អ្នកណាថា មនុស្សស្រឡាញ់ «ពណ៌ស្វាយ» ចិត្តសាវារាយមាយ តាមពិតអត្ថន័យពិតផ្ទុយស្រឡះ
ពិតណាស់ ថ្វីដ្បិតតែមនុស្សកើតលើពិភពលោកតែមួយ ប៉ុន្ដែគ្រប់គ្នាសុទ្ធតែមានមុខមាត់ខុសៗគ្នា សូម្បីតែកូនភ្លោះដែលសម្រាលចេញពីផ្ទៃម្ដាយតែមួយ ក៏មានចំណុចខុសគ្នាខ្លះដែរ ចុះបើនិយាយពីអត្ថន័យរបស់ពណ៌ទៀតនោះ កាន់តែមិនដូចគ្នាថែមទៀត ។
កន្លងមកយើងចេះតែឮគេនិយាយតៗគ្នាថា មនុស្សដែលស្រឡាញ់ «ពណ៌ស្វាយ» មានចិត្តសាវា ចិត្តរាយមាយ មិនស្មោះត្រង់ បើនិយាយពីរឿងស្នេហាវិញ គេប្រាកដជាយល់ថា មនុស្សម្នាក់នោះគ្មានចិត្តស្មោះ ស្រឡាញ់អ្នកនេះផង អ្នកនោះផង ឆាប់បែកចិត្ត ឬគ្មានចិត្តមួយថ្លើមមួយឡើយ ។ តែផ្ទុយទៅវិញ នេះគ្រាន់តែជាពាក្យដែលគេនិយាយតៗគ្នាប៉ុណ្ណោះ តាមការពិតមនុស្សដែលស្រឡាញ់ «ពណ៌ស្វាយ» មានចិត្តស្មោះត្រង់ និង មោះមុតបំផុត ។
បើយោងតាមគេហទំព័រវិគីភីឌា និង គេហទំព័របរទេសមួយចំនួន បានបង្ហាញថា «ពណ៌ស្វាយ» តំណាងឱ្យភាពទំនើប រុងរឿង ភាពសម្បូរបែប ទ្រព្យសម្បត្តិ ប្រាជ្ញា និង ការគោរពជាដើម ហើយវាក៏ត្រូវបានគេប្រើប្រាស់ជានិមិត្តរូបនៃភាពអាថ៌កំបាំង ផងដែរ ។
លើសពីនេះ ចំពោះមនុស្សដែលស្រឡាញ់ «ពណ៌ស្វាយ» គឺជាមនុស្សមានភាពជឿជាក់លើខ្លួនឯង ជាមនុស្សឯករាជ្យ មានមហិច្ចតា និង ជាមនុស្សចូលចិត្តធ្វើអ្វីដោយខ្លួនឯង មិនចូលចិត្តពាក់ផ្អែកលើអ្នកដទៃឡើយ ។
មនុស្សជាច្រើនតែងនិយាយពីមាត់មួយទៅមាត់មួយថា មនុស្សដែលស្រឡាញ់ «ពណ៌ស្វាយ» ជាមនុស្សមានចិត្តសាវា ចិត្តរាយមាយ ប៉ុន្ដែនេះវាផ្ទុយស្រឡះ មនុស្សដែលស្រឡាញ់ «ពណ៌ស្វាយ» គឺជាមនុស្សស្មោះត្រង់បំផុត ៕