បន្ទាន់! បេក្ខជនតវ៉ារឿងធ្លាក់ មកស្ដាប់ចម្លើយក្រសួង រួចហើយសូមទៅផ្ទះវិញ ចាប់ផ្ដើមជីវិតថ្មី
ក្រោយបញ្ចប់ការប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិប្រចាំឆ្នាំ ២០១៩ នៅទូទាំងប្រទេសរួចមក ស្រាប់តែមានបេក្ខជនមួយចំនួនបានឡើងមកដល់ទីស្នាក់ការក្រសួងអប់រំ ផ្ទាល់ដើម្បីធ្វើការតវ៉ាទៅលើលទ្ធផលធ្លាក់របស់ពួកគេ ។ បេក្ខជនទាំងនោះមានការសំណូមពរដល់ក្រសួង ដើម្បីធ្វើការបូកសរុបពិន្ទុឡើងវិញ ដោយមានបេក្ខជនខ្លះលើកឡើងថា ពួកគេមិនមែនរៀនខ្សោយរហូតដល់ធ្លាក់នោះទេ ។
នៅរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់ «ប្រជាប្រិយ» តាមសារអេឡិចត្រូនិកថា មិនមានគោលការណ៍បើកចំហរជូនបេក្ខជនដូចឆ្នាំ២០១៨ទេ ។ ក្រសួងយល់ពីមនោសញ្ចេតនារបស់បេក្ខជន និង ក្រុមគ្រួសារក្រោយពីទទួលលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនីមួយៗ ។ ជាទូទៅ ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍មតិរិះគន់ស្ថាបនា និង ឆ្លើយតបតាមភាពចាំបាច់ និងតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ។
ឯកឧត្ដមបន្តថា សុក្រឹតភាព និង ប្រសិទ្ធភាពនៃគ្រប់ដំណាក់កាលប្រឡងឆ្នាំនេះ បានមកពីកិច្ចសហការណ៍របស់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមការងារកំណែក្រដាសកិច្ចការបេក្ខជន ក្រុមការងារស្រង់ បូកពិន្ទុដោយកំព្យូទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ ។ ដូច ៥ ឆ្នាំកន្លងមក ក្រសួងក៏បានទទួលកិច្ចសហការ ពីអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ សហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រសួងស្ថាប័នានា ៕