហ្នឹង ?
- «ពេលម៉ែឈឺចាស់» ម៉ែ ខ្ញុំរវល់ណាស់ ម៉ែប្រឹងសម្រាកទៅ ល្ងាចចាំខ្ញុំនាំទៅពេទ្យ ! ហើយកុំចេះតែហូបចំណីផ្តេសផ្តាសទៀត ។
- «ពេលម៉ែស្លាប់ទៅ» ម៉ែ…ហេតុអីក៏ទុកខ្ញុំចោល ម៉ែម៉េចក៏អាត្មានិយមមិនគិតកូនចៅសោះចឹង ពុទ្ធោម៉ែ…!!!
នៅមានរឿងជាច្រើនទៀតដែលកូនខ្លះពេលលំបាកហើយរត់រកម៉ែជួយ ដោយពោលពាក្យថាឱ្យ «ម៉ែ» រអ៊ូដាក់ «ម៉ែ» ទាំងដែលខ្លួនមិនទាន់បានធ្វើអ្វីជាដុំកំភួនជូនគាត់សូម្បីប៉ុនក្រចកដៃ ។ សរុបមកស្ត្រីដែលជា «ម៉ែ» ទោះជាទទួលរងនូវការរអ៊ូរទាំ និង ការពោលពាក្យសម្តីទាំងនេះពីកូនយ៉ាងណាក៏ដោយ ក៏មិនដែលបាននិយាយពាក្យថា ហត់ ពិបាក មិនសប្បាយចិត្ត គ្មានលុយ មិនស្រួលខ្លួន ទៅកាន់កូនទាំងឡាយដែរ ប៉ុន្តែបែរជាម៉ែដែលមានតែស្នាមញញឹម ទឹកភ្នែកកក់ក្តៅ ស្នាមជ្រួញលើមុខ ដៃជើងក្រិន និង ក្តីមេត្តាករុណា មិនស្តីបន្ទោសលើកូនដែលម៉ែម្នាក់នេះស្រឡាញ់លើសពីជីវិតនោះឡើយ ។
ក្រោយអានអត្ថបទនេះរួចហើយ តើអ្នកយល់យ៉ាងណា ? នេះគ្រាន់តែជាការលើកឡើងមួយជ្រុងជាគតិសម្រាប់គិតពិចារណាតែប៉ុណ្ណោះ ថាអ្នកនឹកចង់រអ៊ូរទាំ និង ធ្វើដាក់ «ម៉ែ» បែបនេះទៀតឬយ៉ាងណា ? សូមគិតឡើងវិញក្នុងនាមជាកូនៗ ព្រោះក្នុងមួយជីវិតយើងមិនមាន ម៉ែ ច្រើននាក់សម្រាប់ឱ្យរអ៊ូរទាំ និង ពោលពាក្យមិនសមរម្យទាំងនេះដាក់ឡើយ ? សូមយកពេលដែររអ៊ូរទាំនោះប្តូរមកបង្កើតរឿងសប្បាយដល់គាត់ឱ្យបានច្រើនវិញល្អជាង ៕