កុំពូកែយកខ្លួនឯងទៅប្រៀបធៀបនឹងជីវិតអ្នកដទៃខ្លាំងពេក ប្រយ័ត្នផុងខ្លួនក្នុងវិបត្តិផ្លូវចិត្ត
ពិតណាស់ សង្គមយើងបច្ចុប្បន្នគឺជាសង្គមមួយដែលពោរពេញទៅដោយការប្រកួតប្រជែង ចង់ឈ្នះ ចង់មានចង់បានជាងគ្នារៀងៗខ្លួន សូម្បីតែមិត្តភក្ដិ សាច់ញាតិ បងប្អូន ពេលខ្លះក៏អាចក្លាយជាសត្រូវនឹងគ្នាបានដែរ ព្រោះតែពាក្យថាផលប្រយោជន៍ ។
តែយ៉ាងណា ថ្វីដ្បិតតែយើងរស់នៅក្នុងសង្គមដែលប្រកួតប្រជែងមិនចេះចប់នេះ យើងក៏គួរណាស់មើលពីសមត្ថភាពរបស់ខ្លួន ជៀសវាងយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃខ្លាំងពេក នោះយើងប្រាកដជាគ្មានពេលសម្រាប់ស្វែងរក ឬយល់ដឹងអ្វីៗដែលថ្មីៗសម្រាប់ខ្លួនឯង រឹតតែគ្មានពេលស្គាល់ខ្លួនឯងឱ្យច្បាស់ថែមទៀត ។
នៅពេលដែលយើងមានសមត្ថភាពខ្លាំងជាងអ្នកដទៃ វាជារឿងមួយ តែផ្ទុយទៅវិញ បើសមត្ថភាពយើងមិនគេ នោះយើងនឹងគិតថា យើងអន់ជាងគេ មិនល្អស្មើគេ មិនឆ្លាត មិនស្អាត មិនលេចធ្លោដូចគ្នា ពេលនោះចិត្តច្រណែននឹងកើតមានឡើងបន្តិចម្ដងៗ រស់នៅក៏គ្មានក្ដីសុខ មើលរំលងពីតម្លៃរបស់ខ្លួនឯង យូរៗទៅ ក៏អាចក្លាយជាជំងឺធ្លាក់ទឹកចិត្ត (Depression) ព្រោះគិតថាឆាកជីវិតពោរពេញដោយភាពបរាជ័យ ភាពខ្មៅងងឹត គ្មានពន្លឺ មិនបានមួយចំណិតរបស់គេ ។
ដូច្នេះ សូមព្យាយាមកុំយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃដោយការច្រណែនឃើញគេល្អជាងខ្លួន ប៉ុន្ដែគួរមើលគេជាគំរូ ហើយផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯង ខំប្រឹងប្រែងដោយសមត្ថភាពខ្លួនឯង ហើយកំភ្លេចក្រឡេកទៅមើលអ្នកខ្សត់ខ្សោយជាងយើង នោះយើងនឹងឃើញថា យើងមានសំណាងជាគេឆ្ងាយណាស់ ៕